(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា មានតែមនុស្សទាល់ច្រក ទាល់គំនិតទេ ដែលមុខក្រាស់ប្រើវិធីញុះញង់ប្រជាពលរដ្ឋឲ្យធ្វើតាមគំនិតខ្លួនឯង។
លោកបានបន្តថា «សំឡេងរបស់មេឧទ្ទាមក្រៅច្បាប់ស្រែកកោកៗពីខាងក្រៅរាល់ថ្ងៃនេះ មិនខុសពីសំឡេងសត្វសុនខ ព្រុសក្រៅរបងផ្ទះនោះទេ ទោះព្រុសទាល់តែដាច់ខ្យល់ស្លាប់ ក៏មិនមានតម្លៃអ្វីដែរ»។
លោក ជុំ កុសល បានសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាពដោយសុខសាន្ត មានឱកាស មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការកសាងជីវភាព ហើយបានមើលឃើញយ៉ាងច្បាស់ពីការខិតខំកែទម្រង់ស៉ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រព័ន្ធរដ្ឋបាលសង្គមស្អាតស្អំតាមការចង់បាន។
លោកបានបន្ថែមថា ប្រជាជនកម្ពុជាឆ្អែតនឹងសង្គ្រាម តែស្រេកឃ្លានការអភិវឌ្ឍ ដូច្នេះពួកគាត់ពិតជាត្រូវការមេដឹកនាំដែលចេញមុខការពារសន្តិភាព មិនមែនអ្នកនយោបាយបំផ្លាញទេ។
«ស្ថាបនិកសន្តិភាព គឺមានការប្តេជ្ញាចិត្តថែរក្សា ការពារសន្តិភាពទោះស្ថិតក្នុងតម្លៃណាក៏ដោយ ផ្ទុយពីអ្នកមិនបានជួយជាតិទាល់តែសោះ គេមានតែផែនការបំផ្លាញជាតិ បំផ្លាញសន្តិភាពគ្រប់រូបភាព និងគ្រប់មធ្យោបាយ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជុំ កុសល។
សូមជម្រាបថា ការលើកឡើងនេះ គឺសំដៅទៅលើកមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស៕