(ភ្នំពេញ)៖ សហភាពអឺរ៉ុប តាមរយៈសេចក្តីសម្រេចរបស់ខ្លួនចុងក្រោយនេះពិតជាបានបង្ហាញថា ពួកគេបានសម្រេចបោះបង់ចោល និងបញ្ចប់ការគាំទ្រកូនជឹងជំនាន់ ទី១របស់ខ្លួននៅកម្ពុជាហើយ ព្រោះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា «ការដាក់ទណ្ឌកម្មចំពោះកម្ពុជាមានតំលៃស្មើនឹងសម្លាប់បក្សប្រឆាំង»។
តើនរណាជាកូនជឹងជំនាន់ទី១ របស់ពួកបស្ចិមប្រទេសនៅកម្ពុជា? គឺគ្មាននរណាក្រៅពីក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះឡើយ។
រយៈពេលជិត៣០ឆ្នាំនៃការវិនិយោគ និងជួយជ្រោមជ្រែងនិងលើកតម្កើងក្រោមលេស «សិទ្ធិមនុស្សនិងប្រជាធិប្បតេយ្យ» ដើម្បីប្រើប្រាស់និងសាកល្បងសមត្ថភាព របស់ក្រុមប្រឆាំងនៅកម្ពុជា ពួកបស្ចិមប្រទេសក្នុងនោះសហភាពអឺរ៉ុបគឺជាភាគីដ៏សំខាន់មួយបានចុះទុនច្រើនណាស់ ដើម្បីគាំទ្រកូនជឹងរបស់ខ្លួននៅកម្ពុជាទាំងស្មារតី ទាំងនយោបាយ, បច្ចេកទេស សម្ភារៈ និងថវិកា ក្នុងក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងអាចផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ រឺប្តូរមេដឹកនាំរដ្ឋាភិបាលដែលមាន សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាន។ ពួកគេបានប្រើគ្រប់មធ្យោបាយទាំងត្រជាក់ និងក្តៅ ទាំងចំហរនិងសម្ងាត់ទាំងស្ថាប័នសហភាពអឺរ៉ុបផ្ទាល់ និងទាំងការប្រើប្រាស់អង្គការអន្តរជាតិ និងតំបន់មួយចំនួនដើម្បីបង្វឹកផង ជំរុញផង និងធ្វើជាអ្នកកាងពីក្រោយខ្នងផង ដើម្បីឲ្យក្រុមប្រឆាំងទាំងនោះអាចធ្វើភ្លៀង ផ្គរ និងព្យុះឥតឈប់ឈរមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ។
ប៉ុន្តែបន្ទាប់ពីចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានអស់យ៉ាងសន្ធឹកសន្ធាប់ និងប្រើពេលអស់ជិត៣ទសវត្សរ៍តាំងពីកូនជឹងរបស់ខ្លួននៅក្មេងពេញកម្លាំង រហូតក្លាយជាមនុស្សចាស់ ឈឺសក់ស្កូវ វ័យជាង៧០ឆ្នាំ ទៅហើយនោះលទ្ធផលដែលរំពឹងទុកនឹងមានរដ្ឋាភិបាលអាយ៉ង របស់ខ្លួននៅកម្ពុជានៅតែងងឹតសូន្យសុងដដែល។ ផ្ទុយទៅវិញរដ្ឋអំណាចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏កាន់តែរឹងមាំនិងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លើសពេលណាៗទាំងអស់ ជាពិសេសក្នុងយុគ្គសម័យកូវិដ-១៩ ដែលរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប រាប់បញ្ចូលទាំងអ្នកប្រឆាំងផងក៏បានស្ងើចសរសើរផងដែរ។
ចំណែកឯក្រុមប្រឆាំងជាកូនអុករបស់ខ្លួនឯងវិញ បែរជារលំរលាយ បែកបាក់ បក្សពួកនិយម គ្រួសារនិយម ព្រាត់ប្រាស់ខ្ចាត់ខ្ចាយ រត់ទៅជ្រកកោនគ្រប់ច្រកល្ហកបង្កជាអម្រែកដ៏ធ្ងន់ធ្ងរ ដល់ចៅហ្វាយនាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះគឺក្បាលម៉ាស៊ីនដឹកនាំនៃក្រុមនេះ បាននិងកំពុងប្រឈមមុខនឹងបណ្តឹងរាប់មិនអស់ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលសុទ្ធសឹងតែជាបទល្មើសដែលពួកបស្ចិមប្រទេសយល់ច្បាស់ណាស់ថា ទោះជានៅក្នុងប្រទេសរបស់ពួកគេក៏ច្បាប់មិនអាចអនុគ្រោះអោយបានឡើយ។
ស្ថិតក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងផង បាក់កម្លាំងផង បាក់ទឹកចិត្តផង និងក្នុងវ័យកាន់តែចាស់ជរា បែបនេះផង ចៅហ្វាយនាយពិតជាអស់សង្ឃឹមខ្លាំងណាស់ ដោយឃើញកូនជឹងជំនាន់ទី១ របស់ខ្លួនជាប្រភេទកូនដែលចិញ្ចឹមបំបង់បាយ និងគ្មានបានការ យ៉ាងដូច្នេះ។
តាមពិត ស្ថានភាពនេះគឺមិនខុសពីការវាយតំលៃកន្លងមករបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយប្រៀបធៀបទៅនឹង «សត្វឆ្កែ២ ក្បាលដណ្តើមបាយគ្នាក្នុងចានតែ១» ពោលគឺ «បក្សប្រឆាំងរស់មិនខ្លាំង ខ្សោយមិនងាប់ រឺខ្សោយមុនងាប់»។
ស្ថានភាពដ៏ដុនដាបនិងកែមិនឡើងបែបនេះ ទោះជាបន្តគាំទ្រតទៅទៀត ក៏នឹងមិនទទួលបានផលអ្វីដែរ ក្រៅតែពីនាំឲ្យខាតបង់ពេលវេលានិងខាតធនធានឥតប្រយោជន៍។
ហេតុដូច្នេះហើយបានជាសហភាពអឺរ៉ុបសម្រេចចិត្តបោះបង់កូនជឹងជំនាន់ទី១របស់ខ្លួន តែត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះជាស្ថាពរ ហើយបែរទៅផ្តើមបណ្តុះកូនជឹងជំនាន់ថ្មីវិញម្តង ទៅតាមទ្រឹស្តីរបស់លោកខាងលិចដែលគេធ្លាប់បានអនុវត្តន៍តាំងពីសតវត្សរ៍ទី២០មក ពោលគឺ «បើកសាងដើម្បីអភិវឌ្ឍន៍មិនបាន មានតែកម្ទេចចោល ហើយកសាងថ្មីដើម្បីអភិវឌ្ឍន៍»។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យសហភាពអឺរ៉ុបឈប់គាំទ្រកូនជឹងជំនាន់ទី១របស់ខ្លួន?
ទី១៖ ភាពអសមត្ថភាព និងភាពមានះ រឹងរូសរបស់បក្សប្រឆាំង គួបផ្សំនឹងការបរាជ័យជាបន្តបន្ទាប់ក្នុងការប្រមូលកម្លាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលទាំងតាមរយៈការបោះឆ្នោតក្តី និងទាំងមធ្យោបាយផ្តួលរំលំក្រៅប្រព័ន្ធបោះឆ្នោតក្តី។ ភាពអំនួត ការប្រជែងគ្នាក្នុងក្រុម និងក្នុងបក្សដើម្បីដណ្តើម និងការពារផលប្រយោជន៍រៀងៗខ្លួន ការប្រជែងមុខមាត់គ្នាឯង ។ល។ ពិតជាបានធ្វើឲ្យក្រុមប្រឆាំងជំនាន់ទី១នេះមិនអាចប្រមូលកំលាំងសរុបបាន ហើយនៅទីបំផុតពួកគេមុជក៏មិនជ្រៅទៅក៏មិនឆ្ងាយដែរ។
ទី២៖ ទោះបីជារងសម្ពាធពីចៅហ្វាយនាយឲ្យរួបរួមគ្នាជាបក្សតែមួយក៏ដោយ ក៏ភាគី សម រង្ស៊ី និង កឹម សុខា នៅតែបន្តបែងចែកបក្សពួកធ្វើឲ្យផ្ទៃក្នុងបែកបាក់មិនអាចចូលគ្នាបាន ដែលជាសញ្ញាបញ្ជាក់ច្បាស់ថា ពួកគេ «រួបរួមចាប់ដៃគ្នាមែន ប៉ុន្តែបេះដូងមិនចូលធ្លុងគ្នាឡើយ» ឬនិយាយតាមបែបម្យ៉ាងទៀតគឺ «ធ្វើនយោបាយចាប់ដៃ ជាន់ជើងគ្នា»។
ទី៣៖ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលតាមអំណាចផ្លូវច្បាប់ សម រង្ស៊ី មិនបានបង្ហាញសមត្ថភាពបង្រួបបង្រួមដើម្បីការពារនយោបាយរបស់ខ្លួនទេ តែបែរជាឆ្លៀតឱកាសកសាងកម្លាំងផ្ទាល់ខ្លួន ក្បត់កឹមសុខា ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សដែលរលាយទៅ ហើយនោះបែកបាក់កាន់តែធ្ងន់ធ្ងរឡើងៗថែមទៀត។
ទី៤៖ ទាំងមុននិងក្រោយការចាប់ខ្លួន កឹម សុខា និងក្រោយការរំលាយបក្សសង្គ្រោះជាតិ សម រង្ស៊ី បានជ្រើសរើសយកយុទ្ធសាស្ត្រដ៏ខុសឆ្គងបំផុតដោយរត់យករួចខ្លួន ទៅសម្ងំរស់នៅបរទេស ហើយពឹងផ្អែកទាំងស្រុងលើបស្ចិមប្រទេស។ ទង្វើនេះប្រៀបដូចជាការបកស្បែកមុខចៅហ្វាយនាយរបស់ខ្លួនឲ្យគេបានឃើញកាន់តែច្បាស់ក្រឡែតថា បក្សប្រឆាំងនេះជាកូនជឹង កូនអុក របស់បរទេស។
ទី៥៖ ដើម្បីរក្សាលំនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាចបន្តរក្សាប្រយោជន៍ក្នុងភាពជាដៃគូជាមួយអាស៊ានបាន សហភាពអឺរ៉ុបគ្មានជម្រើសអ្វីក្រៅតែពីការបោះបង់ចោលកូនជឹងជំនាន់ទី១របស់ខ្លួន ហើយងាកមកបន្តធ្វើការជាមួយរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ។
ការបន្តផ្តល់ជំនួយផ្សេងៗក៏ដូចជាការសម្រេចចិត្តកាត់បន្ថយ EBA ត្រឹម ២០% ក៏ជាផ្នែកមួយដ៏សំខាន់នៃនយោបាយរបស់សហភាពអឺរ៉ុប ក្នុងការបង្ហាញពីទឹកចិត្តបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងក៏ជាសញ្ញានៃការបោះបង់ចោលកូនជឹងជំនាន់ទី១របស់ខ្លួនដែរ ពីព្រោះនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «ការផ្តាច់ EBA គឺជាការបញ្ចប់ជីវិតរបស់ក្រុមប្រឆាំង ដែលជាកូនអុករបស់ពួកបស្ចិមប្រទេស»។
ដូច្នេះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបកាត់ត្រឹម២០% គឺជាការ «សម្លាប់ដោយឈាមត្រជាក់» ចំពោះជីវិតនយោបាយរបស់ សម រង្ស៊ី និងគូកន។
ជាភស្តុតាងជាក់ស្តែង រយៈពេលចុងក្រោយនេះ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក គ្មាននរណាលើកបញ្ហា សម រង្ស៊ី មកនិយាយជាមួយរដ្ឋាភិបាលកម្ពុជាទៀតឡើយ សូម្បីតែសួរមួយ ម៉ាត់ក៏គ្មានដែរ។ ហើយបើនិយាយឲ្យចំ សម រង្ស៊ី គឺជាសន្លឹកបៀរដែលត្រូវបានគេធីបចោលទាំងស្រុងខណៈដែល កឹម សុខា គឺជាសន្លឹកបៀរតូចមួយ ដែលគេកាន់ទុកប្រើជាសង្គ្រាមចិត្តសាស្ត្រដើម្បីបង្ហាញអោយក្រុមប្រឆាំងជំនាន់ថ្មីជឿជាក់ថា «អោយតែបំរើគេ គឺគេនៅតែជួយការពារនិងគាំទ្រ» តែប៉ុណ្ណោះ។
ស្របពេលដែលកូនជឹងជំនាន់ទី១ ត្រូវបានបោះបង់ចោល កូនជឹងជំនាន់ទី២ ក៏ត្រូវបានគេផ្តើមបណ្តុះឡើងដែរ។ តើនរណាជាកូនជឹងជំនាន់ទី២របស់ពួកបស្ចិមប្រទេស?
ខ្ញុំសុំទុកមិនទាន់ទំលាយថា អ្នកណាខ្លះជាក្រុមប្រឆាំងជំនាន់ទី២ ដែលជាកូនអុកថ្មីដែលកំពុងទទួលការបណ្តុះបណ្តាល និងប្រើប្រាស់ដោយបស្ចិមប្រទេសនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំគួរតែរំលឹកនិងទាញអារម្មណ៍ក្រុមប្រឆាំងថ្មីនេះគឺថា វាសនារបស់ពួកគេក៏អាចនឹងមិនខុសគ្នាឡើយពីវាសនារបស់ក្រុមប្រឆាំងជំនាន់ទី១នោះដែរពីព្រោះ៖
ទីមួយ៖ «ការធ្វើនយោបាយតាមរយៈការឃុបឃិត និងបម្រើមហិច្ឆតាបរទេសដើម្បីបំផ្លិចបំផ្លាញជាតិឯងគឺជានយោបាយគ្មានកំណើត ដែលក្រុមប្រឆាំងជំនាន់ទី១ ធ្លាប់ទទួលការបរាជ័យដ៏ជូរចត់បំផុតព្រោះគោលការណ៍ អធិប្បតេយ្យជាតិមិនអាចសម្របសម្រួលបាននោះឡើយ» ។
ទីពីរ៖ «ធ្វើជាអ្នកប្រឆាំងជាមួយបក្សកាន់អំណាចដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺដាច់ខាតមិនអាចប្រើប្រាស់ឥទ្ធិពលបរទេស មកគំរាមកំហែង ដាក់លក្ខខណ្ឌ ឬដាក់សម្ពាធគាបសង្កត់បាននោះឡើយ ហើយបើហ៊ានដើរតាមគន្លងចាស់ដដែលនេះ នោះគឺពិតជានឹងទទួលលទ្ធផលដូច ក្រុមប្រឆាំងជំនាន់ទី១ដែរដោយចៀសមិនផុតឡើយ»។
ដោយ៖ អ្នកនយោបាយតុកាហ្វេ