(ភ្នំពេញ)៖ លទ្ធផលនៃការស្ទង់មតិរយៈពេល៧ថ្ងៃ របស់អង្គការខុមហ្វ្រែលដឹកនាំដោយ គល់ បញ្ញា បានបិទបញ្ចប់ជាមួយលទ្ធផល ៧៩% នៃប្រជាពលរដ្ឋចូលរួមបោះឆ្នោតសម្តែងមតិចំនួន ១៣៦០០ គណនីហ្វេសប៊ុកឆ្លើយថា វិធានការ រាជរដ្ឋាភិបាលដោយចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន រ៉ុង ឈុន មិនខុសច្បាប់ និងមិនរំលោភសិទ្ធិមនុស្សឡើយ ខណៈអ្នកថាសកម្មភាពនេះជាការរំលោភច្បាប់និងសិទ្ធិមនុស្សមានត្រឹមតែ ២១% ប៉ុណ្ណោះ។
លទ្ធផលនេះធ្វើឱ្យអង្គការខុមហ្វ្រែលជាពិសេស គល់ បញ្ញា និងមន្ត្រីដទៃទៀតងងឹតមុខឈឹង និងដួលអុកគូថព្រោះលទ្ធផលដែលរំពឹងទុក គឺមានការខុសគ្នាស្រឡះដូចមេឃនិងដី។ ពួកគេបានរៀបចំផែនការរួចជាស្រេច ដើម្បីដុតកំហឹងប្រជាពលរដ្ឋលើករណី រ៉ុង ឈុន ដែលត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
ប៉ុន្តែផែនការរបស់ពួកគេត្រូវបរាជ័យដោយសារតែប្រជាពលរដ្ឋលេងបណ្តាញហ្វេសប៊ុកចូលបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងគាំទ្រវិធានការរាជរដ្ឋា ភិបាលចាត់វិធានការលើក្រុមជ្រុលនិយមដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពប្រជាពលរដ្ឋ។
ក្រោយការស្ទង់មតិបានបញ្ចប់ អង្គការខុមហ្រ្វែល តាមរយៈលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិរបស់ខ្លួន ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិកាលពីល្ងាចថ្ងៃទី១៦
ខែសីហា បានបង្ហាញការទទួលស្គាល់ការបញ្ចេញ មតិក្នុងការស្ទង់មតិនេះ ប៉ុន្តែនៅវ៉ល់ៗចំពោះលទ្ធផលដោយមិនហ៊ានទទួលស្គាល់ការពិត ហើយព្យាយាមបង្វែងដាន លើលទ្ធផលនេះដោយគ្រាន់តែនិយាយថានេះគឺគ្រាន់តែជាការ បញ្ចេញមតិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ និងអះអាងថាខ្លួននឹងមិនសរសេររបាយការណ៍ ឬមិនធ្វើអត្ថាធិប្បាយលើលទ្ធផលឡើយ។ ក្រយ៉ៅពិតរបស់អង្គការខុមហ្វ្រែលក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមាននិន្នាការប្រឆាំងគឺមិនទទួល ស្គាល់ការពិតឡើយចំពោះអ្វីដែល ពួកគេបានធ្វើ។
ប៉ុន្តែទោះបីជាយ៉ាងណា លទ្ធផលនៃការស្ទង់មតិនេះត្រូវបាន ប្រជាពលរដ្ឋបានដឹងឮគ្រប់ជ្រុងជ្រោយ និងយល់ច្បាស់អស់ហើយ ទោះបីជាអង្គការខុមហ្វ្រែលព្យាយាមលាក់បាំងការពិត ហើយធ្វើហាក់គ្មានអ្វីកើតឡើងយ៉ាង ណាក៏ដោយ។ តាមពិតទៅ ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខ្លះដូចខុមហ្វ្រែលនេះបានលាក់ ពុតត្បុតអាក្រក់ ហើយប្រសិនបើលទ្ធផលនៃការស្ទង់មតិ ផ្តល់អាទិភាពឱ្យពួកគេឈ្នះនោះស្ថានភាពមិនមែនស្ថិតក្នុងដំណាក់កាល ស្ងប់ស្ងៀមឡើយ។ ពួកគេនឹងគៀគរអង្គការសមាជិកពួកគេរួមនឹងក្រុមប្រឆាំងផងនាំគ្នាបំពងសំឡេង វាយប្រហាររិះគន់ មកលើរាជរដ្ឋាភិបាលរហែកមេឃ តែ ពេលនេះ ស្ថានភាពស្ងប់ស្ងាត់ដូចចោរលួចសេះ ហើយឧបករណ៍បំពងសំឡេងក្រុមប្រឆាំងដូចជាវិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យជាដើមក៏នៅ ស្ងៀមស្ងាត់ដែរ។ ការស្ងៀមស្ងាត់នេះត្រូវបានបកស្រាយថាជាការទទួលស្គាល់នូវ ភាពអាម៉ាស់របស់អង្គការខុមហ្វ្រែលដែល បានរៀបចំការស្ទង់មតិនេះ ហើយមិននឹកស្មានថាមានពលរដ្ឋចូលរួមបោះឆ្នោតបញ្ចេញមតិច្រើន។
លទ្ធផលគាំទ្រឱ្យមានចំណាត់ការលើ រ៉ុង ឈុន និងក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែដើរអុកឡុកក្រឡុកស្ថិរភាព នយោបាយដែលជាគន្លឹះយ៉ាងសំខាន់នៃសុខសន្តិភាព បានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋខ្មែរបានចូលរួមឈឺឆ្អាលនឹងរឿងរ៉ាវប្រទេសជាតិ ចូលរួមចំណែកក្នុងការដោះស្រាយបញ្ញាហើយបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ដូច្នេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវហ៊ានទទួលស្គាល់ការពិត មិនមែនចេះតែវាយប្រហារលើរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជាឡើយ គឺទទួលយកបំណងដ៏ពិសិដ្ឋ របស់ពលរដ្ឋដែលចង់បានគឺរស់ក្នុងសុខ សន្តិភាព និងការអភិវឌ្ឍ។ សមាគមនិងអង្គការទាំងឡាយមិនគួរងប់ងុលពេកនឹងមនោគមន៍វិទ្យាដែលបរទេសបំពាក់បំប៉នដើម្បីបម្រើភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍បក្ខពួកខ្លួនឡើយ តែត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំដូចដែលអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱ្យ និងបម្រើពួកគាត់ដោយស្មោះអស់ពីដួងចិត្ត។
សរុបមកវិញទំនងជាអង្គការខុមហ្វ្រែលក៏ ដូចជាដៃគូរបស់ខ្លួនមិនហ៊ាននឹងផ្សាយពី លទ្ធផលនៃការស្ទង់មតិនេះទេ ហើយវិទ្យុបរទេសដែលពូកែខាងបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ដូចជាវិទ្យុអាស៊ីសេរីជាដើមនឹងមិនហ៊ានផ្សព្វផ្សាយលទ្ធផលនេះឡើយ។ នេះហើយជាភាពកំសាកញីរបស់ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលខ្លះក្នុងនោះក៏មានអង្គការខុមហ្វ្រែលដែរដែលហ៊ានស៊ី ប៉ុន្តែមិនហ៊ានសង៕
ដោយ៖ ចៅចាក់ស្មុក
ភ្នំពេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០