(ភ្នំពេញ)៖ វាមិនមែនជាលើកទី១ ហើយក៏វាមិនមែនជារឿងចម្លែកឡើយ ដែលសហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួនបានប្រកាសតាមធ្វីតធ័រកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគិនចិនមួយបណ្តាក់ទុននៅកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដថា បានរំលោភសិទ្ធិមនុស្សយកដីពលរដ្ឋ ប្រព្រឹត្តអំពើពុលរលួយ ហើយទីតាំងវិនិយោគនៅខេត្តកោះកុង ត្រូវបានប្រើប្រាស់ជាទីតាំងយោធារបស់ប្រទេសចិន។
ហើយវាក៏កាន់តែមិនមានអ្វីថ្មីឡើយដែលតំណាងរាស្ត្រ និងឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិកចេញប្រតិកម្មតបនឹងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះក្រុមជ្រុលនិយមដែលបានប៉ុនប៉ងអនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំនៅកម្ពុជា ដោយចោទថា កម្ពុជាផ្តាច់ការ បិទសិទ្ធិសេរីភាពនិងគ្មានប្រជាធិបតេយ្យ។ តាមពិតការចោទប្រកាន់ និងការលាបពណ៌នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ព្រោះសហរដ្ឋអាមេរិក បានប្រើប្រាស់ពាក្យថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាលេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះ ហើយសូម្បីតែសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកជាង ៣លានតោន មកលើកម្ពុជារំលោភបំពានធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីខ្មែរ រំលោភច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ ក៏សហរដ្ឋអាមេរិកប្រកាសថា ធ្វើឡើងដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដែរ។
ហេតុអ្វីបានជាសហរដ្ឋអាមេរិកចូលចិត្តនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយបណ្តាប្រទេសនៅលើពិភពលោក? ជាការពិតណាស់នៅក្នុងនាមមហាអំណាចសេដ្ឋកិច្ច និងយោធារបស់ពិភពលោក សហរដ្ឋអាមេរិកចាត់ទុកខ្លួនឯងថា ជាជើងឯកផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងតែងតែដើរបង្រៀនដល់ប្រទេសនានា។ សហរដ្ឋអាមេរិកថែមទាំងចាប់បង្ខំឱ្យប្រទេសមួយចំនួនយកគំរូសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីខ្លួន និងគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលមិនដើរតាមបន្ទាត់នយោបាយរបស់ខ្លួន។ ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងមិនបានមើលដឹងថា ខ្លួនធ្វើត្រឹមត្រូវស្របតាមទ្រឹស្តីនៃ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬទេ?
តាមពិតប្រជាធិបតេយ្យដែលអាមេរិកកំពុងតែអនុវត្ត និងសិទ្ធិមនុស្សដែលអាមេរិកកំពុងតែនិយាយនេះគឺគ្រាន់តែជាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យលើបបូរមាត់របស់ មហាអំណាចអាមេរិកប៉ុណ្ណោះ។ ប្រទេសដែលរណប ឬដើរតាមបន្ទាត់នយោបាយរបស់ខ្លួននោះសហរដ្ឋអាមេរិក នឹងផ្តល់ការសរសើរ ទោះបីជាគ្មានការគោរពសិទ្ធិមនុស្ស និងគ្មានប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែប្រទេសដែលមិនរណបខ្លួន មិនដើរតាមបន្ទាត់នយោបាយ ឬមិនបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយខ្លួន នោះនឹងត្រូវសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទប្រកាន់លាបពណ៌ភ្លាមថា គ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានការគោរពសិទ្ធិមនុស្ស និងមិនគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយព្យាយាមធ្វើទុក្ខបុកម្នេញគ្រប់កាលៈទេសៈ។
ប៉ុន្តែនេះគឺជារឿងសាមញ្ញនៅក្នុងទំនាក់ទំនងការទូត គឺគេនិយាយតែពី «ផលប្រយោជន៍»។ ចំពោះប្រទេសកម្ពុជា វាមិនមែនជារឿងថ្មីនោះទេ ដែលអ្នកនយោបាយ និងរដ្ឋការនៃសហរដ្ឋអាមេរិកតែងតែចេញមុខមកវាយប្រហាររិះគន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ គឺមានតាំងពីសម័យសង្គមរាស្ត្រនិយមដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ មកម៉្លេះដែលកម្ពុជាកាលពីអតីតកាលស្ថិតក្នុងជម្លោះភូមិសាស្ត្រនយោបាយដ៏ ស្រួចស្រាលរបស់ប្រទេសមហាអំណាច ហើយមរតកប្រវត្តិសាស្ត្រនេះបានបន្តរហូតមកដល់បច្ចុប្បន្ន។
រដ្ឋការអាមេរិកតែងតែលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមួយកម្ពុជា ខណៈប្រទេសមួយនេះដែលធ្លាប់រងគ្រោះយ៉ាងដំណំក្រោមពាក្យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ខ្លួនពីអតីតកាល ត្រូវបានគេវាយតម្លៃថា មានការគោរពសិទ្ធិមនុស្ស និងមានសេរីភាពមានប្រជាធិបតេយ្យល្អជាងប្រទេស សម្ព័ន្ធមិត្ររបស់ខ្លួនមួយចំនួនក្នុងតំបន់ និងនៅលើពិភពលោកទៅទៀត។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានមើលឃើញដូច្នោះឡើយ។ សហរដ្ឋអាមេរិកនិយាយពីសិទ្ធិមនុស្ស ការពារទង្វើក្រុមជនជ្រុលនិយមមួយក្តាប់តូចដែលប្រឆាំងនឹងសន្តិភាពនិងការអភិវឌ្ឍជាតិ ប៉ុន្តែសហរដ្ឋអាមេរិក មិនដែលនិយាយពីសិទ្ធិមនុស្សក្នុងករណីដែលសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកជាង៣លានតោនមកលើក្បាលពលរដ្ឋខ្មែរ ដោយរំលោភបូរណភាពដែនដីកម្ពុជា និងរំលោភច្បាប់អន្តរជាតិក្នុងអំឡុងសង្គ្រាមនៅឥណ្ឌូចិនក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង១៩៧០ ឡើយ។
សហរដ្ឋអាមេរិកក៏មិននិយាយពីការគាំទ្ររបស់ខ្លួន លើក្រុមអ្នកនយោបាយស្តាំនិយមដឹកនាំដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាំកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមបំផ្លិចបំផ្លាញក៏ទេដែរ ហើយអាមេរិកក៏មិននិយាយពីការគាំទ្ររបស់ខ្លួន ចំពោះក្រុមខ្មែរក្រហមបន្តសង្គ្រាមសម្លាប់ប្រជាជនក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។
រហូតមកទល់ពេលនេះ សូម្បីតែពាក្យសុំទោសមួយមាត់ ឬការសម្តែងការសោកស្តាយដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋខ្មែរ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ក៏សហរដ្ឋអាមេរិកមិនបានធ្វើផង ហើយនៅពេលដែលសម្តេចព្រះនរោត្តម សីហនុ សោយទិវង្គត់ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា ក៏មិនបានទៅថ្វាយបង្គំវន្ទាគោរពព្រះដួងវិញ្ញាណក្ខន្ធព្រះអង្គផង។ ផ្ទុយមកវិញអាមេរិកនៅតែបន្តប្រើប្រាស់ពាក្យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមួយកម្ពុជា ហើយបាននិងកំពុងតែបញ្ចូលមនោគមន៍វិជ្ជាដល់ក្រុមខ្មែរជ្រុលនិយមមួយចំនួនឱ្យឈ្លក់វង្វេងនឹងពាក្យដ៏ពីរោះនេះ ហើយហ៊ានធ្វើអ្វីដើម្បីបម្រើផលប្រយោជន៍ខ្លួន និងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាក ក្រោយការឆ្លងកាត់វិនាសសកម្មដ៏ធំធេងក្នុងអតីតកាលរបស់ខ្លួន។
វិនាសកម្មនៅកម្ពុជាដែលសហរដ្ឋអាមេរិកក៏ជាអ្នកដែលទទួលខុសត្រូវមួយផ្នែកផងដែរ។ ឥឡូវនេះសហរដ្ឋអាមេរិកក៏បាននិងកំពុងតែចាប់បង្ខំឱ្យកម្ពុជាទទួលយកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ផ្លូវដែលខ្លួនធ្លាប់ផ្តល់ឱ្យកាលពីអតីតកាលសាជាថ្មី។ កម្ពុជាមានរបៀបធ្វើការបែបកម្ពុជា ហើយកម្ពុជាមិនអាចចម្លងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់អាមេរិក មកអនុវត្តនៅកម្ពុជាទាំងស្រុងនោះឡើយ។ សហរដ្ឋអាមេរិកត្រូវហ៊ានទទួលស្គាល់ការពិតថា ក្រោមពាក្យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ខ្លូន មានប្រទេសជាច្រើនដែលបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែកដូចប្រទេសកម្ពុជាកាលពីអតីតកាលដូចជាអ៊ឺរ៉ាក់ លីប៊ី ស៊ីរី យេម៉ែន ទុយណេស៊ីជាដើម។ ជាតិនិងប្រជាជនកម្ពុជាបានហែលឆ្លងកាត់ឆ្អែតឆ្អន់ហើយ និងមិនត្រូវការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបនេះទៀតឡើយ។
សហរដ្ឋអាមេរិក និងមន្ត្រីរបស់ខ្លួនក៏គួរបញ្ឈប់លាបពណ៌កម្ពុជា និងយកកម្ពុជាទៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយបន្តទៅទៀត និងគួរទុកឱ្យកម្ពុជាចាត់ចែង និងគ្រប់គ្រងអនាគតខ្លួនឯងបន្តទៅទៀត ព្រោះបទពិសោធអតីតកាលបានបង្ហាញយ៉ាងច្បាស់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលបស្ចឹមប្រទេស ផ្តល់មេរៀនឱ្យកម្ពុជា គឺតែងតែនាំទៅរកសង្គ្រាម និងវិនាសសកម្ម។ សហរដ្ឋអាមេរិក ក៏មិនគួរតាំងខ្លួនជានគរបាលពិភពលោកដើរដាក់ទណ្ឌកម្មប្រទេសនេះ ប្រទេសនោះ ឬបុគ្គលនេះ ឬបុគ្គលនោះដែរ ព្រោះធម្មនុ ញ្ញអង្គការសហប្រជាជាតិបានចែងយ៉ាងច្បាស់ពីសិទ្ធិស្មើគ្នា នៃប្រទេសទាំងឡាយមិនថាប្រទេសនោះធំ ឬ ប្រទេសនោះតូចឡើយ។
ម្យ៉ាងទៀត សូមកុំតែដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន សហរដ្ឋអាមេរិកហ៊ានលើកដៃសម្លាប់ជាតិខ្មែរសាជាថ្មីក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះស្លាកស្នាមនៃការទម្លាក់គ្រាប់បែករបស់អាមេរិកមិនទាន់រលុបបាត់ពីលើផ្ទៃដីនៃប្រទេសកម្ពុជា ពីអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយកាកសំណល់សង្គ្រាមនេះ នៅបន្សល់ទុកនៅលើដីនិងក្នុងដី និងបន្តបង្ករបួសនិងស្លាប់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃ។ កម្ពុជាប្រកាន់ខ្ជាប់ខ្ជួននូវនយោបាយការបរទេសអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន ហើយកម្ពុជាមានទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិជាមួយគ្រប់ប្រទេសទាំងអស់ក្នុងនាមជារដ្ឋអធិបតេយ្យមួយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០