(ភ្នំពេញ)៖ ជាទូទៅមេដឹកនាំប្រទេសនីមួយៗ ក្នុងពិភពលោករាប់ទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងតែងតែក្តាប់យ៉ាងណែនក្នុងដៃការងារព័ត៌មាន និងចារកម្ម និងក៏ជាអ្នកដឹកនាំផ្ទាល់បណ្តាញចារកម្ម នៅក្នុងប្រទេសរបស់ខ្លួនដែរ។
គេមិនអាចដឹងបានទេថា តើនរណាខ្លះជាភ្នាក់ងារព័ត៌មាន និងជាបណ្តាញចារកម្ម ដែលបម្រើឲ្យរដ្ឋាភិបាល ពីព្រោះបណ្តាញចារកម្មមាននៅគ្រប់ទិសទីមិនថា ក្នុងគណបក្សផ្ទាល់ខ្លួន រឺក៏មជ្ឈដ្ឋានក្រុមប្រឆាំង, អង្គការសង្គមស៊ីវិល ឬអង្គការអន្តរជាតិនោះឡើយ រាប់ទាំងបណ្តាញសារព័ត៌មានផងដែរ។ ជាពិសេសមេដឹកនាំប្រទេស ដែលកាន់អំណាចជាង៤០ឆ្នាំ ដូចសម្ដេចតេជោ ហ៊ុន សែន ពិតជាមានបណ្តាញភ្នាក់ងារព័ត៌មាន និងចារកម្មរបស់ខ្លួនគ្រប់ទិសទី ទាំងនៅក្នុង និងក្រៅប្រទេស។ ហេតុដូច្នេះហើយបានជារាល់ផែនការ និងសកម្មភាពដែលជាប់ពាក់ព័ន្ធ ហើយអាចប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខជាតិ ត្រូវបានរដ្ឋាភិបាលក្តាប់បានយ៉ាងណែនក្នុងដៃ និងចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
គេនៅចាំបានថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា គ្មានអ្វីដែលសម្ដេចមិនដឹងជាមុននោះឡើយ «សូម្បីតែដេកថ្ងូរក្នុងបន្ទប់» ក៏សម្ដេចដឹងបានដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់ប្រាប់ឲ្យដឹងដែរថា សូម្បីអត្ថបទសារព័ត៌មានខ្លះ ក៏សម្ដេចបានដឹងតាំងពីមុនពេលចេញផ្សាយទៅទៀត។ ជាងនេះទៅទៀតសម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់ប្រកាសជាសាធារណៈរំលឹកចំពោះអ្នកដែលមានគំនិត ឬមហិច្ឆតាចង់ផ្តួលសម្ដេច ឬផ្កួលគណបក្សរបស់សម្ដេចថា «សូមប្រយ័ត្នមេមាន់បណ្តើរកូនទា» ហើយសម្ដេច ហ៊ុន សែន ក៏ធ្លាប់ប្រមានដែរថា «មិនឲ្យមានរដ្ឋប្រហារដូច ១៨ មីនា ១៩៧០ឡើយ នៅពេលសម្ដេចនៅកាន់អំណាច»។
ដូច្នេះសំណួរដ៏សំខាន់បំផុតនៅទីនេះគឺ «តើនរណាខ្លះជាភ្នាក់ងារ ឬបណ្តាញចារកម្មរបស់ សម្ដេចតេជោ ហ៊ុន សែន? «តើការទម្លាយសម្លេងសន្ទនា សម្ងាត់រវាងលោក ហ៊ុន ម៉ាណែត និង ជុន ចន្ទ្របុត្រនេះ ជាសំឡេងទាំងស្រុង ឬក៏មាននៅរក្សាទុកសំឡេងផ្សេងទៀត» ដើម្បីទុកបញ្ចេញសម្រាប់យថាហេតុផ្សេងៗ ដូចជាក្នុងករណីដែលមានការក្បត់ ឬចារកម្មឡង (Double Agent)។ល។
ខ្ញុំជឿជាក់ថា គ្មាននរណាអាចឆ្លើយបានទេ ប៉ុន្តែអ្វីដែលគេអាចដឹងបាន គឺភ្នាក់ងារនិងបណ្តាញចារកម្មរបស់សម្ដេចតេជោ ហ៊ុន សែន មានច្រើន និងមាននៅគ្រប់ទិសទី គ្រប់ច្រល្ហក សូម្បីតែក្បែរខ្លួនមេបក្សប្រឆាំង ហើយជួនកាលទៀតសូម្បីតែអ្នកនិយាយប្រឆាំងកប់ៗមាត់ ឬប្រមាថ មាក់ងាយសម្ដេច ហ៊ុន សែន ក៏នៅតែអាចជាបណ្តាញចារកម្មរបស់គាត់ដែរ។
នៅក្នុងវិស័យសារព័ត៌មាន ជុន ច័ន្ទបុត្រ ដែលខំនិយាយរិះគន់ វាយប្រហារសម្ដេចតេជោ ហ៊ុន សែន ខ្លាំងៗដែលមើលទៅហាក់ដូចជាអ្នកសារព័ត៌មានប្រឆាំងដ៏ខ្លាំងក្លាម្នាក់នោះ ក៏ជួនកាលអាចគ្រាន់តែជាល្បែងឆ្ពិនភ្នែកដើម្បីធ្វើឲ្យក្រុមប្រឆាំងទុកចិត្តប៉ុណ្ណោះ។
អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ករណីជុន ច័ន្ទបុត្រនេះ គឺហេតុអ្វីសុខៗបានជាបុគ្គលដែលមើលទៅដូចជាស្អប់សម្ដេចតេជោ ហ៊ុន សែន ណាស់, ស្អប់គ្រួសារត្រកូលហ៊ុនណាស់ តែបែរជាស្វះស្វែងរកជួបលោក ហ៊ុន ម៉ាណែត និងសម្ដេច ហ៊ុន សែន ជាសម្ងាត់ទៅវិញ? តើមាននរណាខ្លះបានដឹងព័ត៌មាននេះ នៅមុនពេលដែលគេទម្លាយឲ្យដឹង?
ក្រៅពីការផ្តល់ព័ត៌មានសម្ងាត់ឲ្យសម្ដេចតេជោ ហ៊ុន សែន ហើយ ជុន ច័ន្ទបុត្រ ក៏នៅប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីវែកមុខបុគ្គលក្នុងក្រុម ឬបក្សប្រឆាំងជ្រុលនិយម ជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរអាចកំណត់អត្តសញ្ញាណបានផងដែរ។
អ្វីដែលជាក់ស្តែងនៃការសហការជាសម្ងាត់ដើម្បីជួយរដ្ឋាភិបាល (Theory or Conspiracy) យើងអាចធ្វើការសំគាល់បាន គឺនៅពេលសម្ភាសន៍វាគ្មិនម្តងៗ ជុន ច័ន្ទបុត្រ តែងតែដេញដោលឈ្លេចសួរផង និងបញ្ជោរផង និងជាពិសេសតាំងសំនួរដើម្បីអូសក្រឡាទាញឲ្យវាគ្មិនសំខាន់ៗ ដែលជាមេចលនា ឬមេក្លោងនៅក្នុងបក្សនយោបាយក្តី និងក្នុងអង្គការសង្គមស៊ីវិល ដែលមានទស្សនៈ និងជំហរប្រឆាំងផ្កាប់មុខរដ្ឋាភិបាលឲ្យជ្រុលមាត់និយាយចេញមកនូវផែនការ និងសកម្មភាពខុសច្បាប់ និងបំពានច្បាប់របស់ពួកខ្លួន។
តាមរយៈកិច្ចសម្ភាសន៍ទាំងនោះ ហើយសមត្ថកិច្ចក៏បានដឹងហើយ ក៏បានវែកមុខក្រុមចលនាឧទ្ទាមបានយ៉ាងច្រើនមុខសញ្ញាផងដែរ។ នេះគេហៅថា
«ការងារចារកម្មដោយបើកចំហរ ដែល ជុន ច័ន្ទបុត្រ បានធ្វើ»។ ប៉ុន្តែមានពេលខ្លះមេដឹកនាំតែងសម្រេចចិត្តបំបែកមុខចារកម្មរបស់ខ្លួន នៅក្នុងករណីដែលអ្នកនោះក្បត់ ឬក៏ការប្រើប្រាស់អត់ប្រសិទ្ធភាព។
ករណី ជុន ច័ន្ទបុត្រ ដែលត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រេចបើកមុខនៅពេលនេះ គឺជាឧទាហរណ៍ជាក់ស្តែង។ នៅក្នុងឃ្លឹបសំឡេង ដែលបានទម្លាយពី២ថ្ងៃមុននេះ បានបង្ហាញយ៉ាងច្បាស់ថា ជុន ច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើជាបណ្តាញចារកម្មឲ្យសម្ដេច ហ៊ុន សែន អស់ជាច្រើនឆ្នាំ ដោយធ្លាប់បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនដល់រដ្ឋាភិបាល។ ប៉ុន្តែនៅទីបំផុតនៅពេលដឹងខ្លួនថា វិទ្យាសាស្ត្រ សុខាភិបាល បច្ចុប្បន្នមិនទាន់អាចមានលទ្ធភាពព្យាបាលជំងឺមហារីកធ្ងន់ធ្ងរឲ្យជាបាន ទើបបុគ្គលនេះបែរជាចេញក្រឡាក្បត់ ដោយតាំងខ្លួនជាអ្នកបកអាក្រាតមន្ត្រីគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីទាក់ទាញការអាណិតអាសូរពីអ្នកគាំទ្រ ក្នុងក្រុមប្រឆាំងក្នុងគោលបំណងឲ្យពួកគេ ជួយផ្តល់លុយកាក់ដើម្បីព្យាបាលជំងឺផង និងក៏ដើម្បីឲ្យពួកគេមានសមានចិត្តស្តាយស្រណោះអាលោះអាល័យផងក៏ថាបាន។
ប៉ុន្តែលទ្ធផលនៃអំពើក្បត់នេះបែរជាតាមលង ជុន ច័ន្ទបុត្រ ខ្លួនឯងនៅនាទីចុងក្រោយទៅវិញ។ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន សម្រេចបំបែកមុខ ជុន ច័ន្ទបុត្រ ជាសាធារណៈតាមរយៈការបញ្ចេញសំឡេងសន្ទនារវាង លោក ហ៊ុន ម៉ាណែត និង ជុន ច័ន្ទបុត្រ បែបនេះ ខ្ញុំយល់ថា ប្រហែលជា សម្ដេច ហ៊ុន សែន យ៉ាងហោចណាស់ក៏មានគោលបំណង២ ដែរ៖
*ទី១៖ បំបែកមុខបុគ្គលចារកម្ម ជុន ច័ន្ទបុត្រ ដោយសារតែការងារគ្មានប្រសិទ្ធភាព ឬក៏ក្បត់។
*ទី២៖ គឺដើម្បីបន្លាយខ្សែឲ្យវែង ហើយរុញចារកម្មនេះឲ្យចូលកាន់តែជ្រៅ និងដើម្បីឲ្យគេបន្តកាន់តែជឿជាក់ និងទុកចិត្តថា ជុន ច័ន្ទបុត្រ នេះមិនមែនជាចារកម្មរបស់សម្ដេច ហ៊ុន សែន ទេ តាមរយៈនៃការប្រើ «ល្បិចសាច់កម្ម»។
ខ្ញុំយល់ថា ក្បាច់ទម្លាយសំឡេងសម្ងាត់នេះពិតជាបានរុញឲ្យ ជុន ច័ន្ទបុត្រ ស្ថិតក្នុងស្ថានភាពរើខ្លួនមិនរួចព្រោះប្រសិនបើ ជុន ច័ន្ទបុត្រ ចេញមុខបដិសេធថា ខ្លួនមិនមែនជា ចារកម្មរបស់សម្ដេច ហ៊ុន សែន មានន័យថា ជុន ច័ន្ទបុត្រ កំពុងលេងល្បែងសាច់កម្មនេះហើយពោលគឺបុគ្គលនេះគឺពិតជាចារកម្មពិតប្រាកដ។
ប៉ុន្តែក្នុងករណីដែល ជុន ច័ន្ទបុត្រ នៅស្ងៀមមិនឆ្លើយតបមហាជននឹងយល់ថា ជុន ច័ន្ទបុត្រ ពិតជាបណ្តាញចារកម្មឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រាកដមែនហើយ។
ដូច្នេះមួយក្បាច់របស់សម្ដេច ហ៊ុន សែន នេះពិតជាមិនត្រឹមតែបានរុញ ជុន ច័ន្ទបុត្រ ឲ្យចូលក្នុងស្ថានភាពមួយ «បើនៅក្នុងល្បែងលេងរែក» វិញគឺ «ជុន ច័ន្ទបុត្រ រែកក៏ចាញ់ មិនរែកក៏ចាញ់»។ ម៉្យាងវិញទៀតមួយក្បាច់របស់សម្ដេចតេជោ ហ៊ុន សែន នេះក៏អាចជាសារដាស់តឿនដល់ក្រុមជ្រុលនិយមឲ្យប្រយ័ត្នប្រយែង ក្នុងការផ្តល់បទសំភាសន៍ ជាមួយវិទ្យុអាស៊ីសេរី ឬ VOA ។ល។ ព្រោះគ្មាននរណាដឹងទេថា អ្នកណាខ្លះជាភ្នាក់ងារព័ត៌មាន និងជាចារកម្មបម្រើឲ្យនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ដូចមាករណីលោក ជុន ច័ន្ទបុត្រ ដែលជាចារកម្មបង្កប់នេះជាភស្តុតាងជាក់ស្តែងស្រាប់៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ