(ប៉េកាំង)៖ យើងអាចមើលឃើញបានថា កងទ័ពជើងទឹកអាមេរិកបង្កភាពវឹកវរជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ដោយសំដៅទៅលើប្រទេសចិន ប្រសិនបើជាការពិតមែន តើ «ព្រួញសម្ងាត់» របស់អាមេរិកស្ថិតនៅត្រង់ណា? ចំពោះសំនួរខាងលើនេះយើងអាចសន្មត់យ៉ាងច្បាស់ថា ព្រួញសម្ងាត់នោះគឺដងទន្លេមេគង្គតែម្តង។
កាលពីថ្ងៃទី១៥ ខែកញ្ញា តាមការអញ្ជើញរបស់ក្រុមប្រឹក្សាអាត្លង់តិច (Atlantic Council) លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំតាមវីដេអូអនឡាញ ដោយថ្លែងសុន្ទរកថាមួយផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសលើប្រធានបទ «ប្រទេសអាស៊ានក៏ដឹងដែរថា ដរាបណាសហរដ្ឋអាមេរិកឈរនៅជាមួយពួកគេ ពួកគេនឹងមានសមត្ថភាពប្រឆាំងនឹងការវាយលុករបស់ចិន»។
លោក Mike Pompeo បានសន្យាថា នឹងបញ្ចេញសំឡេងជំនួសបណ្តាប្រទេសអាស៊ានណា ដែលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង និងទន្លេមេគង្គ ហើយនឹងបង្កើនការវិនិយោគជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដល់តំបន់អាស៊ានទាំងមូល។
ការសន្យារបស់ Mike Pompeo ខាងលើនេះ គឺនឹងនាំឲ្យមានការបែកបាក់ និងបំផ្លិចបំផ្លាញទៅវិញទេ។ សរុបសេចក្តីមកប្រសិនបើអាមេរិកជាប្រទេសដែល អាចពឹងផ្អែកបាននោះ វាប្រៀបដូចជាសត្វជ្រូកអាចឡើងលើដើមឈើតែម្តង។ សន្តិភាព និងការអភិវឌ្ឍន៍ គឺជាតម្រូវការជាមូលដ្ឋានរបស់ប្រជាជន នៃបណ្តាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គក៏ដូចជានៅលើសាកលលោកទាំងមូល។ ដូច្នេះហើយសកម្មភាពបំផ្លិចបំផ្លាញបើកចំហនានាកន្លងមក ដោយប្រើនូវមធ្យោបាយដោយប្រយោល និងសម្ងាត់របស់អាមេរិក គឺពិបាកធ្វើណាស់។
ឥឡូវនេះលោក Mike Pompeo បានចេញមុខចោទប្រកាន់ជាចំហថា ប្រទេសចិនកំពុងតែគំរាមកំហែងដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រមទាំងបានប្រកាសថា អាមេរិកចង់ឈរជើងជាមួយនឹងអាស៊ាន បើដូចមែននោះតំបន់ដងទន្លេមេគង្គនឹងលែងស្ងប់ស្ងាត់ដូចកាលពីមុន ហើយប្រទេសទាំងអស់នេះ នឹងពិបាកគេចផុតពីល្បិចកលតាមវិធី «ដំបងការពារបរិស្ថាន» របស់អាមេរិកណាស់។
នៅថ្ងៃដែល Mike Pompeo ថ្លែងសុន្ទរកថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក (OFAC) ក៏បានចេញនូវសេចក្តីប្រកាសថា OFAC បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសចិនមួយ ដែលមានឈ្មោះថា យូញៀនឌីវេឡុបមេនគ្រុបខូអិលធីឌី (Union Development Group) ដោយក្នុងមូលហេតុ «រឹបអូស និងរុះរើ» ដីធ្លី និងបរិស្ថានរបស់ប្រជាជនកម្ពុជា ក្នុងតំបន់នោះដើម្បីសាងសង់គម្រោងអភិវឌ្ឍន៍តារាសាគររបស់ក្រុមហ៊ុន។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានស្តីបន្ទោសដល់រាជរដ្ឋាភិបាលកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅតំបន់នោះ នឹងអាចក្លាយទៅជាមូលដ្ឋានយោធា ជាអចិន្ត្រៃរបស់ចិន ដែលបណ្តាលធ្វើឲ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់។ តាមពិតទៅអាមេរិកកំពុងប្រើប្រាស់ទស្សនៈអនុត្តរភាពខាងយោធា និងអនុត្តរភាពខាងនយោបាយ មកវាយតម្លៃចំពោះគម្រោងរបស់ UDG ក៏ប៉ុន្តែបានយកលេសល្បិចកល «ដំបងការពារបរិស្ថាន» មកបំផ្លាញ និងសង្កត់លើគម្រោងនេះទៅវិញ។ នេះគឺមានន័យថា អាមេរិកនឹងដាក់ទណ្ឌកម្មចំពោះសហគ្រាសចិនកាន់តែច្រើនថែមទៀត នៅតាមដងទន្លេមេគង្គដោយប្រើប្រាស់លេស «ការពារបរិស្ថាន» តទៅទៀត។
បន្ទាប់មកនឹងប្រើល្បិចកល «ដំបងសិទ្ធិមនុស្ស» វាយប្រហារចំពោះប្រទេសណា ដែលជាដៃគូសហការរបស់ចិន។
ប្រសិនបើល្បិចកលទាំងនោះរបស់អាមេរិកបានសម្រេច នោះកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង នឹងនាំឲ្យតំបន់នេះវិលទៅរកស្ថានភាពច្របូលច្របល់ និងក្រីក្រវិញជាមិនខាន។ «ដំបងការពារបរិស្ថាន» របស់អាមេរិកប្រើប្រាស់ដោយរលូនជារហូតមក ក្រៅពីការគំរាមកំហែងដាក់ទណ្ឌកម្មរបស់អាមេរិក ក៏នៅមានអង្គការ NGO គ្រប់រូបភាពទាំងអស់មួយចំនួនទៀត ដែលកំពុងតែជួយបម្រើដល់អាមេរិក អាចជាមតិសាធារណៈឮការតវ៉ានៅតាមទីសាធារណៈ រហូតដល់ការសម្រុកចូលទីការដ្ឋានធ្វើការរារាំងផងក៏ថាបានដែរ។
ទង្វើខុសច្បាប់របស់ NGO ទាំងនោះបើសិនមានថ្ងៃមួយត្រូវបានប្រទេសណាមួយបង្រ្កាប វានឹងនាំឲ្យអាមេរិកចេញមុខមកស្តីបន្ទោសប្រទេសមួយនោះថា រំលោភសិទ្ធិមនុស្ស ហើយនឹងឈានទៅដល់ការដាក់ទណ្ឌកម្មគ្រប់បែបយ៉ាងថែមទៀត។ និយាយដោយសងេ្ខបគឺអ្នកអាចចៀសផុតពីល្បិចកល «ដំបងការពារបរិស្ថាន» ក៏មិនអាចសន្មត់ថា អ្នកអាចចៀសផុតពីល្បិចកល «ដំបងសិទ្ធិមនុស្ស» បានដែរទេ។
ក៏ប៉ុន្តែគម្រោងសាងសង់របស់អាមេរិក នៅគ្រប់ប្រទេសលើពិភពលោកមានដូចជា រោងចក្រគីមី និងវិទ្យាស្ថានជីវគីមីវិទ្យានៅតំបន់កាកាស៊ីស។ ប្រសិនបើមានមនុស្សធ្វើការតវ៉ា អាមេរិកនឹងទាមទារឲ្យប្រទេសពាក់ព័ន្ធ ប្រញាប់ចាត់វិធានការដោយបង្ខិតបង្ខំត្រូវបានគេហៅថា នេះជាការរក្សារសណ្តាប់ធ្នាប់។ បុគ្គលដែលចូលរួមជាមួយអាមេរិកក្នុងល្បិចកលកិច្ច «ការពារបរិស្ថាន» គឺមិនអាចមើលឃើញនូវស្តង់ដារពីរ នៃកិច្ចការការពារបរិស្ថានបែបនេះជារៀងរហូត។
ចិនបានសហការជាមួយប្រទេសតាមដងទន្លេមេគង្គកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាតំបន់ដ៏សំខាន់សំរាប់អនុវត្តនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ហើយបើទទួលបាននូវសមិទ្ធផលកាន់តែធំធេង ដែលប្រទេសអាមេរិកក៏កាន់តែស្អប់ខ្លាំង។ លោក Mike Pompeo បានចេញមុខមកលូកដៃមានន័យថា ឧបាយកល និងមធ្យោបាយរបស់សហរដ្ឋអាមេរិក បាននឹងកំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំងឲ្យ NGO ធ្វើការវាយលុកនឹងក្លាយជាមធ្យោបាយ បន្ទាប់មកអាមេរិកនឹងប្រើប្រាស់កម្លាំងរបស់ជាតិខ្លួន ដោយធ្វើការបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់នោះ យ៉ាងបើកចំហរ ហើយមានបំណងចង់កែប្រែនូវទម្រង់នយោបាយក្នុងតំបន់នោះផងដែរ។
* សារៈសំខាន់នៃទន្លេមេគង្គ
នៅទសវត្សរ៍ ១៩៧០ អាមេរិកត្រូវបានបង្ខំឲ្យបញ្ចប់សង្រ្គាមវៀតណាម ដែលបង្ករនូវភាពសៅហ្មងដល់ខ្លួន ហើយចាកចេញពីតំបន់អាស៊ីអាគ្នេយ៍។ នៅដើមសតវត្សរ៍ទី ២១ ដោយសារតែអាមេរិកបានរងនូវផលប៉ះពាល់ពីហេតុការណ៍ថ្ងៃទី១១ ខែកញ្ញា អាមេរិកបានខ្ចីនូវកម្លាំងសេដ្ឋកិច្ចរបស់ជប៉ុន ដើម្បីជះឥទ្ធិពលរបស់ខ្លួនទៅលើតំបន់អាស៊ីអាគ្នេយ៍ ខណៈខ្លួនស្ថិតនៅ «ខែ្សរទី២»។
ឆ្នាំ២០០៩ រដ្ឋាភិបាលលោក អូបាម៉ា បានដាក់ចេញនូវយុទ្ធសាស្រ្ត «ការធ្វើឲ្យមានតុល្យភាពសាជាថ្មី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួចមកអាស៊ីអាគ្នេយ៍ធ្វើជាចំណុចតភ្ជាប់ នៃការរៀបចំយុទ្ធសាស្រ្តរបស់អាមេរិក បានក្លាយជាតំបន់ដ៏សំខាន់សំរាប់អាមេរិកធ្វើប្រតិបត្តិការ» ហើយដងទន្លេមេគង្គគឺជាអាទិភាពកំពូលថែមទៀត។ ទន្លេមេគង្គមានប្រភពមកពីប្រទេសចិន ហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ហើយឧបទ្វិបឥណ្ឌូចិនក៏ជាស្ពានផ្លូវគោកសំខាន់ សម្រាប់តភ្ជាប់រវាងអាស៊ីបូព៌ា និងអាស៊ីខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាថែមទៀត។
កន្លងមកអាមេរិកមានបំណងចង់គ្រប់គ្រងតំបន់នោះ ឬបង្កើតរបបនយោបាយអាយ៉ង ឬអាចបង្កើតកម្លាំងគាំទ្រអាមេរិកតែម្តង។ ឆ្នាំ២០០៩ សហរដ្ធអាមេរិកបានដាក់ចេញនូវ «ផែនការសកម្មភាពដងទន្លេមេគង្គក្រោម» ដោយមានចេតនាសំដៅទៅលើប្រទេសចិន ដែលស្ថិតនៅដងទន្លេមេគង្គលើ។ អាមេរិកប្រើប្រាស់នូវពាក្យថា បរិស្ថាន សុខាភិបាល អប់រំ ជលសាស្រ្ត រុក្ខជាតិ និងពពួកជីវៈចំរុះជាលេស ដើម្បីញុះញង់ឲ្យប្រទេសនីមួយៗ ចុះនូវកិច្ចព្រមព្រៀងទន្លេមីស៊ីស៊ីពី និងទន្លេមេគង្គជាមួយប្រទេសអាមេរិក។
បន្ទាប់មកសមាគមទន្លេមេគង្គ (American Rivers, NGO) បានចាប់ផ្តើមឈរជើងនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ហើយ NGO ដទៃទៀតកើនឡើងជាសន្ធឹកដូចជារោមគោទទួលយកថវិកាពីអាមេរិក រួចដើរតួជាអ្នកលក់របស់អាមេរិក ហើយបានលើកយកនូវប្រធានបទសាសនា វប្បធម៍សិទ្ធិមនុស្ស និងបរិស្ថានជាដើម មកសម្តែងបានយ៉ាងស្ទាត់ជំនាញ។ រដ្ឋាភិបាលលោក អូបាម៉ា បានរិះរកគ្រប់មធ្យោបាយ ដើម្បីលើកលោកស្រី អោងសាន ស៊ូជី ឲ្យឡើងកាន់អំណាច ជាលទ្ធផលប្រទេសមីយ៉ានម៉ានៅតែរក្សាបាន នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន។
នេះជាការវាយបកយ៉ាងខ្លាំងចំពោះផែនការទន្លេមេគង្គរបស់អាមេរិក ដែលធ្វើគេរងទុក្ខពិបាកហាស្តី។ ចិនរក្សាបាននូវទំនាក់ទំនងការទូតដ៏ល្អប្រសើរ ជាមួយនឹងប្រទេសតាមដងទន្លេមេគង្គ មានវិវាទត្រូវដោះស្រាយនៅតំបន់នោះ ជៀសវាងការធ្វើអន្តរជាតូបនីយកម្ម។ រីឯប្រទេសអាមេរិកចង់តែធ្វើអន្តរជាតូបនីយកម្ម ទៅលើរាល់បញ្ហាទាំងឡាយ និងមានបំណងចង់បំបែកបំបាក់ សាងសង់នូវជញ្ជាំងការពារភ្លើង ដែលសំដៅលើចិននៅទីនោះ ប្រើផលប្រយោជន៍មកទាក់ទាញ និងប្រើកម្លាំងមកបង្ខិតបង្ខំព្យាយាមចង់រារាំងប្រទេសចិន។
* តើអាមេរិកចង់ធ្វើអ្វីនៅទន្លេមេគង្គ?
នៅក្នុងដំណាក់កាលប្រវត្តិសាស្រ្តផ្សេងៗគ្នា គោលនយោបាយរបស់អាមេរិកក៏ខុសគ្នាដែរ ប៉ុន្តែគោលដៅជាមូលដ្ឋានមិនផ្លាស់ប្តូរឡើយដូចជា៖
១. ទប់ស្កាត់ឥទ្ធិពលរបស់ចិន
២. សម្រេចបាននូវផលប្រយោជន៍ដែលអាមេរិកទទួលបានពីតំបន់នោះ តាមរយៈសេដ្ឋកិច្ច និងមធ្យោបាយការទូត
៣. បង្កើតប្រព័ន្ធនយោបាយអេកូឡូស៊ីដែលត្រួតត្រាដោយអាមេរិក (អ្នកស្តីទីកាន់អំណាច)។
ដើម្បីរារាំងប្រទេសចិន អាមេរិកចាំបាច់ត្រូវតែរកលេសដើម្បីបង្កហេតុ បញ្ហាចម្បងបំផុតរបស់ប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គនោះ គឺជាបញ្ហាប្រភពទឹក។ ឲ្យតែចិនសាងសង់គម្រោងវារីអគ្គិសនីនៅទន្លេឡានឆាង អាមេរិកប្រាកដជាចេញមុខមកមុនគេ ដោយលើកយកមូលហេតុការពារបរិស្ថានធម្មជាតិ។ អាមេរិកឃើញច្បាស់នឹងភ្នែកហើយ បែរជានិយាយដោយផ្តេសផ្តាស មិនដែលប្រាប់ថាទំនប់វារីអគ្គិសនីទន្លេឡានឆាងប្រទេសចិន មានមុខងារស្តុកទឹកនារដូវវស្សា បញ្ចេញទឹកនៅរដូវប្រាំង ដែលជួយរក្សាលំហូរទឹកទន្លេមេគង្គនារដូវប្រាំងឡើយ។
«ដំបងការពារបរិស្ថាន» របស់អាមេរិកមិនត្រឹមតែអាចបំផ្លាញ ផែនការធារាសាស្រ្តរបស់ចិនតែប៉ុណ្ណោះទេ ថែមទាំងអាចដើរតួជាអ្នកអភិរក្សទៀតផង ដោយផ្សារភ្ជាប់ជាមួយនឹងអាមេរិកជ្រៀតជ្រែក ចូលក្នុងបញ្ហាសមុទ្រចិនខាងត្បូងបន្ថែមទៀតផងដែរ។ ជាមូលហេតុដែលអាមេរិកបោះបង់វិធីយោធា ដើម្បីជ្រៀតជ្រែកប្រទេសនៅតាមដងទន្លេមេគង្គនោះ គឺដោយសារតែសង្គ្រាមវៀតណាម។ កងយោធាអាមេរិកអាចវាយលុកតំបន់មជ្ឃិមបូព៌ា និងវាយប្រហារតំបន់បាល់កង់ ប៉ុន្តែនៅទីនេះគេមិនហ៊ានធ្វើបែបនេះឡើយ។ វៀតណាមខាងជើងអាចតទល់ ជាមួយនឹងអាមេរិកបានរហូតដល់ទីបញ្ចប់ តើខ្នងបង្អែកនៅពីក្រោយជានរណា? អាមេរិកដឹងច្បាស់ណាស់។
បំណាច់មិនអាចដោះស្រាយដោយប្រើកម្លាំងយោធា ក៏មិនអាចបង្កើតបក្សពួកបានដែរអាមេរិក មានតែប្រើនូវមធ្យោបាយកំចាត់ចោលមួយៗ ដូចជាគណៈកម្មការសហប្រតិបត្តិការដងទន្លេមេគង្គ ដែលជាអង្គភាពតាមតំបន់បែបនេះ អាមេរិកចូលចិត្តជ្រៀតជ្រែកបំផុត។ អូបាម៉ា ចូលចិត្តការ «ផ្លាស់ប្តូរបែបប្រជាធិបតេយ្យ» ដកកាំបិតដោយទន់ភ្លន់ ប៉ុន្តែលោក ដូណា ត្រាំ មិនចូលចិត្តឡើយ។ ត្រង់ចំណុចនេះមានប្រទេសចំនួន០៤ ដែលអាមេរិកចាត់ទុកថាមិនមាន «ប្រជាធិបតេយ្យ» រួមមានវៀតណាម ឡាវ ភូមា និងកម្ពុជា ហើយបើចង់បានស្លាក «ប្រជាធិបតេយ្យ» ចាំបាច់ត្រូវតែអាមេរិកជាអ្នកកំណត់។
ល្បិចរបស់អាមេរិកច្បាស់លាស់ណាស់ ប្រសិនបើគ្មានស្លាក «ប្រជាធិបតេយ្យ» នោះទេ នោះគឺរង់ចាំតែការដាក់ទណ្ឌកម្មទៅ។ ប្រទេសវៀតណាមចង់បាន «ប្រជាធិបតេយ្យ» បានចូលជាសមាជិក TPP ជាលទ្ធផលបែរជាត្រូវបានអាមេរិកកំទេចចោល ព្រោះលោក ដូណាល់ ត្រាំ បានរំសាយ TPP ធ្វើឲ្យវៀតណាមបាត់មុខបាត់មាត់។
រាល់ពេលបោះឆ្នោតជាសកលម្តងៗនៅកម្ពុជា បក្សប្រឆាំងដែលគាំទ្រដោយអាមេរិកតែងតែចេញមកអុកឡុក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកន្លងមក បានបង្ហាញនូវឥរិយាបទយ៉ាងច្បាស់ ដោយប្រឆាំងដាច់ខាតមិនឲ្យអាមេរិក ជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា។
អាមេរិកដើម្បីសម្រេចបាននូវផលប្រយោជន៍យុទ្ធសាស្រ្តរបស់ខ្លួន នឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង បន្ទាប់មកប្រហែលជាអាចបង្ខំឲ្យប្រទេសនីមួយៗ បញ្ចេញមតិរួចធ្វើនូវអ្វីដូចជាសេចក្តីថ្លែងការណ៍រួមមួយ រវាងប្រទេសនៅតាមដងទន្លេមេគង្គ ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងនោះ និងប្រទេសចិនបន្តិចម្តងៗ។
ផែនទីបង្ហាញនយោបាយនៅតាមដងទន្លេមេគង្គរបស់ Mike Pompeo យើងអាចមើលឃើញតាមរយៈកម្ពុជាថា៖ ឲ្យ NGO ចេញមកបង្កហេតុក្រោមរូបភាពការពារបរិស្ថាន បង្កជាភាពចលាចលប្រឆាំង និងចិន តរ៉ាចំពោះរាជរដ្ឋាភិបាល និងគម្រោងវិនិយោគចិន ដាក់ទណ្ឌកម្មចំពោះសហគ្រាសចិន ការអភិវឌ្ឍប្រទេសកម្ពុជាទទួលរងឥទ្ធិពល សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ប្រជាជនត្អួញត្អែរ សង្គមចលាចល បែកបាក់ជាតិសាសន៍ ធ្វើឳ្យទំនាស់ក្លាយជាអន្តរជាតូបនិយកម្ម បក្សប្រឆាំងតែងតាំងនាយករដ្ឋមន្រ្តីដោយខ្លួនឯង អាមេរិកទទួលនាយករដ្ឋមន្ត្រីតាមចិញ្ចើមថ្នល់សំដៅទៅរក «ប្រជាធិបតេយ្យ»...។ ផែនទីបង្ហាញផ្លូវមួយនេះ អាចចម្លងបន្តទៅលើប្រទេសណាមួយ ក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ ប៉ុន្តែចិនមិនអាចបណ្តោយឲ្យបញ្ហា ធ្លាក់ទៅដល់ដំណាក់កាលនោះឡើយ ដោយប្រាកដជាត្រូវរកឃើញល្បិចដើម្បីរំលាយល្បិច។
ប្រទេសមួយដែលស្ថិតនៅទ្វីបអាមេរិកខាងជើង មិនប្រឹងខ្វល់ខ្វាយពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសខ្លួនកំពុងតែដុនដាប បែរជាសំដៅមកតំបន់ទន្លេមេគង្គដើម្បីបង្កហេតុ ដែលមានចម្ងាយឆ្ងាយ តើនេះជារោគចិត្តបែបណាទៅវិញដែរ?
ដោយអ្នកសារព័ត៌មានចិន, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០