(ភ្នំពេញ)៖ ជុន ច័ន្ទបុត្រ ដែលដឹងខ្លួនថា មានជំងឺកាចសាហាវកំពុងយាយីជីវិតរបស់ខ្លួន បានខិតខំសរសេរកំណត់ហេតុវែងអន្លាយលន្លង់លន្លោចនិងតភាគក្នុងបំណងចង់ឲ្យ អ្នកអាន ជាពិសេសអ្នកគាំទ្របក្សប្រឆាំងជឿនិងអាណិតអាសូរ ហើយចាត់ទុកខ្លួនជាមនុស្សអស្ចារ្យ។ ប៉ុន្តែកាន់តែសរសេរវែង កាន់តែបង្ហាញឲ្យឃើញថា ជុន ច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើចារកម្មឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងពិតប្រាកដ។ ជាក់ស្តែង នៅក្នុងសំណេរវគ្គ៣របស់ខ្លួន ដើម្បីឆ្លើយដោះសារទៅនឹងសារដែលបែកធ្លាយគឺជាសំណេរដែល បង្ហាញពីពាក្យ «មុសារ ដោះសារ និងភូតកុហកខុសទំនង» របស់ ជុន ច័ន្ទបុត្រ ដែលជាបន្ទុកដាក់លើខ្លួនឯងទៅវិញ។
អ្វីទៅដែលហៅថា មុសារ? គឺជាពាក្យចាក់រុក បន្តុះបង្អាប់ និងដៀលត្មះ មន្ត្រីរដ្ឋាភិបាលរាប់ទាំងអ្នកដែលខ្លួនទៅអែបអប ដើម្បីសុំឲ្យគេជួយការពារសុវត្ថិភាពផង។ ផ្ទុយទៅវិញ ជុន ច័ន្ទបុត្រ បែរជាខិតខំលើកតម្កើងខ្លួនឯងថាជា តួឯកអស្ចារ្យម្នាក់។
ចុះអ្វីទៅជាការដោះសារ? គឺការខិតខំនិយាយដោះបន្ទុកនៅពេលដែលខ្លួនបានធ្វើកំហុសនៅលើគោក។ ឧទាហរណ៍ នៅពេលដែលខ្លួនសុំជួបនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរាយការណ៍ព័ត៌មានសម្ងាត់ ជុន ច័ន្ទបុត្រ បែរជាដោះសារថា ជួបដើម្បីសម្ភាសន៍ចង់ដឹងពីប្រតិកម្មរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញ។
តើគួរឲ្យជឿដែរឬទេ សម្តីបែបនេះ? ប្រសិនបើចង់ជួបសម្ភាសន៍នាយករដ្ឋមន្ត្រី គេត្រូវមានសំណើរជាលាយលក្ខណ៍អក្សរ ឬសំណើរតាមរយៈអ្នកសម្របសម្រួលដោយប្រាប់ជាមុន អំពីគោលបំណងនិងប្រធានបទដែលត្រូវធ្វើសម្ភាសន៍ និងដោយមានការអនុញ្ញាតពីស្ថាប័នរបស់ខ្លួនផង។ គ្មានអ្នកណាណាត់ជួបនាយករដ្ឋមន្ត្រីស្ងាត់ៗ ហើយមកបកស្រាយថា ចង់ជួបសម្ភាសន៍ទៅវិញបែបនេះទេ។ ហើយក៏គ្មាននាយករដ្ឋមន្ត្រីណាទៅផ្តល់សម្ភាសន៍ឲ្យអ្នកកាសែតស្ងាត់ៗ ដោយមិនដឹងពី ប្រធានបទជាមុននោះដែរ។ នេះគឺជាការដោះសារដ៏គួរឲ្យអស់សំណើចបំផុតមួយដែលពាក្យខ្មែរហៅថា «ភូតថ្លុក ភូតត្រពាំង»។
រឿងដ៏គួរឲ្យអស់សំណើចមួយទៀតគឺ ជុន ច័ន្ទបុត្រ បានទៅពឹងពាក់លោក ហ៊ុន ម៉ាណែត ឲ្យជួយការពារសុវត្ថិភាពផ្ទាល់ខ្លួន។ តែក្នុងសំណេរ ជុន ច័ន្ទបុត្រ បែរជារៀបរាប់ថា ខ្លួន ភ័យខ្លាចគេលួចសម្លាប់គ្រប់ពេលដែលចង់ទម្លាក់កំហុសទៅលើរដ្ឋាភិបាល។ ប៉ុន្តែសំណួរសួរថា ប្រសិនបើ ជុន ច័ន្ទបុត្រ ខ្លាចរដ្ឋាភិបាលភ្នំពេញសម្លាប់ ហេតុដូចម្តេចក៏រត់ទៅរកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឲ្យជួយការពារសុវត្ថិភាពទៅវិញ? ដូចជាមិនទំនងទាល់តែសោះ។
បែបខ្លាចអ្នកផ្សេងលួចសម្លាប់ទេដឹងបានជាទៅរករដ្ឋាភិបាលឲ្យជួយការពារសុវត្ថិភាព? ត្រង់នេះនរណាក៏យល់បានដែរ។ សង្ឃឹមថា ពេលសរសេរអត្ថបទនេះ ជុន ច័ន្ទបុត្រ មិនទាន់វង្វេងស្មារតីទេ។ នេះហើយដែលហៅថាការដោះសារខុសទំនងរបស់ ជុន ច័ន្ទបុត្រ។ ចុះអ្វីទៅដែលហៅថាការភូតកុហក? នៅពេលបន្លំខ្លួនធ្វើជា មន្ត្រីបក្សប្រឆាំងចូលពន្ធនាគារព្រៃស ជុន ច័ន្ទបុត្រ និយាយថា ខ្លួនទៅតែឯកឯងដើម្បីទៅយកព័ត៌មានហើយថា ខ្លួនធ្វើមុខក្រាសចេះតែត្បុលទៅមុខ។
សូមជំរាប ជុន ច័ន្ទបុត្រ បើនៅក្នុងសាលប្រជុំ ឬទីសាធារណៈដែលមានមនុស្សច្រើនគេអាចត្បុលបានតែចូលក្នុងពន្ធនាគារ តើ ជុន ច័ន្ទបុត្រ ទៅត្បុលតាមណាបើ ពន្ធនាគារមានរបងខ្ពស់ៗ ព័ទ្ធសុទ្ធតែបន្លាលួស និងមានសន្តិសុខយាមយ៉ាងតឹងរឺងបែបនេះ? បើចេះតែត្បុលបាននោះ ម៉្លេះសមអ្នកទោស ត្បុលចេញអស់បាត់ទៅហើយ..។
បន្ទាប់មកទៀត ពេលចុះឈ្មោះនៅច្រកចូល ជុន ច័ន្ទបុត្រ អះអាងថា មានកន្លែងដែលត្រូវដាក់តួនាទី ប៉ុន្តែគេមិនតម្រូវឲ្យចុះទេ។ នេះគឺជាការភូតកុហកលើគោកតែម្តង។ អ្នកចេញចូលពន្ធនាគារមិនមែនចូលខារ៉ាអូខេទេណាលោក ច័ន្ទបុត្រ។ អ្វីៗត្រូវតែច្បាស់លាស់ មិនអាចត្បុល មិនអាចបដិសេធមិនបំពេញបែបបទបានទេ។
តាមឯកសារពីពន្ធនាគារគេបានឃើញច្បាស់ថា ជុន ច័ន្ទបុត្រ បានដាក់ឈ្មោះ ហួត វុទ្ធី និងមានតួនាទីជាជំនួយការលោក ឡុង រី ។ តែ ជុន ច័ន្ទបុត្រ បែរជាកុហកថា ឆ្នាំពន្ធនាគារអ្នកដាក់ឲ្យទៅវិញ។ តើឆ្នាំពន្ធនាគារណាស្គាល់តួនាទីរបស់ ជុន ច័ន្ទបុត្រ។ ម្យ៉ាងទៀត ចុះហេតុអីដំណើររបស់ ជុន ច័ន្ទបុត្រ ទៅព្រៃសជួនចំពេលជាមួយគណៈប្រតិភូអតីត បក្សសង្គ្រោះជាតិម៉្លេះហ្ន?
ក្រៅពីមុសារ ដោះសារ និងភូតកុហកនិងការបន្លំខ្លួនចូលពន្ធនាគារជាមួយមន្ត្រីបក្សប្រឆាំង ដែលជាកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុតមួយ ជុន ច័ន្ទបុត្រ ថែមទាំងបានបំពានលើវិជ្ជាជីវៈ សារព័ត៌មានយ៉ាងធ្ងន់ធ្ងរថែមទៀត។
ពីដំបូង ជុន ច័ន្ទបុត្រ ខំអួតថា ខ្លួនជាអ្នកបង្រៀនជាអ្នកបណ្តុះបណ្តាលអ្នកកាសែត តែបន្ទាប់មក ជុន ច័ន្ទបុត្រ និយាយជាន់កែងខ្លួនឯងថា បានបំពានវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែ បុគ្គលនេះមិនព្រមទទួលកំហុសទេ បែរជាខំបង្វែរថា ខ្លួនជាមនុស្សដែលមានមនោសញ្ចេតនា ទោះបីជាវិជ្ជាជីវៈសារព័ត៌មានហាមមិនឲ្យប្រើមនោសញ្ចេតនាក៏ដោយ។ ជុន ច័ន្ទបុត្រ ធ្លាប់យំអណ្តឺតអណ្តកនៅពេលផ្សាយព័ត៌មាន និងបាននិយាយពីការផ្តល់លុយកាក់ដល់លោក កឹម សុខ ទៀតផង។
និយាយជារួម ក្នុងមួយសាច់រឿងវែងអន្លាយ លន្លង់លន្លោចរបស់ ជុន ច័ន្ទបុត្រ គឺជាឈុតឆាកភូតកុហក និងដោះសារទាំងអស់ដែលធ្វើឲ្យសាច់រឿងនេះមិនទាក់ទាញ ការអាណិតអាសូរ តែបែរជាក្លាយជារឿងគួរឲ្យអស់សំណើច និងជាបន្ទុកដាក់ទៅលើខ្លួនឯងយ៉ាងច្បាស់ទៅវិញថា ខ្លួនពិតជាធ្លាប់ធ្វើចារកម្មឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន និងធ្លាប់បានបន្លំខ្លួនធ្វើជាមន្ត្រីបក្សប្រឆាំងចូលពន្ធនាគារដោយខុសច្បាប់ និងខុសវិជ្ជាជីវៈមែន។ ពាក្យចាស់ពោលថា «នៅស្ងៀមជាជាងស្រដី» យ៉ាងណាមិញ ជុន ច័ន្ទបុត្រ បើសម្ងំនៅស្ងៀមមិននិយាយប្រហែលល្អជាង ពីព្រោះដល់ពេលនិយាយចេញមកខុសទំនង នាំឲ្យគេឃើញក្រយៅកាន់តែច្បាស់ ឬនិយាយតាមបែបផ្សេងគឺ «ភូតច្រើនចាញ់អាត្មា»។
មនុស្សយើង អ្នកណាក៏មិនអាចចៀសផុតពីសេចក្តីស្លាប់ដែរ ប៉ុន្តែមុននឹងស្លាប់ គេគួរធ្វើអ្វីដែលល្អៗទុកសម្រាប់ឲ្យគេចង ចាំ និងទុកជាបុណ្យកុសល
ទៅជាតិខាងមុខ វាប្រសើរជា ជាងទៅប្រឌិតរឿងខុសទំនងដើម្បីដោះសារដ៏គួរឲ្យអស់ សំណើចដែលជាអំពើបាប៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ