(ភ្នំពេញ)៖ ដំណើរការកសាងសន្តិភាព ការរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋកម្ពុជាពុំបានឆ្លងកាត់វិថីដែលក្រាលដោយកម្រាលព្រំផ្កាភ្ញី ដែលមានរស្មីព្រះអាទិត្យចិញ្ចាចចិញ្ចែងឡើយ តែជាដំណើរដែលពោរពេញដោយការតស៊ូ និងការលំបាក ជូរចត់ លះបង់នូវញើសឈាមដោយមិនគិតពីការហត់នឿយ និងសុខទុក្ខរបស់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤ទសវត្សរ៍នេះ។
ជាដំណើរដែលពោរពេញដោយឧបសគ្គ ការរារាំង ការលាបពណ៌ ពីសំណាក់ក្រុមឧទ្ទាមដែលហៅខ្លួនឯងថាជាគណបក្សប្រឆាំង និងការលូកដៃពីសំណាក់បរទេស ដោយប្រើប្រាស់គោលបំណងក្លែងក្លាយក្រោមស្លាក «ដើម្បីលិទិ្ធប្រជាធិបតេយ្យនៅប្រទេសកម្ពុជា» ដែលគោលដៅពិតគឺដើម្បីផលចំណេញនូវរបៀបវារៈនយោបាយរបស់ខ្លួន ដោយប្រើវិធីសាស្ត្រពង្វក់ស្មារតីសាធារណជនមិនឱ្យមើលឃើញពីភាពល្អប្រសើរនៃសន្តិសុខ សុវត្ថិភាព សុខមាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល ដោយព្យាយាមកកាយទាញច្បិចយកភាពអវិជ្ជមានតិចតួចមកបំប៉ោងពីគ្រប់ស្ថានការណ៍ដែលកើតឡើងមិនថាជាបញ្ហាធម្មជាតិដូចជាទឹកជំនន់ និងបញ្ហាមេរោគកូវីដ១៩ បើទោះជាមានការដោះស្រាយដ៏ល្អពីសំណាក់រដ្ឋាភិបាលស្របច្បាប់ ដែលសាធារណជនទូទៅស្វាគមន៍ និងសាទរក៏ដោយ។
ទោះជាមានការរារាំងយ៉ាងណាក៏ដោយ ដំណើរការកសាងសន្តិភាពពុំដែលបរាជ័យឡើយ ដោយ សម្តេចតេជោ ហ៊ុន សែន តែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយឈ្នះឈ្នះ និងបង្រួមបង្រួមជាតិ គោរពនិងអនុវត្តគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
វាពុំមែនជាការលំបាកឡើយក្នុងការក្រឡេកទៅមើលសាវតារ និងដំណើរការវិវត្តន៍នៃប្រវត្តិសាស្ត្រក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងមកនេះយើងពិតជាឃើញច្បាស់នូវកិច្ចខិតខំ ប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងដំណើរការកសាងនិងការពារសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការបង្រួមបង្រួមជាតិ ពិតជាសច្ចភាពមិនអាចប្រកែកបាន តាំងពីការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ដែលនោះទើបជាការសង្គ្រោះជាតិនិងសង្គ្រោះជីវិតប្រជាជនពិតប្រាកដរហូតដល់ការបង្រួបបង្រួមពីតំបន់គ្រប់គ្រងដោយកម្លាំង ប្រដាប់អាវុធច្រើនភាគីមកក្រោមរាជរដ្ឋាភិបាលជាតិតែមួយ និងរហូតដល់ការកសាងសង្គមសំបូរសប្បាយប្រកបដោយការរីកចម្រើនលូតលាស់គ្រប់វិស័យមួយ ដូចឃើញជាក់នឹងភ្នែកបច្ចុប្បន្ននេះ ហើយដំណើរការបង្រួមបង្រួមជាតិនេះនៅតែបន្ត ដូចជាការខ្វាយខ្វល់របស់ សម្តេចតេជោ ហ៊ុន សែន អំពីប្រជាពលរដ្ឋកម្ពុជា ដែលគ្មានទីបញ្ចប់ផងដែរ។
ប៉ុន្តែវាជាការពិបាកណាស់ ប្រសិនបើយើងព្យាយាមដាស់មនុស្សដែលធ្វើពុតជាដេកលក់ ដែលមើលឃើញហើយតែធ្វើជាមិនឃើញ នូវសច្ចភាពប្រវត្តិសាស្ត្រនេះ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមរយៈសាលដីកាលេខ ៣៤០(ឆ) តុលាការកំពូលជាតំណាងប្រជារាស្ត្រខ្មែរ បានសម្រេចរំលាយចោលគណបក្សសង្គ្រោះជាតិ និងព្យួរសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សនេះ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលតំណាងនិងការពារដោយក្រុមមេធាវីរាជរដ្ឋាភិបាល ពាក់ព័ន្ធករណីរៀបចំផែនការឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ អតីតថ្នាក់ដឹកនាំកំពូលនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលមានការរៀបចំផែនការ និងអង្គការចាត់តាំងច្បាស់លាស់ ប៉ុនប៉ងដណ្តើមអំណាចតាមវិធីបង្កវិទ្ធង្សនា និងមធ្យោបាយខុសច្បាប់ ដោយមានការណែនាំពីរដ្ឋបរទេស។
អតីតក្រុមដឹកនាំដែលពាក់ស្លាក «សង្គ្រោះជាតិ» ក្លែងក្លាយ ត្រូវបានតុលាការសម្រេចហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ ចំនួន១១៨នាក់ ក្នុងម្នាក់ៗចំនួន៥ឆ្នាំ។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលតែងតែបង្រួបបង្រួមជាតិខ្មែរ និងជាមគ្គុទ្ទេសក៍នៃនយោបាយឈ្នះឈ្នះ ក្នុងក្របខណ្ឌនៃច្បាប់ស្តីពីគណបក្សនយោបាយ បានអនុញ្ញាតឱ្យមានការស្នើសុំផ្តល់នីតិសម្បទាជាបន្តបន្ទាប់ ដល់អតីតអ្នកនយោបាយជាប់បម្រាមខាងលើ ដែលមានការភ្ញាក់រឭក ឱ្យបានចូលរួមក្នុងសកម្មភាពនយោបាយឡើងវិញជាបន្តបន្ទាប់។ កន្លងមកមានអតីតថ្នាក់ដឹកនាំជាប់បម្រាមជាច្រើននាក់មកហើយនៃអតីតគណបក្ស សង្គ្រោះជាតិ បានទទួលការសណ្តោសប្រណីឱ្យទទួលបាននីតិសម្បទាធ្វើសកម្មភាពនយោបាយឡើងវិញ តាមរយៈព្រះរាជក្រឹត្យនៃព្រះមហាក្សត្រ ក្រោយពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ថ្មីៗនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទូលស្នើសុំព្រះមហាក្សត្រ ប្រោសព្រះរាជទានផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ជូនលោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ដែលជាអតីតសមាជិកជាន់ខ្ពស់មួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ ឱ្យរួចផុតពីការជាប់នូវបម្រាមនយោបាយ។ ទន្ទឹមនឹងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ លោកស្រី លី ស្រីវីណា បានសរសេរលិខិតមួយច្បាប់ដោយផ្ទាល់ដៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សុំចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតដែលសរសេរដោយផ្ទាល់ដៃនោះ លោកស្រីបានសម្តែងនូវទឹកចិត្តកត្តញ្ញុតាធម៌ ចំពោះសម្តេចដែលបានផ្តល់ឱកាសឱ្យលោកស្រីបានទៅរៀនសូត្រដល់បរទេស កាលពីឆ្នាំ១៩៨៩ ហើយមានឆន្ទៈយកចំណេះដឹងមកចូលរួមបម្រើជាតិមាតុភូមិ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រីក៏បានលើកឡើងផងដែរ អំពីភាពធុញទ្រាន់ មិនសប្បាយចិត្ត នឹងក្រុមជនឧទ្ទាមក្រៅច្បាប់ ដែលតែងតែវាយប្រហារយ៉ាងអយុត្តិធម៌ចំពោះសម្តេច យ៉ាងងងឹតងងល់ មិនអើពើនឹងច្បាប់ មិនអើពើនឹងសច្ចភាព មិនអើពើនឹងសមិទ្ធផលដ៏សន្ធឹកសន្ធាប់ដែលសម្តេចបាននាំមកជូនប្រទេសជាតិ និងប្រជាជនជាពិសេសសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងដែលត្រូវតែរក្សាការពារដោយឥតរាថយ។
បុគ្គលក្រៅច្បាប់ទាំងនោះ តែងតែប៉ុនប៉ងបំភ្លៃ បំផ្លើស និងបំផ្លាញ ជាប់ជានិច្ច។ ក៏ប៉ុន្តែពួកជនកំសាកទាំងនេះ មិនមានសេចក្តីក្លាហានគ្រប់គ្រាន់ ប្រឈមមុខនឹងផ្លូវច្បាប់ឡើយ។ ការភូតកុហក យកលេសនេះ លេសនោះ ដើម្បីព្យាយាមរត់គេចពីសំណាញ់ច្បាប់ ជាទម្លាប់របស់ពួកគេទៅហើយ រីឯការពិត គឺពួកនិយមបរទេសទាំងនោះ កំពុងរស់នៅសោយសុខនៅឯបរទេសយ៉ាងរំភើយ ហើយម្តងម្កាលគ្រាន់តែចង់បង្កជាសំឡេងនិងរូបភាពឡើង ដើម្បីពញ្ញាក់អ្នកគាំទ្រដែលចាញ់បោកពួកខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើគេពិតជាមានបំណងមកតតាំងតាមផ្លូវច្បាប់ដោយត្រឹមត្រូវនៅតុលាការ ពួកគេមានឯកសារធ្វើដំណើរ និងមធ្យោបាយពិតប្រាកដណាស់ មិនចាំបាច់ធ្វើជាតវ៉ានៅស្ថានទូត ដើម្បីសុំផ្តល់សុពលភាពលិខិតឆ្លងដែនខ្មែរនោះទេ ព្រោះពួកគេក៏មានលិខិតឆ្លងដែនសញ្ជាតិទីពីរដែរ។
រាល់សកម្មភាពដែលក្រុមនេះបង្កឡើងគឺមានគោលបំណងទាញយកការចាប់អារម្មណ៍អវិជ្ជមាន ដែលខុសពីការពិតពីសំណាក់សាធារណជនមកលើអាជ្ញាធរ មានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ នៅពេលដែលពួកគេបង្កបញ្ហាម្តងៗ ពួកគេតែងតែរត់គេចខ្លួនទៅបរទេស ហើយធ្វើការឃោសនាអកុសលពីចម្ងាយ ឱ្យប៉ុនប៉ងបង្កបញ្ហាដល់សង្គមជាតិ ដូចជាជួលមនុស្សឱ្យធ្វើបាតុកម្មបង្កអសន្តិសុខ និងធ្វើសកម្មភាពទុច្ចរិតជាដើម ហើយទីបំផុតអ្នកដែលចាញ់បោកជនអគតិអស់ទាំងនោះ គ្មានបានចំណេញអ្វីក្រៅពីត្រូវប្រឈមមុខនឹងចំណាត់ការ និងទោសទណ្ឌតាមច្បាប់ជាធរមាននោះឡើយ។ លើសពីនេះទោះជាមានបំភ្លៃ បំផ្លើស និងបំផ្លាញ ពីសំណាក់ក្រុមឧទ្ទាមនេះ ក៍ក្រុមនេះមិនអាចបិទបាំងនូវការពិតដែលមិនអាចប្រកែកបាន គឺខ្លួនមិនដែលបានខ្វល់ខ្វាយចូលរួមពីសុខទុក្ខរបស់ ប្រជាពលរដ្ឋក្នុងពេលមានគ្រាលំបាកឡើយ ដូចជាក្នុងពេលមានគ្រោះធម្មជាតិទឹកជំនន់ជាដើម។
ជាសរុប ការកសាងសន្តិភាព រក្សាស្ថិរភាពនយោបាយ សន្តិសុខ កំណើនសេដ្ឋកិច្ច តាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិគឺជាយុទ្ធសាស្ត្រដែលប្រកប ដោយគតិបណ្ឌិតដ៏ខ្ពស់បំផុតដោយដាក់ប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូលជាធំ ដែលកូនចៅជំនាន់ក្រោយ ក៏ដូចជាប្រទេសជាតិដទៃទៀត រៀនសូត្រនិងអនុវត្តតាម ហើយដរាបណាមានសម្តេចតេជោ ក្រុមបំផ្លើស បំភ្លៃ បំផ្លាញ តែងតែជួបនូវបរាជ័យយ៉ាងដំណំ៕
ដោយ៖ ការពិតពីមាតុភូមិ