(ភ្នំពេញ)៖ សុភាសិតខ្មែរមួយដែលលើកឡើងថា «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» ឆ្លុះបញ្ចាំងអំពីវប្បធម៌កត្តញ្ញូ មិនរមិលគុណ របស់ជាតិសាសន៍ខ្មែរ និងតែងតែធ្វើឱ្យនឹកដល់វីរភាព និងគុណូបការៈដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តម របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងបានពុះពារគ្រប់ការលំបាកក្នុងការសង្គ្រោះជីវិតប្រជាជន ពីរបបវាលពិឃាដដ៏ខ្លោចផ្សា។
ថ្ងៃនេះ ជាខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវា ២ធ្នូ ដែលជាថ្ងៃកំណើតចលនារំដោះជាតិឈ្មោះថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា រួមនឹងវីរជនស្នេហាជាតិ រៀបចំកម្លាំងសាមគ្គីផ្ដួលរំលំរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។ ក៏ប៉ុន្តែ ដំណើរនិងបេសកកម្មក្នុងការកសាងមាតុភូមិកម្ពុជា នៅតែបន្តជាប់ជាដរាប។
អស់រយៈពេលជាង៣០ឆ្នាំមកនេះ ក្រោយពីបានរំដោះប្រទេសជាតិ និងប្រជាជន សម្តេចតេជោ បានដឹកនាំកសាងប្រទេសកម្ពុជាចេញពីបាតដៃទទេ ដោយដៃម្ខាងទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងខិតខំកសាងអភិវឌ្ឍប្រទេសជាតិផ្តើមពីចំណុចសូន្យ ខណៈដែលកម្ពុជាទទួលរងការហ៊ុំព័ទ្ធលើគ្រប់វិស័យ រហូតបញ្ចប់ ភ្លើងសង្គ្រាមបានទាំងស្រុង ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» របស់ស្ថាបនិកសន្តិភាពនៃកម្ពុជា ដែលបាននាំមកជូនជាតិនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពលើគ្រប់វិស័យ នាបច្ចុប្បន្ន។
ពិតណាស់ «ទីណាពលរដ្ឋមានទុក្ខ តែងមានមុខសម្តេចជួយ» ជាឃ្លាដែលឆ្លុះបញ្ចាំងអំពីសច្ចភាពនៃមាតុភូមិកម្ពុជា ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅសុខសាន្តក្រោមដំបូលសន្តិភាព ក៏សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ គិតគូរ ឈឺឆ្អាល និងការផ្សារភ្ជាប់សុខទុក្ខជាមួយនឹងប្រជាពលរដ្ឋ បន្តដោះស្រាយរាល់បញ្ហាឬកង្វល់របស់ប្រជាពលរដ្ឋ។
ក្នុងចំណោមគុណូបការៈដ៏ប្រសើរថ្លៃថ្លារាប់មិនអស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគិតគូរអំពីការការពារដល់ប្រជាពលរដ្ឋ មិនឱ្យមានការរំលោភបំពានពីជនខិលខូចទាំងឡាយ និងទទួលបានយុត្តិធម៌ ដោយ សម្តេចតេជោ បានផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋទន់ខ្សោយខ្វះលទ្ធភាពទទួលបាន សេវាមេធាវី ឱ្យជួយការពារសិទ្ធិស្របច្បាប់របស់ខ្លួន ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ សម្តេចទាំងទ្វេ ដែលកម្រមានប្រមុខដឹកនាំណាបានគិតគូរឈ្វេងយល់ និងលះបង់បែបនេះណាស់។
គតិបណ្ឌិតដ៏ថ្លៃថ្លានេះ បាននាំមកនូវក្តីរំភើបរីករាយស្មានមិនដល់ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យមានសង្ឃឹមទទួលបានការពារសិទ្ធិតាមផ្លូវច្បាប់ ទោះបីជាខ្លួនទន់ខ្សោយខ្វះលទ្ធភាពយ៉ាងណាក្តី ព្រមទាំងបានរួមចំណែកយ៉ាងវិសេសវិសាល ក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ និងសមភាពនៅចំពោះមុខច្បាប់។
គតិផ្តួចផ្តើមដ៏គួរស្ញប់ស្ញែងបំផុតនេះ ក៏បានបង្កលក្ខណៈឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោ មានឱកាស មានលទ្ធភាព និងមានមធ្យោបាយ បានចូលរួមចំណែកក្នុងការងារបម្រើសង្គមជាតិ បម្រើប្រជាពលរដ្ឋ និងបម្រើបុព្វហេតុលើកកម្ពស់វិស័យយុត្តិធម៌ ផងដែរ។
ការគិតគូរខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាការងារអាទិភាពធំបំផុតរបស់ សម្តេចតេជោ។ ជាសក្ខីភាពជាក់ស្តែង សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សរុបចំនួន១៥៣នាក់ នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាវេទិកាដំបូងបំផុតបន្ទាប់ពី សម្តេចតេជោ បានបញ្ចប់ចត្តាឡីស័កដោយជោគជ័យ ក្នុងគោលបំណងធ្វើការពិនិត្យលទ្ធផលការងារដែលក្រុមមេធាវីបានបំពេញជូនប្រជាពលរដ្ឋ និងផ្តល់ឱវាទណែនាំសម្រាប់ទិសដៅការងារបន្ត ក្នុងប្រតិបត្តិការផ្តល់សេវាមេធាវីស្ម័គ្រចិត្តនេះ ហើយក៏បានផ្តល់កិត្តិយស និងកម្លាំងចិត្តដ៏ធំធេងដល់បណ្តាសមាជិកក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេច ដែលបានចូលរួមបម្រើប្រជាជន និងសង្គមជាតិឱ្យកាន់តែប្រសើរ។
ជាការកត់សម្គាល់ ស្ថាបនិកសន្តិភាព និងអគ្គមគ្គុទ្ទេសក៍នៃនយោបាយឈ្នះ-ឈ្នះរបស់យើង បានផ្តល់ ឱវាទណែនាំដល់ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេច ឱ្យផ្តោតការយកចិត្តទុកដាក់សម្របសម្រួលគ្នាដោយសន្តិវិធី ដើម្បីបញ្ចប់វិវាទមុនចូលដល់តុលាការ ឬបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ឈានទៅរកលទ្ធផលឈ្នះ-ឈ្នះ ធ្វើឱ្យគ្មានអ្នកចាញ់ និងធ្វើឱ្យគ្រប់ភាគីអាចរស់នៅដោយសុខដុមរមនានឹងគ្នា ព្រមទាំងត្រូវជួយបង្កើនចំណេះដឹងផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមកសាងនីតិរដ្ឋ និងលើកស្ទួយវិស័យយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះ ក្នុងគោលដៅជ្រោមជ្រែងវិស័យយុត្តិធម៌ ក្នុងសង្គមនីតិរដ្ឋនៅកម្ពុជា សម្តេច ក៏បានផ្តាំផ្ញើដល់ក្រុមមេធាវីស្ម័គ្រចិត្ត ឱ្យគោរពច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងបេសកកម្មជួយការពារសិទ្ធិ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយមិនត្រូវបង្កការរាំងស្ទះដល់នីតិវិធីតុលាការតាមរយៈការធ្វើពហិការដើរចេញពីសវនាការដោយខ្ចះសីលធម៌នោះឡើយ និងត្រូវសិក្សាស្វែងយលអំពីអង្គហេតុឱ្យបានច្បាស់គ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសន្និដ្ឋានដោយផ្អែកទៅតាមអង្គច្បាប់ឱ្យបានត្រឹមត្រូវ។
ក្រឡេកទៅមើលក្រុមឧទ្ទាមក្រៅច្បាប់វិញ ស្ទើរតែគ្មានដែលបានចូលរួមជួយអ្វីដល់ប្រជាពលរដ្ឋ ឬធ្វើអ្វីមួយជាប្រយោជន៍ដល់សង្គមជាតិទាល់តែសោះ ហើយមិនដែលខ្វល់ឬឱ្យតម្លៃចំពោះច្បាប់ និងគោលការណ៍នីតិរដ្ឋឡើយ។ ពួកជនរត់ចោលស្រុកទាំងនោះ មានតែប៉ុនប៉ងរារាំងដំណើរការកសាងជាតិ និងយកទឹកភ្នែករបស់ប្រជាជនធ្វើជាដើមទុននយោបាយ ធ្វើការឃោសនាអកុសល រុញច្រានឱ្យអ្នកគាំទ្រដែលចាញ់បោកពួកខ្លួនធ្វើសកម្មភាពទុច្ចរិតល្មើសនឹងច្បាប់ ប៉ុនប៉ងបង្កចលាចល អសន្តិសុខ និងគ្រោះថ្នាក់ដល់សង្គម ហើយប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់។
ពួកគេធ្វើជាមិនដឹងមិនឮនូវសច្ចធម៌ប្រវត្តិសាស្ត្រ ហើយធ្វើជាមិនឃើញនូវសមិទ្ធផលដ៏ច្រើនឥតគណនារបស់ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូករបស់ប្រមុខដឹកនាំជាតិ។ ខួរក្បាល និងទង្វើរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ មានតែការបំភ្លៃ បំផ្លើស និងបំផ្លាញ ជាតិសាសន៍ឯងតែប៉ុណ្ណោះ។
ប្រជាជនកម្ពុជាទូទាំងប្រទេស មើលឃើញជាក់អំពីសច្ចធម៌ប្រវត្តិសាស្ត្រ ជាពិសេសសន្តិភាព និងការអភិវឌ្ឍប្រសើរឡើងឥតឈប់ឈរ ដែលថ្នាក់ដឹកនាំជាតិ ជាពិសេស សម្តេចតេជោ ហ៊ុន សែន បាននាំមកជូនមាតុភូមិកម្ពុជា ហើយដឹងច្បាស់ថា «តេជោសែនជារដ្ឋបុរសរបស់ប្រជាជន»៕
ដោយ៖ ការពិតពីមាតុភូមិ