(ភ្នំពេញ)៖ ពលរដ្ឋខ្មែរពិតជាគ្មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍បន្តិចណាឡើយចំពោះអ្វីដែលទណ្ឌិត សម រង្ស៊ី ខំប្រវេប្រវាចេញមកសរសេរនៅលើហ្វេសប៊ុក ដោយលើកពីគុណបំណាច់របស់ខ្លួនដោយគ្មានភាពអៀនខ្មាសថា ដោយសារតែសំណើរបស់ខ្លួនទើបរាជរដ្ឋាភិបាលបន្ធូរបន្ធយលក្ខខណ្ឌ នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីចុងខែមេសា ឆ្នាំ២០២១ ពោលគឺសំដៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលពន្យារការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១ សបា្តហ៍ទៀត ដែលចេញនៅល្ងាចថ្ងៃទី២៦ ខែមេសានេះ។ គិតទៅចរិតក្រឡិចក្រឡុចរបស់ទណ្ឌិតរូបនេះនៅតែដដែល គ្មានកែប្រែឡើយ ហើយចិរតជាអ្នកក្លាហានគង់ហ៊ានក៏នៅតែដដែលដែរ។
ថ្ងៃមុនញុះញង់ឱ្យពលរដ្ឋឈប់គោរពវិធានការរដ្ឋាភិបាលក្នុងការបិទខ្ទប់ ថ្ងៃនេះថាវិធានការដែលរដ្ឋាភិបាលសម្រេចបន្ធូរបន្ធយលក្ខខណ្ឌបិទខ្ទប់មួយចំនួន ដោយសារតែសំណើរបស់ខ្លួន។ ឱ! ទណ្ឌិតរត់ចោលគុកអើយ តើមានខ្មាសកូនក្មេងបៀមដៃទេដែលធ្វើចរិតនយោបាយបែបកូនក្មេងរបៀបនេះ?
តាមពិតទណ្ឌិតរូបនេះមិនទាំងយល់ថាអ្វីដែលជាវិធានការបិទខ្ទប់ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេច ដាក់ឱ្យអនុវត្តផងព្រោះខ្លួន ក៏កំពុងជាប់ក្នុងការបិទខ្ទប់នៅទីក្រុងប៉ារីសប្រទេសបារាំង ដែលជាប្រទេសកំណើតទី២ របស់ខ្លួន។ ចៅចាក់ស្មុកអាចជួយពន្យល់ទណ្ឌិតរត់ចោលស្រុករូបនេះឱ្យបានយល់បន្តិច ថាហេតុអ្វីបានជារដ្ឋាភិបាលសម្រេចបិទខ្ទប់? ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានគោលដៅ ៣ សំខាន់គឺ ទី១) ដើម្បីកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សកុំឱ្យមានការឆ្លងរីករាលដាលកាន់តែច្រើន ទី២) ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជាកង់ៗដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយការគ្រប់គ្រងជាកង់ៗ នេះដើម្បីងាយស្រួលក្នុងការវាយតម្លៃកំណត់ជាតំបន់ដូចជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង និងទី៣)ដើម្បីទប់ស្កាត់ឱ្យខាងតែបានកុំឱ្យជំងឺកូវីដ-១៩ សាយភាយទៅកន្លែងផ្សេងទៀត។
បើនិយាយពីការបិទខ្ទប់នៅស្រុកបារាំងវិញ គឺរដ្ឋាភិបាលបារាំងបិទខ្ទប់ប្រទេស ដោយសារតែមន្ទីរពេទ្យនៅប្រទេសបារាំងអស់លទ្ធភាពក្នុងទទួលអ្នកជំងឺព្យាបាល បានជាសម្រេចបិទខ្ទប់ដើម្បីកាត់បន្ថយការឆ្លងរីករាលដាល។ នេះបើទណ្ឌិត សម រង្ស៊ី និងគូកនមិនច្បាស់ទេ ក៏គួរធ្វើការសិក្សាជាថ្មីពីវិធានការបិទខ្ទប់របស់ប្រទេសបារាំង ហើយកុំបន្តបោកប្រាស់ពលរដ្ឋនៅស្រុកខ្មែរទៀត។ ទណ្ឌិត សម រង្ស៊ី ជាជនជាតិបារាំង កំពុងរស់នៅស្រុកបារាំង និងកំពុងជាប់ក្នុងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលបារាំង ស្គាល់ច្បាស់ពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅបារាំង គួរគិតគូរពីស្រុកបារាំងដែលជាប្រទេសកំណើតទី២ របស់ខ្លួន និងគួរផ្តល់យោបល់ឱ្យបានច្រើនដល់រដ្ឋាភិបាលបារាំង ជាជាងនិយាយពីស្ថានការណ៍នៅកម្ពុជា ដែលខ្លួនគ្មានវត្តមានដោយផ្ទាល់និងនិយាយដោយ ច្បោលៗតាមរបាយការណ៍សកម្មជនរបស់ខ្លួននោះ ជាហេតុធ្វើឱ្យតម្លៃរបស់ខ្លួនដែលកាន់តែអស់តម្លៃស្រាប់ កាន់តែបាត់បង់ថែមទៀត។
តាមពិត ប្រសិនបើទណ្ឌិត សម រង្ស៊ី ពូកែពិតមែននិងធ្លាប់តាំងខ្លួនថា ជាអ្នកវិទ្យាសាស្ត្រម្ចាស់ទ្រឹស្តីអ្នកមានឈាមពិសេសមិនឆ្លងជំងឺកូវីដ-១៩ គួរតែជួយរដ្ឋាភិបាលបារាំងដែលជារដ្ឋាភិបាលរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល កុំឱ្យមានការឆ្លងច្រើននិងស្លាប់ច្រើន។ នៅថ្ងៃទី២៦ ខែមេសានេះ ប្រទេស
បារាំងជាស្រុកកំណើតទី២ របស់ទណ្ឌិតសម រង្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៤៤៦៥នាក់ និងមានអ្នកស្លាប់ចំនួន ១៤៥នាក់ ដែលធ្វើឱ្យប្រទេសបារាំងមានអ្នកឆ្លងសរុបចំនួនជាង ៥,៥លាននាក់ និង មានអ្នកស្លាប់ចំនួន ១០២ ៨៥៨នាក់។
ដូច្នេះបើទណ្ឌិត សម រង្ស៊ី មិនខ្មេះទេ កុំព្យាយាមដំឡើងសំឡេង និងកុំព្យាយាមធ្វើនយោបាយកំប៉ុងជើងធូបតទៅទៀតអី ព្រោះគ្មានរាស្ត្រណាគេជឿការភូតភរកុហករបស់លោកទេ និងកុំធ្វើនយោបាយបែប «ក្របីស៊ីស្រូវ បងមិនសូវៗហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល»នោះ គ្មានប្រយោជន៍ទេ។ អ្វីដែល ចៅចាក់ស្មុកចង់ផ្តល់យោបល់ឱ្យទណ្ឌិត សម រង្ស៊ី អ្នកនយោបាយចាញ់ចាស់វស្សាថា កុំព្យាយាមទាញចំណេញនយោបាយ ដែលមិនមែនជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ហើយកុំធ្វើនយោបាយបែបអង្ករកំប៉ុង ត្រូវមានចក្ខុវិស័យវែងឆ្ងាយ គិតឱ្យបានល្អិតល្អន់ កុំធ្វើនយោបាយដូរបាយ។ ប៉ុន្តែដោយសារតែចរិតនយោ បាយទណ្ឌិតនេះគ្មានអ្វីច្បាស់លាស់របៀបនេះហើយ បានជាធ្វើនយោបាយតាំងពីមានបក្សរហូតអស់បក្ស និងរត់ចោលស្រុក រត់ចោលគុកទៀត និងជាប់ឈ្មោះជាជនក្បត់ជាតិដូចខ្មោចឪខ្លួន។
សូមជម្រាបទៅម្សៀរទណ្ឌិតរត់ចោលគុកឱ្យភ្លឺភ្នែកថា រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសពីបាតដៃទទេរហូតមក ដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ មិនមានធ្វើនយោបាយបែបហេងស៊យនោះទេ សុទ្ធតែមានផែនការ និងយុទ្ធសាស្រ្តនយោបាយត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គិតគូរបានល្អិតល្អន់ណាស់ ទើបអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់រាប់ទាំងផែនការទុច្ចរិតរបស់ក្រុមជនក្បត់ជាតិដែលប៉ុនប៉ងបំផ្លាញកម្ពុជាជាដើម ហើយចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរច្បាស់លាស់ ទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការជួយសង្គ្រោះ និងការពារសុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
ដូច្នេះអ្វីដែលទណ្ឌិតខិតខំនិយាយឱ្យ ឮសំឡេងនេះគឺគ្រាន់តែដើម្បីកុំឱ្យគេភ្លេចមុខប៉ុណ្ណោះ ហើយនិយាយឱ្យត្រង់គឺទណ្ឌិត សម រង្ស៊ីនេះគឺគ្រាន់តែជាអ្នកនយោបាយយោបល់ក្តៀនម្នាក់ប៉ុណ្ណោះ!!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១