(ភ្នំពេញ)៖ ប្រទេសកម្ពុជាយើងបានស្គាល់ «ត្រកូលអ្នកនយោបាយក្បត់ជាតិ» ៣ជំនាន់មកហើយដែលប្រវត្តិសាស្ត្របានចារទុកក្នុងក្រាំងមាស។ ប៉ុន្តែ វង្សត្រកូលមួយនេះក៍នឹងត្រូវបញ្ចប់ហើយ ត្រឹមទាយាទចុង ក្រោយរបស់ខ្លួនដែលកំពុងត្រៀមបញ្ចប់ អាជីពនយោបាយ ក៏ដូចជាបញ្ចប់វង្ស ត្រកូល«ក្បត់ជាតិ» បីជំនាន់របស់ខ្លួនយ៉ាងអាម៉ាស់បំផុត។
ត្រកូល «អ្នកនយោបាយក្បត់ជាតិ» មួយនេះដែលបានបន្តពីជីតាឪពុករហូតដល់កូនត្រូវបានលោក «ភិនយ៉ូ ភុងចារ៉ឺន ដែលជាហោរាសាស្ត្រដ៏ល្បីនៅស្រុកថៃ» ទស្សន៍ទាយប្រាប់សកម្មជនអតីតបក្សប្រឆាំងនៅឆ្នាំ២០១៥ ថា មេបក្សរបស់ខ្លួននឹង «ជួបគ្រោះធំប្រៀបដូចពស់ដាច់ក្បាល និងដាច់ដងខ្លួន-បាក់ឆ្អឹងខ្នង-ទៅមុខលែងរួច និងថយក្រោយមិនកើត » ជាពិសេសគឺដូចអ្នកលេងអុក គឺ «អស់ផ្លូវ, អស់ក្រឡាដើរទាល់ច្រកនិងត្រូវគេព័ទ្ធជិត»។
រហូតមកដល់បច្ចុប្បន្ននេះ ពាក្យសំដីទស្សន៍ទាយប៉ុន្មានឃ្លានេះ គឺគ្មានអ្វីខុសបន្ទិចនោះឡើយ ពោលគឺពេលនេះវង្សត្រកូល«ក្បត់ជាតិ» បីជំនាន់នេះពិតជានឹងត្រូវដាច់ពូជក្បត់ជាតិត្រឹមនេះដូចអ្វីដែលហោរាសាស្ត្រថៃរូបនេះបាននិយាយបញ្ជាក់ថា «ជំហ៊ានរបស់លោក ហ៊ុន សែន ដែលកំពុងដឹកនាំគឺជាជំហ៊ានគីង្គក់ ប៉ុន្តែពីមួយ ជំហ៊ានទៅមួយជំហ៊ានគឺលោក ហ៊ុន សែន ប្រើទម្ងន់ដំរី»។
ក្រោមកណ្តាប់ដៃបុរសខ្លាំងកម្ពុជាឈ្មោះ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយតែ ម្នាក់គត់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលអាចបង្ក្រាបត្រកូល «ក្បត់ជាតិបីជំនាន់» នេះបាន ពីព្រោះសូម្បីតែជំនាន់ព្រះបរមរតនៈកោដ្ឋ ព្រះបិតាជាតិដ៏ល្បីល្បាញក៏មិនអាចផ្តាច់ឬសគល់ត្រកូល «ក្បត់ជាតិ» នេះបានដែរ។ មុនផុតរលត់ពីដែនដីកម្ពុជរដ្ឋត្រកូល «អ្នកនយោបាយក្បត់ជាតិ» បានបង្ហាញសារជាតិចុងក្រោយរបស់ខ្លួនតាមរយៈ នយោបាយញុះញង់បំផ្លាញជាតិ ដោយយកឈាមនិងទឹកភ្នែកពលរដ្ឋខ្មែរធ្វើជាដើមទុន។
ល្បិចនយោបាយបំផ្លាញជាតិដែលទាយាទចុងក្រោយនៃ «ត្រកូលក្បត់ជាតិ ៣ជំនាន់» តែងប្រើអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះ បានបង្ហាញរូបរាងម្តងទៀតនៅ ពេលនេះ។ ទាយាទចុងក្រោយនេះបាននិងកំពុងឆ្លៀតឱកាសដែលប្រទេសជាតិនិងប្រជាជនខ្មែរ កំពុងជួបការលំបាក ដោយសារជំងឺកូវីដ ១៩ ដើម្បីញុះញង់ឲ្យពលរដ្ឋងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន។ ដូចដែលយើងបានដឹង ទាំងអស់គ្នារួចហើយ កាលពីប្រទេសកម្ពុជា នៅមានអ្នកឆ្លងតិចតួច «ទាយាទត្រកូលក្បត់ជាតិបីជំនាន់» រូបនេះ បានឃោសនាបំភាន់ខ្មែរថា ជនជាតិខ្មែរ «មានហ្សែន ពូជខ្មែរអង្គរ» ដែលមិនឆ្លងជំងឺ កូវីដ-១៩ ទេ។ ដល់ពេលពលរដ្ឋខ្មែរចាប់ផ្តើមឆ្លងកាន់តែច្រើន «ទាយាទត្រកូលបំផ្លាញជាតិ» ដដែលនេះបានឃោសនាបំភាន់ថា កម្ពុជាគ្មានកូវីដពិតប្រាកដនោះទេ តែជា «កូវីដនយោបាយ»។
គោលដៅសំខាន់បំផុតរបស់ពួកគេ គឺកុំឲ្យពលរដ្ឋជឿថាមាន រោគរាតត្បាតកូវីដ ១៩ បើទោះបីជាក្នុងប្រទេសដែលជននេះកំពុងរស់នៅ និងប្រទេសដែលខ្លួន ចាត់ទុកជាចៅហ្វាយនាយ មានឆ្លងរាប់សិបលាននាក់និងស្លាប់រាប់សែននាក់គរជើងលើគ្នាក៏ដោយ។ អ្វីដែលទាយាទ ចុងក្រោយនេះចង់បានគឺ ធ្វើយ៉ាងម៉េចដើម្បីឲ្យពលរដ្ឋខ្មែរឆ្លងនិងស្លាប់កាន់តែច្រើន គឺកាន់តែល្អសំរាប់ ពួកគេ។ នៅពេលដែល រដ្ឋាភិបាលលោក ហ៊ុន សែនផ្តើមស្វះស្វែងរក វ៉ាក់សាំងដើម្បីចាក់ការពារប្រជាពលរដ្ឋ ពួកគេនិយាយចំអកថា មិនទាន់ដល់ពេលដែលត្រូវនិយាយអំពី វ៉ាក់សាំងទេ។ ពេលវ៉ាក់សាំងមកដល់ ពួកគេឃោសនារារាំងមិនឲ្យខ្មែរទៅទទួល វ៉ាក់សាំងដោយប្រឌិត ព័ត៌មានថា វ៉ាក់សាំងចិនយកមកសម្លាប់ខ្មែរ។
ប៉ុន្តែ នៅទីបំផុត នយោបាយ «បាយ បិណ្ឌជាបាយបាត្រ» បានជំរុញឲ្យទាយាទត្រកូលក្បត់ជាតិនេះបែរមកទទួលស្គាល់ វ៉ាក់សាំងចិនហើយអំពាវនាវឲ្យពលរដ្ឋខ្មែរទៅទទួលវ៉ាក់សាំងដោយបង្កប់ល្បិចពិសពុលបង្កចលាចលសង្គម។ ប៉ុន្តែ គ្រប់ស្នៀត គ្រប់ល្បិចកលរបស់ «ទាយាទត្រកូលក្បត់ជាតិ» ត្រូវបានបំបាក់ទាំងស្រុងដោយស្នាដៃលោក ហ៊ុន សែន។ ឥឡូវនេះ ស្រាប់តែ បញ្ជេញស្នៀតដដែលមកម្តងទៀតគឺជាស្នៀតដែលធ្លាប់ទទួលការបរាជ័យរាប់ មិនអស់។ នោះគឺការ អំពាវនាវឲ្យប្រជាពលរដ្ឋងើបបះបោរ ប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន ដោយយកហេតុផលគួរឲ្យអស់សំណើចថា វិធានការដើម្បីបង្ការកុំឲ្យពលរដ្ឋខ្មែរឆ្លងកូវីដ ១៩ គឺជាទារុណកម្មដែលធ្វើទៅលើ ប្រជាពលរដ្ឋ។ សំណួរសួរថា តើនៅ ក្នុងប្រទេសដែល បុគ្គលនេះកំពុងជ្រកកោន មាន វិធានការបែបនេះឬទេ? មានមនុស្សឆ្លងនិងស្លាប់ឬទេ? ចម្លើយឆ្លើយថាមាន ហើយមានច្រើននិងធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយណាស់។
ដូច្នេះ បើសិនជាចង់យកបញ្ហាកូវីដ នៅកម្ពុជាធ្វើជា កម្មវត្ថុនៃការស្តីបន្ទោសលើ មេដឹកនាំប្រទេស ទាយាទចុងក្រោយនៃត្រកូលក្បត់ជាតិ ប្រហែលជាយល់ ច្រឡំហើយ ។ ហើយអ្វីដែលជននេះនិងក្រុមបរិវាលើកឡើងវាទំនងជាឡងទៅត្រូវចៅហ្វាយនាយបរទេសរបស់ខ្លួន ឬប្រទេសដែលខ្លួនកំពុងរស់នៅច្រើនជាងពីព្រោះស្ថានភាព នៅទីនោះ ពិតជាធ្ងន់ធ្ងរជាងកម្ពុជា ឆ្ងាយខ្លាំងណាស់។ ដោយហេតុតែចង់ ចាប់កំហុសលោក ហ៊ុន សែន ពេក ជននេះក៏វង្វេងភ្លេច គិតថា ចៅហ្វាយខ្លួនឯងបាននិងកំពុងតែវ័ណ្ឌកជាងកម្ពុជា ទៅទៀត ហើយការ បន្ទោសកម្ពុជាថាគ្មានសមត្ថភាពគ្រប់គ្រង កូវីដ ១៩ គឺមានន័យ ស្មើនឹងការទះកំភ្លៀងចៅហ្វាយនាយរបស់ខ្លួនយ៉ាងពេញទំហឹង។ នេះហើយជាអ្វីដែលគេហៅថា «នយោបាយបាចអង្កាមបញ្ច្រាសខ្យល់»។
តើមានអ្នកនយោបាយណានៅលើភពផែន ដីនេះដែលចង់ឃើញ ប្រទេសជាតិនិង ប្រជាពលរដ្ឋរបស់ខ្លួនរងគ្រោះព្រោះតែដើម្បីកេងចំណេញ នយោបាយដូចក្រុមអ្នកនយោបាយ «ត្រកូលក្បត់ជាតិបីជំនាន់»នេះដែរឬទេ? គឺប្រាកដជាគ្មានទេ។ ដូច្នេះ ដោយសារតែអំពើអាក្រក់របស់ខ្លួន វាសនា«ត្រកូល នយោបាយក្បត់ជាតិ» ត្រូវបានចារ មកថាត្រូវបិទបញ្ចប់ត្រឹមនេះ ពីព្រោះ ប្រជាពលរដ្ឋខ្មែរបានកត់ត្រានិងចងចាំយ៉ាងច្បាស់ថា «ត្រកូល នយោបាយក្បត់ជាតិ» រូបនេះពុំបានធ្វើអ្វីសូម្បីតែបន្តិចបន្តួចឡើយ ដើម្បីជួយពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនៃដំណើរការប្រយុទ្ធប្រឆាំងនឹងកូវិដ១៩ ក្រៅតែពីការបំពុលនិងញុះញង់អោយមាន អំពើហិង្សាដើម្បីបំរើមហិច្ឆតានយោបាយនិងគំនុំសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែរក៏ពិតជាបានដឹងនិងយល់ ច្បាស់ណាស់ថា តើនរណាដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំក្នុង សមរភូមិប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដើម្បីការពារសេចក្តី សុខសានរបស់ពលរដ្ឋខ្មែរចេញពីការយាយី នៃជំងឺឆ្លងដ៏កាចសាហាវផង និងពីការយាយីរបស់ «ទាយាទ នៃត្រកូលនយោបាយក្បត់ជាតិ» ផង។
សរុបមកវីញ សំឡេងអំពាវនាវរបស់ «ទាយាទនយោបាយ ត្រកូលក្បត់ជាតិ» រូប នេះដែលចង់ឲ្យពលរដ្ឋនិងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹង រដ្ឋាភិបាល ធ្លាប់បានធ្វើច្រើនលើកមកហើយៗលើក នេះក៏គ្មានអ្វីចម្លែកអាច ទាក់ទាញការចាប់ អារម្មណ៍របស់ពលរដ្ឋខ្មែរនោះឡើយព្រោះវាគ្រាន់តែជាសំឡេង បំផុសញុះញង់ដែលគេធ្លាប់លឺឡើងសង្កៀរត្រចៀកទៅ ហើយៗនេះគឺដូចទៅនឹងអ្វីដែល ហោរាសាស្ត្រថៃបានទស្សន៍ទាយបញ្ជាក់ រួចហើយថា «ទាយាទ នយោបាយត្រកូល ក្បត់ជាតិ» រូបនេះនៅសល់តែវិធីម៉្យាងគត់គឺ «បោះទូកបោះសេះអោយសត្រូវស៊ីដើម្បីការពារខ្លួនតែប៉ុណ្ណោះ» ពោលគឺការរុញអោយប្រជាជនងើបបះបោរ ប្រើអំពើហឹង្សានិងបំពានច្បាប់ដើម្បី អោយមានការប៉ះទង្គិចបង្ហូរឈាមដើម្បីជួយ សង្គ្រោះជីវិតនយោបាយនៃត្រកូលក្បត់ជាតិ៣ជំនាន់នេះតែប៉ុណ្ណោះ»។
ដោយ៖ អ្នកនយោបាយ តុកាហ្វេ