(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចបីប្រទេសក្នុងតំបន់អាស៊ានរបស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​ត្រូវបានគេមើលឃើញ​ថាបានបង្កប់​នូវនយោបាយបន្សាបឥទ្ធិពលចិននិងហ៊ុំព័ទ្ធចិនដែលជាកេរតំណែលសល់ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីល ឡារី ស្តីពីតុល្យភាពរវាងអាមេរិកនិងចិននៅក្នុងតំបន់និងជាពិសេសនៅប្រទេសកម្ពុជាកាលពីមួយទសវត្សរ៍មុន (ឆ្នាំ២០១០)។

ពិតណាស់ស្ថានភាពភូមិសាស្រ្តនយោបាយតំបន់បច្ចុប្បន្នមិនដូចគ្នាទាំងស្រុងទៅនឹងសករាជលោក អូបាម៉ា នោះទេ តែអាមេរិកក៏មិនទាន់ហួសពេលដើម្បីប្រជែងឥទ្ធិពលរបស់ខ្លួនជាមួយចិននោះដែរ។ តាមរយៈការតាមដាននយោបាយពីក្រៅឆាក ខ្ញុំសាកល្បងធ្វើការកត់សំគាល់ខ្លះៗអំពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រីមកកាន់ប្រទេសឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ដូចតទៅ៖

ក្នុងចំណោមបណ្ដាប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ ទោះបីកម្ពុជាតូច តែភូមិសាស្ត្រនយោបាយមិនអាចឲ្យអាមេរិកមើលរំលងឡើយ ។ ដើម្បីរំលេចពីខ្លឹមសារនិងអ្វីដែលអាមេរិកចង់បាននៅពេលនេះ សូមតាមដានទាំងអស់គ្នាថាអាមេរិកបានលើកនិងពិភាក្សាអ្វីខ្លះនៅក្នុងប្រទេសទីមួយៗ។

ឥណ្ឌូនេស៊ី៖ ជាប្រទេសទី១ដែលលោកស្រី Sherman បានឈានជើងចូលមុនគេ ហើយថ្លែងថា ប្រទេសមួយនេះបាន «ប្តេជ្ញាចិត្តខិតខំក្នុងគោលបំណងធ្វើឲ្យប្រទេសភូមាត្រឡប់ទៅរកមាគ៌ាឆ្ពោះទៅរកអនាគតប្រជាធិបតេយ្យ ដឹកនាំដោយជនស៊ីវិល»។ លោកស្រីបានបន្តថា គាត់បានចូលរួមក្នុង «កិច្ចពិភាក្សាតុមូលជាមួយលេខាធិការដ្ឋានអាស៊ាននិងតំណាងអចិន្រ្តៃយ៍អាស៊ានទាំង១០ ។ ខ្ញុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតួនាទីស្នូលអាស៊ាន ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក សណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាតម្រូវការបន្ទាន់ដើម្បីដោះស្រាយវិបត្តិនៅភូមា»។ (ភូមា‌!!!)

ដោយឡែកនៅប្រទេសថៃ លោកស្រីបានថ្លែងថា «ថៃជាសម្ព័ន្ធមិត្តនិងជាដៃគូដ៏យូរលង់របស់អាមេរិក។ យើងបានពិភាក្សាពីសារៈសំខាន់នៃការធ្វើការជាមួយគ្នាដើម្បីជំរុញភាពរុងរឿងសន្តិសុខ និងគុណតំលៃរួមគ្នារបស់យើងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងក៏បាននិយាយអំពីបញ្ហាដែលត្រូវបានចែករំលែករួមទាំងសម្ព័ន្ធមិត្តអាមេរិក-ថៃ ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសន្តិសុខនិងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។ (បញ្ឆិតបញ្ឆៀងឲ្យថៃ ក៏ដូចជាភូមា‌ដែលជាប្រទេសជាប់របងជាមួយថៃ!)

ចុះនៅកម្ពុជាវិញលោកស្រីបានលើកអ្វីខ្លះ?
នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចបីប្រទេស លោកស្រីបានថ្លែងថា «នៅប្រទេសកម្ពុជា ខ្ញុំមានការសន្ទនាដោយត្រង់ជាមួយនាយករដ្ឋមន្រ្តីហ៊ុន សែន អំពីទិសដៅដែលប្រទេសកំពុងដឹកនាំ រួមមានវត្តមានរបស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ក៏ដូចជាសិទ្ធិមនុស្សនិងកំណត់ត្រាប្រឆាំងប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំបានទទូចឲ្យរដ្ឋាភិបាលបើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាពនៅមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣»

លោកស្រី ក៏បានអះអាងថា សហរដ្ឋអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធាននៃសមាគមអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនានៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗនៅក្នុងតំបន់ដូចជា បញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។ លោកស្រីបានអំពាវនាវឲ្យកម្ពុជា ក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន កំណត់ឲ្យរបបយោធាភូមាមានការទទួលខុសត្រូវចំពោះការឯកភាពគ្នាជាឯកឆន្ទលើ៥ចំណុចរបស់អាស៊ាន ដែលមានបំណងដោះស្រាយវិបត្តិដែលកំពុងកើតមាននៅប្រទេសភូមា។ (វិលចូលភូមាទៀត!)

ពិតណាស់មានរឿងរ៉ាវជាច្រើនទៀតដែលលោកស្រីបានពិភាក្សាក្នុងជំនួបរយៈពេលពីរម៉ោងជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងចំណោមបញ្ហាទាំងនោះ ការមន្ទិលសង្ស័យរបស់អាមេរិកពីវត្តមានយោធាចិននៅរាម (ខេត្តព្រះសីហនុ) គឺជាប្រធានបទដ៏ក្តៅគគុកដែលអាមរិកបន្តលើករហូតធ្វើឲ្យមន្រ្តីកម្ពុជានិយាយថា «ធុញ ហើយជ្រេញ» ។ លោកស្រីក៏បានស្នើឱ្យមានទស្សនកិច្ចអនុព័ន្ធយោធាអាមេរិក ទៅកាន់រាមដែលនាយករដ្ឋមន្រ្តីកម្ពុជាបានស្វាគមន៍និងអនុញ្ញាតឲ្យទៅមើល។ ត្រង់ចំណុចនេះធ្វើឲ្យគេគិតថា បើសិនជាគ្មានភស្តុតាងថា មានចិននៅរាមមែន ពេលនោះក៏ជាឱកាសសម្រាប់កម្ពុជាដើម្បីលាងនូវក្តីមន្ទិលសង្ស័យដែលអូសបន្លាយរាប់ឆ្នាំមកហើយ ប៉ុន្តែក៏មានការចោទជាសំណួរថាតើអាមេរិកនឹងបញ្ឃប់ការចោទប្រកាន់ឬក៏នឹងលេចចេញអ្វីថ្មីទៀត?

នៅក្នុងជំនួបដដែល គេអត្ថាធិប្យាយថាលោកស្រី Sherman មាឌមិនធំទេ តែសម្តី «ថ្លោស» ហើយតែងយកឈ្មោះប្រធានាធិបតី ចូ បៃឌិន មកពាំងដើម្បីឲ្យមានទំងន់ពាក្យដែលគាត់និយាយ។ សង្ខេបឲ្យខ្លីអ្វីដែលអាមេរិកចង់បានគឺទប់ស្កាត់ចិន និងហ៊ុំព័ទ្ធចិន។ សម្រាប់ពលរដ្ឋសាមញ្ញគេប្រដូចចិននាពេលនេះទៅនឹងស្តេចប្រដាល់អាស៊ីមួយរូបគឺ ម៉ានី ប៉ាកគីអាវ (Manny Pacquaio) ដែលបានផ្តួលកំពូលអ្នកប្រដាល់អាមេរិកម្តងមួយៗស្ទើរចង់អស់ទៅហើយ។ ក្នុងបរិបទស្រដៀងគ្នានេះ ឥទ្ធិពលចិនក៏កំពុងលាតសន្ធឹងធំៗទៅស្ទើរគ្រប់ទ្វីបទាំងអស់ដែលធ្វើឲ្យអាមេរិកព្រួយបារម្ភ។

កម្ពុជាទទួលបានសន្លឹកបៀថ្មី៖
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានផ្ញើលិខិតមួយសន្លឹកជូននាយករដ្ឋមន្រ្តី ហ៊ុន សែន។ គេនាំគ្នាសន្និដ្ឋានថា នេះជាសន្លឹកបៀថ្មីមួយសម្រាប់កម្ពុជា ហើយខ្លឹមសារលិខិតដែលត្រូវឆ្លើយតបទៅវិញអាចជារបត់នយោបាយការបរទេសថ្មីរបស់កម្ពុជាចំពោះអាមេរិក។ សន្លឹកបៀថ្មីនេះអាចបង្កប់នូវសារនយោបាយមួយផ្ញើទៅចិនផងដែរ ដើម្បីឲ្យពិចារណាថា តើត្រូវជួយកម្ពុជាទាំងដងសន្ទូច ឬត្រឹមអ្វីដែលកំពុងផ្តល់ឲ្យ?

អំពីគណបក្សនយោបាយ៖
ជំនួបរបស់លោកស្រី Sherman ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់មកជាមួយនូវលិខិតរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្វើឲ្យមតិមួយចំនួនប៉ាន់ស្មានថាជាទស្សនកិច្ចដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ជាពិសេស «ទំនាក់ទំនងដែកថែបកម្ពុជា-ចិន» ។ ក្រោយពីជួបជាមួយសម្តេច ហ៊ុន សែន អស់រយៈពេល២ម៉ោង ភ្លាមៗនោះលោកស្រី Sherman ក៏បានបង្វែងដានទៅជួបលោក កឹម សុខា ស្ងាត់ៗបាន២០នាទីទៀត ដោយគ្មានប្រាប់ម្ចាស់ផ្ទះមួយម៉ាត់ឡើយ។

តើគាត់ជួបលោក កឹម សុខា នៅឯណានិងនិយាយពីអ្វី?
ក្រោយពីលោកស្រី Sherman ប្រកាសថា បានជួបលោក កឹម សុខា ភ្លាម ធ្វើឲ្យគេឆ្ងល់ថា ជំនួបនោះធ្វើនៅស្ថានទូតអាមេរិក ឬក៏នៅគេហដ្ឋានរបស់លោក កឹម សុខា? ក្រោយមកទើបដឹងថា ធ្វើនៅនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក នៅក្បែរវិមានឯករាជ្យឯណោះទៅវិញទេ។ តាមបែបពិធីការការទូត គេវិភាគថា ការជួបនៅនិវេសនដ្ឋានរបស់ទូត ជាកម្រិតមួយទាបជាងធ្វើនៅស្ថានទូត ឬនៅគេហដ្ឋានរបស់លោក កឹម សុខា នោះក៏ប្រហែលដោយសារតែលោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយនោះឯង។ នៅក្នុងជំនួបលោកស្រីបាន ពិភាក្សាពីសារ:សំខាន់រួមគ្នាមួយចំនួនរួមទាំងការធានានូវអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព អធិបតេយ្យភាព និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។

ការជួបលោក កឹម សុខា ជះឥទ្ធិពលដល់គណបក្សកាន់អំណាចដែរឬទេ?
ទន្ទឹមនឹងការវាយតម្លៃនានាតាមការយល់ឃើញបែបប្រជាធិបតេយ្យ ក៏មានមតិមួយចំនួនបានវិភាគឃើញថា ការជួបសង្គមស៊ីវិល និងលោកកឹម សុខា ជាការប្រថាប់ត្រានៃការទូតប្រជាធិបតេយ្យរបស់អាមេរិក ផ្ទុយទៅវិញលិខិតរបស់ប្រធានាធិបតី ចូ បៃឌិន ទៅវិញទេដែលជាវិញ្ញាសារធំសម្រាប់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រោះពេលនេះអាមេរិកត្រូវការនិយាយជាមួយកម្ពុជា ទទួលស្គាល់តួនាទីសំខានរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះពីរជុំគឺ៖ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នៅចុងឆ្នាំនេះដែលមានមេដឹកនាំធំៗរហូតដល់៥៣រូបចូលរួម និងកិច្ចប្រជុំអាស៊ានមួយឆ្នាំពេញ២០២២ ខាងមុខនេះ ។

ឥរិយាបទលោកស្រី Wendy Sherman ពេលជួបជាមួយសម្តេច ហ៊ុន សែន និងជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា
សូមមើលពីសម្លៀកបំពាក់ និងរបៀបសំពះ...

ចូលដល់ខ្លឹមសារក្រោយវាំងនននៃជំនួប៖
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី Sherman បានប្រើពាក្យមួយចំនួនជុំវិញបញ្ហាតំបន់ ដែលកម្ពុជាចាត់ទុកថាជា «ការគំរាមកំហែង» មួយ រហូតធ្វើឲ្យមន្រ្តីជាន់ខ្ពស់មួយរូបរបស់កម្ពុជាប្រតិកម្មថា ការថ្លែងបែបនេះសឹងធ្វើឲ្យកម្ពុជាគិតដល់ «ជាពេលវេលាជិតឈានដល់ជំហរមួយដែលយើងចង់ចៀសវាងបំផុត គឺត្រូវជ្រើសរើសខាងណា» ។ ការថ្លែងប្រតិកម្មបែបនេះ ក៏ដោយសារនៅក្នុងជំនួបលោកស្រី Sherman បានបន្តនិទានរឿង «រាំបទសារ៉ាវ៉ាន់» ដោយសម្តែងក្តីព្រួយបារម្ភអំពីវត្តមានយោធារបស់ចិននិងការសាងសង់អគារនៅឯមូលដ្ឋានទ័ពជើងទឹករាម។ លោកស្រីបានស្នើសុំការបំភ្លឺអំពីការវាយកម្ទេចអគារដែលឧបត្ថម្ភថវិកាដោយអាមេរិកចំនួនពីរនៅរាមដែលលោកស្រីថា គ្មានការជូនដំណឹង ឬការពន្យល់ឡើយ ហើយបន្ថែមទៀតថាឥរិយាបទបបែបនេះរបស់កម្ពុជានឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់ខ្លួន គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។

តើកម្ពុជាឆ្លើយយ៉ាងដូចម្តេច?
កម្ពុជាបានឆ្លើយបញ្ជាក់ថា កម្ពុជាបានជូនដំណឹងដល់អនុព័ន្ធយោធារបស់អាមេរិកនៅខែកក្កដា ឆ្នាំ២០១៩ អំពីការផ្លាស់ប្តូរទីតាំងគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រដើម្បីអនុញ្ញាតឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខនៅទីនោះ។ ហេតុផលគឺទីតាំងនោះមានទំហំតូច គ្មានកន្លែងចូលចត ពុំអាចពង្រីកបន្ថែមបាន និងការលំបាកសម្រាប់បុគ្គលិកធ្វើការចេញចូលនៅក្នុងតំបន់ដែលត្រូវបានហាមឃាត់។

តើកម្ពុជាត្រៀមខ្លួនធ្វើឲ្យទំនាក់ទំនងល្អប្រសើរជាងមុនដែរទេ?
កម្ពុជាបានបញ្ជាក់ថា តែងតែចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ឧទាហរណ៍ជាច្រើនដែលត្រូវបានលើកមកអះអាងដូចជា៖ ការផ្តល់ដីដ៏ល្អសម្រាប់ស្ថានទូតអាមេរិកនៅកណ្តាលទីក្រុងភ្នំពេញ សហប្រតិបត្តិការដ៏ល្អផ្នែកមនុស្សធម៌ស្តីពីទាហានអាមេរិកបាត់ខ្លួន។ល។ និង ។ល។ ជុំវិញសំណួរអំពីទំនាក់ទំនាក់ទំនងពិសេសរវាងកម្ពុជានិងអាមេរិក មន្រ្តីជាន់ខ្ពស់ខាងលើបានថ្លែងថា ស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសពីរ ជាធម្មតាពឹងផ្អែកលើភាគីទាំងពីរ។ «វាត្រូវការពីរនាក់ដើម្បីអាចរាំបទតុងហ្គោបាន (tango)»។ ប៉ុន្តែស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសធំមួយ និងប្រទេសតូចមួយគឺពឹងផ្អែកខ្លាំងទៅលើប្រទេសដែលខ្លាំងជាង និងធំជាង ជាក់ស្តែងក្នុងបរិបទអាមេរិក-កម្ពុជា គឺស្ថិតនៅលើ «អ្នកខ្លាំង និងអ្នកដែលធំជាង មានន័យថា បើយើងបោះដៃទៅគេមិនទទួលក៏ទៅមិនរួចដែរ»

ត្រឡប់មករឿងមូលដ្ឋានទ័ពជើងទឹកនៅរាមវិញ!
កម្ពុជាបានបង្ហាញរួចទៅហើយដោយផ្តល់នូវការធ្វើទស្សនកិច្ចនៅក្នុងបរិវេណយោធា ដែលគ្មានប្រទេសអធិបតេយ្យណាមួយអនុញ្ញាតឲ្យធ្វើដូចនេះទេ ព្រោះវាជាបញ្ហាសន្តិសុខជាតិ។ យោងតាមមន្រ្តីជាន់ខ្ពស់ខាងលើ ក្នុងពេលជួបជាមួយ Wendy Sherman នាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ស្តីពី «កិច្ចព្រមព្រៀងសម្ងាត់» រវាងកម្ពុជា និងចិនទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹកនៅរាម ដែលពេលនោះសម្តេច ហ៊ុន សែន បានស្នើផ្ទុញឲ្យភាគីអាមេរិកបង្ហាញនូវកិច្ចព្រមព្រៀងសម្ងាត់នោះ តែលោកស្រី Sherman ឆ្លើយថា «យើងមិនមានទេ ប៉ុន្តែយើងបានឃើញ!»។

កម្ពុជា ជាមួយមហាអំណាចទាំងពីរ៖
អាមេរិកចាត់ទុកកម្ពុជាថាជាកូនជឹងរបស់ចិន ចំពេលដែលប្រទេសចិនអះអាងថា ទំនាក់ទំនងនិងមិត្តភាពរបស់ចិនជាមួយកម្ពុជាមានភាពរឹងមាំដូច «ដែកថែប»។ មិត្តភាព «ដែកថែប» ជាភាសាមួយដែលចាប់ផ្តើមពេញនិយមនៅប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងអាមេរិកក៏បានប្រកាសដូចគ្នាថា កិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយអ៉ីស្រាអែលគឺរឹងមាំដូច «ដែកថែប» ។ អំពីសេដ្ឋកិច្ចវិញ ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកក្នុងឆ្នាំ២០២០ មានចំនួនទឹកប្រាក់ ៦,៦ ពាន់លានដុល្លារ ចំណែកទៅកាន់ប្រទេសចិនមានត្រឹម ១,០៨ ពាន់លានដុល្លារប៉ុណ្ណោះ។ រីឯជំនួយវិញ អាមេរិកបានជួយកម្ពុជា១១លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២០ សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈប្រទេសចិនបានជួយរហូតដល់៥០០លានដុល្លារ ។

អាមេរិកចង់បានអ្វីនៅពេលនេះ?៖
មន្រ្តីជាន់ខ្ពស់ខាងលើយល់ថា អាមេរិកចង់ដាក់ទណ្ឌកម្មលើប្រទេសមួយ ដោយគ្រាន់តែផ្អែកលើមូលដ្ឋាននៃការចោទប្រកាន់របស់គេ ទោះជា «ពិតឬមិនពិត» ក៏ដោយ។ «អាមេរិកបានកុហកពិភពលោកទាំងមូល អំពីអាវុធបំផ្លាញលោកនៅអ៉ីរ៉ាក់ដើម្បីកម្ចាត់ សាដាម ហ៊ូសេន។ ពួកគេអាចកុហកម្តងទៀតដើម្បីដាក់ទណ្ឌកម្មកម្ពុជាដោយគ្រាន់តែកម្ពុជាមានភាពជិតស្និទ្ធជាមួយនឹងចិន»

ដោយ៖ ពុយ គា
អត្ថបទរឿងរ៉ាវក្រៅឆាកនេះ មិនមែនជាការបញ្ចេញមតិ ឬការវិភាគរបស់អ្នកនិពន្ធឡើយ តែជាការដកស្រង់នូវខ្លឹមសារពីកិច្ចពិភាក្សា និងការដកស្រង់សំដីដើមនៃប្រភពព័ត៌មាន ចងក្រងជាវគ្គខ្លីៗដើម្បីឲ្យអ្នកអានងាយយល់ ហើយពិចារណាដោយខ្លួនឯង ព្រោះអ្នកនិពន្ធពុំបានធ្វើសំយោគសេចក្តីឬខ្លឹមសារអ្វីឡើយ៕