(ភ្នំពេញ)៖ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ របស់ខ្លួនបានប្រមាណជិត ៣លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជិត៣០ភាគរយ ធៀបនឹងគោលដៅចំនួន ១០លាននាក់ ឬប្រមាណ ១៧ភាគរយ នៃចំនួនប្រជាជនសរុប។ បើតាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពីសឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋានមួយចំនួន បានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មាន មិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាព បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាព ព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿន នានាដែរសោះ។
គេអាចនៅចាំបានថា នៅពេលដែលការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ផ្តើមមានវត្តមាន នៅលើទីផ្សារជាបណ្តើរៗ, មានប្រទេសជាច្រើន ចាប់ផ្តើមប្រជែងគ្នាទិញភ្លាមៗ តែក៏មានប្រទេសខ្លះហាក់ នៅរារែក ដោយសារហេតុផលផ្សេងៗគ្នាដែរ។ ដោយឡែកចំពោះកម្ពុជាវិញ គេបានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកការសម្រេចចិត្តដ៏ត្រឹមត្រូវ, ដាច់ណាត់ និងទាន់ពេលវេលា តាំងពីដំបូងទីមកម្ល៉េះ ពាក់ព័ន្ធនឹងការទិញ និងការទទួលបាននូវ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយបានចាត់ទុកថា វ៉ាក់សាំងជាតម្រូវការជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការប្រយុទ្ធ និងឈានទៅលុបបំបាត់ជំងឺកូវីដ-១៩ ហើយកម្ពុជាបានប្រកាន់យកនូវ គោលការណ៍បុរេសកម្ម ដើម្បីអាចទិញ និងទទួលបានវ៉ាក់សាំងឱ្យបានឆាប់បំផុត ដោយមិនរង់ចាំរហូត ដល់ពេលមានការបែងចែកទូលំទូលាយជាសាកលបានទេ។
ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលនេះ មិនមែនជារឿងចៃដន្យទេ ឬក៏អាចថា ជាការផ្សងព្រេងនោះដែរ តែវាកើតចេញពីការគិតគូរ និងការខិតខំប្រឹងប្រែង ក្នុងស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល ដែលតែងទម្លាប់ដើរ ទៅមុខ ឱ្យបានមុនសភាពការណ៍ជានិច្ច ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងបានលើកឡើងជារើយៗ និងនៅក្នុងពេលថ្មីៗនេះថា «ប្រទេសយើងក្រ តែយើងមិនក្រខាងគិតគូរ និងរកវិធីការពារអាយុជីវិត ប្រជាជននោះទេ»។
ក្នុងស្មារតីខាងលើនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ និងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០ កន្លងទៅ ដើម្បីរៀបចំផែនការ និងយុទ្ធសាស្រ្តទិញ និងទទួលបានវ៉ាក់សាំង ឱ្យបានលឿនឆាប់រហ័ស និងគ្រប់ចំនួន សមល្មមនឹងទំហំ នៃតម្រូវការ និងស្ថានភាពជាក់ស្តែងកម្ពុជា ដោយធានាបាននូវសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាព ស្របទៅតាមផែនការ យុទ្ធសាស្រ្តជាតិ ចាក់វ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឱ្យបានគ្រប់ចំនួនគោលដៅ ១០លាននាក់។
កម្ពុជាក៏បានកំណត់នូវយុទ្ធសាស្រ្ត ទិញវ៉ាក់សាំងរបស់ខ្លួន ដោយចំហ និងឥតលាក់លៀម ដោយផ្អែកលើគោលការណ៍ និងលក្ខខណ្ឌចាំបាច់មួយចំនួន ដែលរួមមាន៖
*ទី១៖ កត្តាសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព
*ទី២៖ ភាពអាចរកទិញបាន និងថ្លៃសមរម្យ ព្រមទាំងភាពប្រាកដប្រជានៃការផ្គត់ផ្គង់ ដោយឥតដាច់សង្វាក់
*ទី៣៖ ភាពសមស្របនឹងលក្ខខណ្ឌ នៃអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធស្តុក និងដឹកជញ្ជូនវ៉ាក់សាំង ដែលមានស្រាប់
*ទី៤៖ ការថ្លឹងថ្លែងអំពីទិដ្ឋភាពនយោបាយ អន្តរជាតិ នៃវ៉ាក់សាំង។
តាំងតែពីដើមរៀងមក, កម្ពុជាពុំធ្លាប់មានការរើសអើង ក្នុងការទិញ ឬការប្រើប្រាស់វ៉ាក់សាំងណាមួយទេ តែតែងប្រកាន់ខ្ជាប់នូវគោលការណ៍ និងលក្ខខណ្ឌខាងលើ ហើយបានខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ទាំងតាមរយៈយន្តការទ្វេភាគី និងពហុភាគី ព្រមទាំងការទំនាក់ទំនង ក្រុមហ៊ុនផលិត វ៉ាក់សាំងផ្ទាល់ផង ដើម្បីទទួលបាននូវវ៉ាក់សាំង សម្រាប់ការពារអាយុជីវិតប្រជាជន ទាំងតាមរយៈការផ្តល់ជាជំនួយ និងការទិញដោយខ្លួនឯង។
ជាក់ស្តែង, កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយយន្តការកូវ៉ាក់ (COVAX Facility) របស់អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីដំណាក់កាលដំបូងមកម្ល៉េះ ដើម្បីទទួលបាននូវជំនួយវ៉ាក់សាំងប្រមាណ ៧លានដូស តែរហូតមកទល់ពេលនេះ កម្ពុជាទទួលបានត្រឹមតែជាង ៣០ម៉ឺនដូសប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អូស្រ្តាលីក៏បានប្រកាសផ្តល់ជំនួយ វ៉ាក់សាំងដល់ កម្ពុជាចំនួន ៣លានដូសផងដែរ តែរហូតមកទល់ពេលនេះ ជំនួយវ៉ាក់សាំងទាំងនេះ នៅមិនទាន់មកដល់នៅឡើយ។ កម្ពុជាក៏ធ្លាប់ធ្វើការជាមួយប្រទេសឥណ្ឌា ដើម្បីចរចាទិញវ៉ាកសាំង AstraZeneca ផងដែរ ក៏ប៉ុន្តែនៅពេលដែលយើង បានឈានដល់ដំណាក់កាលចុះហត្ថលេខា លើកិច្ចសន្យាទិញ ជាមួយក្រុមហ៊ុន ផលិតទៅហើយ ស្រាប់តែរដ្ឋាភិបាលឥណ្ឌា បានបិទការនាំចេញ វ៉ាក់សាំងតែម្តង ដោយសារឥណ្ឌាកំពុងមានតម្រូវការវ៉ាក់សាំងខ្ពស់ សម្រាប់ប្រជាជនខ្លួន។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានចរចាទិញវ៉ាក់សាំង Janssen (ប្រភេទវ៉ាក់សាំងដែលចាក់តែ ១ ដូស) ដែលផលិតដោយក្រុមហ៊ុន Johnson & Johnson របស់អាមេរិក និងបានចុះកិច្ចព្រមព្រៀងរក្សាការសម្ងាត់ (Non-Disclosure Agreement) ជាមួយក្រុមហ៊ុននេះរួចផងដែរ។ ក៏ប៉ុន្តែកម្ពុជា ត្រូវរង់ចាំរហូត ទៅដល់ដើមឆ្នាំក្រោយ ទើបអាចទទួលបាននូវការផ្គត់ផ្គង់វ៉ាក់សាំង ពីក្រុមហ៊ុននេះបានដោយសារកត្តាសមត្ថភាពផលិត។ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្តី កម្ពុជាកំពុងបន្តធ្វើកិច្ចការទាំងអស់នេះ ស្របតាមកិច្ចព្រមព្រៀង។
ជាមួយគ្នានេះ កម្ពុជាក៏កំពុងបន្តការចរចាជាមួយមិត្តរុស្សី ក្នុងការទិញវ៉ាក់សាំង Sputnik V ផងដែរ។ ក្រៅពីការចរចា ទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតដោយផ្ទាល់ កម្ពុជាក៏បានស្នើសុំជំនួយវ៉ាក់សាំងចំនួន ៤លានដូស ពីសហរដ្ឋអាមេរិកផងដែរ តែនៅមិនទាន់បានទទួលចម្លើយឆ្លើយតបច្បាស់លាស់ពីសហរដ្ឋអាមេរិកវិញនៅឡើយ។ កម្ពុជាក៏បាន និងកំពុងធ្វើការជាមួយប្រទេសចិនយ៉ាងសកម្ម ហើយមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង Sinopharm ក្រោមក្របខណ្ឌជំនួយចំនួន ២,២ លានដូស និងវ៉ាក់សាំង SINOVAC ក្រោមកិច្ចព្រមព្រៀង ទិញដោយផ្ទាល់ ចំនួន ៤,៥លានដូស។ គួរបញ្ជាក់ដែរថា មកទល់នឹងពេល វ៉ាក់សាំងដែលកម្ពុជាទទួលបាន ហើយកំពុងយកមក ប្រើប្រាស់ គឺសុទ្ធតែមានការអនុម័តឱ្យប្រើប្រាស់បន្ទាន់ ដោយ WHO។
គិតមកទល់នឹងពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងចំនួន ៧ ០២៤ ០០០ដូស ក្នុងនោះ វ៉ាក់សាំងដែលបញ្ជាទិញពី Sinovac ចំនួន ៤,៥ លានដូស ហើយវ៉ាក់សាំងជាជំនួយចំនួន ២ ៥២៤ ០០០ ដូស (ពីរដ្ឋាភិបាលចិនចំនួន ២,២ លានដូស និងពីមជ្ឈមណ្ឌល COVAX ចំនួន ៣២៤ ០០០ ដូស)។
ប្រសិនបើមិនមានការ ប្រែប្រួលទេ កម្ពុជារំពឹងថា នឹងទទួលបានវ៉ាក់សាំង ៤លានដូសទៀតនៅក្នុងខែនេះ បន្ថែមលើ ១លានដូស ដែលបានមកដល់កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ។ ឥឡូវកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងអាចទទួលបាន ៣លានដូស សម្រាប់ខែកក្កដា និង៣លានដូសទៀត សម្រាប់ខែសីហា និងបន្តមកដល់ទៀតជាហូរហែ ក្នុងដំណើរឈានទៅសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនអាយុ ១៨ ឆ្នាំឡើង ចំនួន ១០ លាននាក់ ត្រឹមដំណាច់ឆ្នាំនេះ ដូចដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើត ឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១។
បើតាមការវាយតម្លៃ របស់អ្នកជំនាញក្នុងវិស័យសុខភាព សាធារណៈមួយចំនួនបានលើកឡើងថា ការទទួលបាននូវវ៉ាក់សាំងជាបន្តបន្ទាប់ ពិសេសវ៉ាក់សាំង ដែលផលិតដោយចិនទាំងជាជំនួយ ទាំងតាមរយៈការទិញផ្ទាល់ពីក្រុមហ៊ុន ផលិតក្តី បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមយុទ្ធសាស្រ្ត យុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយជោគជ័យ តាមអភិក្រម «ផ្ការីក» ពីរាជធានីភ្នំពេញ ពិសេសនៅតំបន់ក្រហម ដែលមានអត្រានៃការឆ្លងខ្ពស់ នៅក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១»។
ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ផ្តើមចេញចំណុចកណ្តាល នៃប្រទេសដែលផ្ទុះកូវីដខ្លាំងនេះ មិនត្រឹមតែបានជួយបង្កើន នូវទំនុកចិត្ត និងរក្សាលំនឹងសតិអារម្មណ៍ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាក៏បានជួយសម្រាល សភាពការណ៍ នៃ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១» បានមួយកម្រិតដែរ ទាំងផែ្នកសុខភាពសាធារណៈ ទាំងផ្នែកជីវភាព និងទាំងផ្នែកសេដ្ឋកិច្ច។
ផ្ទុយទៅវិញ ភាពច្របូកច្របល់ នឹងអាចកើតឡើងគ្រប់ពេល ហើយអាចនាំទៅដល់ ចលាចលខាងនយោបាយជាយថាហេតុផង ប្រសិនបើកម្ពុជា គ្មានវ៉ាក់សំាង ក្នុងដៃសម្រាប់ចាក់ជូនប្រជាជន ក្នុងពេលដែលពួកគាត់ កំពុងភ័យខ្លាច និងកំពុងស្ថិតនៅក្នុងពេលបិទខ្ទប់ទៀត។ ដូច្នេះជារួម វ៉ាក់សាំងផលិតដោយចិន នាពេលនោះ មិនត្រឹមតែបានជួយដោះស្រាយកង្វះវ៉ាក់សាំងប៉ុណ្ណោះទេ តែជាប្រភពបង្អែកសម្រាប់ធានា ការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ និងទាន់ពេល ក្នុងករណីវ៉ាក់សាំង មកពីប្រភពផ្សេងទៀត មកដល់យឺតយ៉ាវ។ ក្នុងន័យនេះ វ៉ាក់សាំងផលិតដោយចិន ពិតជាបានដើរតួនាទីជាវ៉ាក់សាំង យុទ្ធសាស្រ្តស្នូល របស់កម្ពុជាពិតប្រាកដមែន។
គួរបញ្ជាក់ថា វ៉ាក់សាំង ផលិតដោយចិន ទាំងជំនួយបរិច្ចាគ និងការទិញផ្ទាល់ គឺគ្មានភ្ជាប់លក្ខណ្ឌអ្វីទាំងអស់ដល់កម្ពុជា។ អ្នកជំនាញជាច្រើន យល់ឃើញស្របគ្នាថា ការបន្តប្រកាន់ខ្ជាប់ក្នុងការស្មារតីបុរេសកម្ម ក្នុងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ដើម្បីទិញ និងទទួលវ៉ាក់សាំងឱ្យបាន ឆាប់រហ័សដូចពេលនេះ នឹងធ្វើឱ្យកម្ពុជាពិតជាអាច នឹងសម្រេចបាននូវការចាក់វ៉ាក់សាំងពេញលេញ នៃប្រជាជនពេញវ័យសរុប ដើម្បីឈានទៅទទួល បានភាពស៊ាំជាសហគមន៍ (Herd Immunity) កាន់តែលឿន។ ទន្ទឹមនឹងនេះ ការបន្តអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង គួបផ្សំជាមួយនឹងការ ជំរុញវិធានការ ចាំបាច់ផ្សេងទៀត ពិសេសវិធានការ «៣-កុំ និង៣ការពារ» នឹងធ្វើឱ្យប្រទេសកម្ពុជា អាចវិលត្រឡប់ទៅ កាន់សភាពធម្មតា ឬតាមគន្លងប្រក្រតីថ្មី ដើម្បីអាចបើកដំណើរ ការសេដ្ឋកិច្ចបានជាសារវ័ន្ត ដែលធានាបាននូវការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព និងចីរភាព៕