(ភ្នំពេញ)៖ នៅប៉ុន្មានម៉ោងក្រោយពេលក្រុមតាលីបង់ បានវាយផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានឡើងគ្រប់គ្រងអំណាចទាំងស្រុងបន្ទាប់សហរដ្ឋអាមេរិកដកខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលទទួលរងនូវការរិះគន់ពីបរាជ័យសៃហ្គនទី២នៅអាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា៖ «បេសកកម្មរបស់សហរដ្ឋអាមេរិកមិនមែនក្នុងបំណងដើម្បីកសាងប្រទេស ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។
ប្រសាសន៍របស់ប្រធានាធិបតីអាមេរិករូបនេះ ទំនងជាភាសាដ៏ស្មោះបំផុតចេញអស់ពីបេះដូងដើម្បីឆ្លើយតបនឹងការចោទប្រកាន់ និងការរិះគន់វាយប្រហារទាំងឡាយ និងក៏ជាការបង្ហាញយ៉ាងច្បាស់ផងដែរពីគោលបំណងពិតនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគតគឺដាច់ខាតត្រូវតែការពារផលប្រយោជន៍សហរដ្ឋអាម៉េរិកនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់។
តាមរយៈសម្តីរបស់ប្រធានាធិបតីអាមេរិករូបនេះបានធ្វើឱ្យអ្នកតាមដានស្ថានការណ៍នយោបាយពិភពលោកយល់ថា បានធ្វើឱ្យប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន មិនដឹងប៉ុន្មាននាក់ទេ ក្អួតឈាមដោយសារតែជឿលង់ថា បេសកកម្មរបស់អាមេរិក គឺដើម្បីកសាងប្រទេសអាហ្វហ្កានីស្ថានមួយទំនើប ពោរពេញដោយសេរីភាព និងលទ្ធិប្រជាធិបតេយ្យចេញពីក្រុមតាលីបង់? តែពេលនេះពួកគេពិតជាបានដឹងច្បាស់ចំពោះគោលបំណងពិតដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចូលមកក្នុង ប្រទេសអាហ្វហ្កានីស្ថានទម្លាក់គ្រាប់បែកខ្ទេចខ្ទីប្រទេស ស្លាប់ទាហាន និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ មិនមែនមកជួយខ្លួនដើម្បីកសាងប្រទេសឡើយ តែគឺដើម្បីការពារផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ និងសងសឹកទៅលើក្រុមអាល់កៃដាដឹកនាំដោយអូសាម៉ា ប៊ិនឡាដិន និងក្រុមតាលីបង់ដែលជាសម្ព័ន្ធមិត្តគ្នា។
ពលរដ្ឋអាហ្វហ្កានីស្ថានខ្លះដែលផ្តល់បទសម្ភាសឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេស បាននិយាយថាខ្លួនបានជឿលើសហរដ្ឋអាមេរិកចំពោះបេសកកម្មសេរីភាព និងប្រជាធិបតេយ្យ។ តែ ២០ឆ្នាំមកនេះ បេសកកម្មដែលពលរដ្ឋអាហ្វហ្កានីស្ថានជឿជាក់លើបិតាប្រជាធិបតេយ្យសហរដ្ឋអាមេរិកនោះបានរលាយសូន្យសុងបាត់ ហើយបញ្ជាក់ច្បាស់ចុងក្រោយដោយលោក ចូ បៃឌិន ថាអាមេរិកមិនមែនមកជួយកសាងប្រទេសឬលទ្ធិប្រជាធិបតេយ្យឡើយ។
នេះគឺជាមេរៀនថ្មីមួយទៀតសម្រាប់ពិភពលោកជាពិសេសសម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឱ្យមានការសិក្សានិងដកបទពិសោធ ហើយក៏អាចចោទសួរថា តើរាល់ការអន្តរាគមន៍យោធា ឬការផ្តល់ជំនួយ ទាំងឡាយរបស់សហរដ្ឋអាមេរិក ក្នុងបំណងជួយប្រទេសផ្តល់ជំនួយនោះពិតប្រាកដ ឬក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍ ការពារផលប្រយោជន៍សហរដ្ឋអាមេរិក ទាំងសន្តិសុខសម្រាប់ការពារសន្តិសុខទឹកដីអាមេរិក និងសម្រាប់បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ?
បទពិសោធនៅអាហ្វានីស្ថានគឺជាឧទាហរណ៍ជាក់ស្តែង មួយនាសហសម័យនេះដែលក្រោយសម្រេចផែនការរបស់ខ្លួនក្នុងការសងសឹកលើពួកអាល់កៃដា គឺសហរដ្ឋអាមេរិក នឹងត្រូវចាកចេញ ហើយបទពិសោធនាអតីតកាលនៅប្រទេសវៀតណាមខាងត្បូង និងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៥ គឺកាលណាដែលគ្មានផលប្រយោជន៍ ក៏សហរដ្ឋអាមេរិកបោះបង់ចោល ចាកចេញទៅដោយគ្មានស្តាយស្រណោះ ហើយអ្នកដែលទទួលរងគ្រោះបន្តគឺពលរដ្ឋនៃម្ចាស់ស្រុក។
សម្រាប់កម្ពុជា ក្រោយពីសហរដ្ឋអាមេរិកបោះបង់ចោលកម្ពុជា ឈប់គាំទ្ររបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ពលរដ្ឋខ្មែរត្រូវបានធ្លាក់ក្នុងកណ្តាប់ដៃនៃរបបខ្មែរក្រហម និងរងគ្រោះស្លាប់ បាត់បង់ជីវិតដោយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ស្លាប់ពលរដ្ឋជាច្រើនលាននាក់ និងថែមទាំងសហរដ្ឋអាមេរិក ទាមទាឱ្យកម្ពុជាសងបំណុលកខ្វក់របស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះថែមទៀត។
ចំណុចនេះក៏អនុញ្ញាតឱ្យយើងគិតឱ្យបានជ្រៅមួយជំហានទៀត ដោយចោទសំណួរថា ក្រៅពីអន្តរាគមន៍ផ្នែកយោធាទម្លាក់មេដឹកនាំនៃប្រទេសមួយរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រទេស តើអ្វីដែលសហរដ្ឋអាមេរិកបាន និងកំពុងតែធ្វើក្រោមការផ្តល់ជំនួយផ្សេងៗ តាមរយៈទីភ្នាក់ងាររបស់ខ្លួនដូចជា ស្ថានប័នលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាតិ (NED) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) រួមនឹងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងទីភ្នាក់ងារផ្សេងទៀតរួមទាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលទទួលថវិកាធ្វើសកម្មភាពពីសហរដ្ឋអាមេរិក តើវាជាបេសកមម្មនិងជំនួយជួយប្រទេសនានាក្នុងការកសាង និងអភិវឌ្ឍប្រទេសឡើងវិញ ពង្រឹងសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យនៃប្រទេសនោះពិតប្រាកដ ដូចដែលគេបានផ្សព្វផ្សាយឃោសនា ឬគ្រាន់តែជារូបភាពនៃការជួយ តែជួយមិនពិតប្រាកដ ហើយជាផ្នែកនៃការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រពង្រីក និងពង្រឹង ការពារផលប្រយោជន៍សហរដ្ឋអាមេរិកដែរឬទេ?
យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅឆ្នាំ២០១៩ និងសុន្ទរកថា របស់ប្រធានាធិបតី ចូ បៃឌិន ថ្មីៗនេះអំពីការតម្រង់ទិសសកម្មភាពមក តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្តោតសំខាន់លើការការពារផលប្រយោជន៍សហរដ្ឋអាមេរិកទាំងផ្នែកភូមិសាស្ត្រនយោបាយ ការទូត និងសេដ្ឋកិច្ច និងទប់ទល់ឥទ្ធិពលចិននៅអាស៊ី។
ដូច្នេះដើម្បីកុំឱ្យប្រវត្តិសាស្ត្រកើតឡើងច្រំដែល គេគួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការជឿទុកចិត្ត ឬការទទួលជំនួយណាមួយ។ ម្យ៉ាងទៀតសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរកែប្រែយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងរៀបចំសណ្តាប់ធ្នាប់ពិភពលោក។ ដើម្បីប្រកួតប្រជែងឥទ្ធិពលចិន និងការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឱ្យមានប្រសិទ្ធភាពខ្ពស់ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គួរតែខិតខំប្រឹងប្រែងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងកសាងវិបុលភាពនៅតំបន់អាស៊ីយ៉ាងពិតប្រាកដ។
តាមពិត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនអាចទប់ដំណើរដ៏ខ្លាំងក្លារបស់ប្រទេសចិន ឆ្ពោះទៅគ្រប់គ្រងពិភពលោកបានឡើយ ព្រោះពួកគេបានគិតខុសដោយយកទ្រឹស្តីចាស់ ផ្តោតលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកសាបព្រោះ និងមកគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក និងមកទាក់ទាញការគាំទ្រពីប្រទេសតូចតាច ខណៈតម្រូវការជាក់ស្តែង អាទិភាពដើម្បី ប្រជាជនរស់ និងប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើនមិនមែនអាទិភាពលើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាចម្បងឡើយ តែគឺសិទ្ធិរស់រានមានជីវិត ប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលសម្រាប់ជីភាពរស់នៅប្រចាំថ្ងៃ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាង និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនគឺជាតម្រូវការចម្បងរបស់ប្រជាពលរដ្ឋនៅអាស៊ី រាប់ទាំងកម្ពុជាផងដែរ។ ដូច្នេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរបង្វែរថវិកាធ្វើសង្គ្រាម បំផ្លិចបំផ្លាញប្រទេសមកជាសង្គ្រាមកសាងហេដ្ឋរចនាសម្ព័ន្ធដូចចិនវិញ ទើបពេលដែលបរាជ័យ ដកខ្លួនទៅវិញ មិនអាម៉ាស់បន្សល់ទុកនូវភាពខ្ទេចខ្ទីនៃប្រទេស ជនពិការ និងមនុស្សស្លាប់ ឬបន្សល់រូបភាពរត់ឡើងយន្តហោះ តោងកងយន្តហោះរត់ចេញពីប្រទេសទៀត៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១