(ភ្នំពេញ)៖ អត្ថបទមួយនេះមានគោលបំណងផ្តល់នូវព័ត៌មានមួយចំនួន ស្តីអំពីដំណើរដ៏វែងអន្លាយរបស់កម្ពុជា ដើម្បីចាកផុតពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ មានហេតុផលជាច្រើនដែលដំណើរនេះ មានសារសំខាន់ចំពោះពិភពលោក ក្នុងចំណោមនោះ គឺមេរៀនចេញពីដំណើររបស់កម្ពុជា ផ្តល់ទៅកាន់សង្គមក្រោយជម្លោះដទៃផ្សេងទៀត។ ទោះបីជាគ្មានការឆ្លើយតបត្រឹមត្រូវ ឬយុទ្ធសាស្ត្ររារាំងចំពោះអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលជាលក្ខណៈសកលមួយយ៉ាងណាក្តី យើងជឿជាក់ថា ប្រាកដជាមានដំណើរទូទៅមួយ ដែលសង្គមក្រោយជម្លោះអាចប្រើប្រាស់ ដើម្បីបញ្ចៀសការរាតត្បាតនៃអំពើហិង្សា។
នៅរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាកុម្មុយនីស្តខ្មែរក្រហម ដែលបានបង្កភាពភ័យខ្លាចហួសពីការស្មាន និងប្រព្រឹត្តនូវការសម្លាប់រង្គាល។ គោលដៅនៃរបបខ្មែរក្រហម គឺបំផ្លាញប្រទេសជាតិ និងចាប់ផ្តើម «ឆ្នាំសូន្យ» របស់ខ្លួន ដែលត្រូវបានពិភពលោកស្គាល់ថា «វាលពិឃាដ»។ នៅក្នុងអំឡុងរយៈពេលតិចជាងបួនឆ្នាំប៉ុណ្ណោះ របបខ្មែរក្រហម បានធ្វើឲ្យប្រជាជនខ្មែរប្រមាណជាងពីរលាននាក់ស្លាប់បាត់បង់ជីវិត។
ក្រោយពេលដែលរបបខ្មែរក្រហមបានផុតរលត់ទៅ បទពិសោធន៍របស់យើងបង្ហាញថា រាល់សង្គមក្រោយជម្លោះទាំងអស់ត្រូវតែបញ្ចៀសការរាតត្បាតនៃអំពើហិង្សា តាមរយៈការបង្កើតឲ្យមានសន្តិភាពជាជំហានដំបូង។ ការពិត យុត្តិធម៌ ការផ្សះផ្សា និងការអប់រំ មិនអាចព្យាបាលសង្គមជាតិឲ្យជាសះស្បើយបានឡើយ ប្រសិនបើគ្មានវត្តមាន «សន្តិភាព»។ ជួនកាល សន្តិភាពអាចសម្រេចទៅបានតាមរយៈអន្តរាគមន៍យោធា។ នេះគឺជាករណីជាក់ស្តែងក្នុងប្រទេសកម្ពុជា។ ចំពោះប្រទេសកម្ពុជា របបខ្មែរក្រហមដួលរលំទៅនៅក្នុងឆ្នាំ១៩៧៩ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាមួយនឹងអន្តរាគមន៍របស់កងទ័ពវៀតណាម។
ទោះបីជាខ្មែរក្រហមត្រូវបណ្តេញចេញពីអំណាចទៅហើយក្តី ប្រទេសកម្ពុជានៅតែត្រូវបន្តយាយីដោយជម្លោះ អស្ថិរភាព និងភាពខ្ទេចខ្ទាំអស់រយៈកាលជាងពីរទសវត្សរ៍បន្តទៀត។ បន្ទាប់ពីឆ្នាំ១៩៧៩ កងកម្លាំងខ្មែរក្រហម នៅតែបន្តសង្គ្រាមជាមួយរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលកងកម្លាំងខ្មែរក្រហមត្រូវបំបែកខ្ចាត់ខ្ចាយនិងសមាហរណកម្មទាំងស្រុង ទើបប្រទេសកម្ពុជាអាចចាប់ផ្តើមដំណើរការឈានទៅសម្រេចយុត្តិធម៌របស់ខ្លួនបាន។ កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចយុត្តិធម៌ និងការផ្សះផ្សាជាច្រើន បានប្រព្រឹត្តទៅនៅក្នុងអំឡុងពេលសង្គ្រាម។
ជាឧទាហរណ៍ នៅក្នុងឆ្នាំ១៩៧៩ កម្ពុជាបានបង្កើត «តុលាការប្រជាជនបដិវត្តន៍» មួយដែល «កាត់ទោស» មេដឹកនាំខ្មែរក្រហមដោយកំបាំងមុខ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីវិនិច្ឆ័យទោសចំពោះរបបខ្មែរក្រហម គឺជាទង្វើសមហេតុសមផលកិច្ចខិតខំប្រឹងប្រែងនេះមិនបានឈរលើបទដ្ឋានយុត្តិធម៌ ដែលទទួលស្គាល់ជាផ្លូវការអន្តរជាតិទេ ហើយកិច្ចខិតខំប្រឹងប្រែងនេះក៏មិនអាចប្រព្រឹត្តទៅបានដែរ ពីព្រោះថាក្នុងខណៈនោះប្រទេសជាតិកំពុងស្ថិតនៅក្នុងសង្គ្រាមនៅឡើយ។
កិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចយុត្តិធម៌ពិតប្រាកដមួយទៀត បានប្រព្រឹត្តទៅតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានស្គាល់ថា សាលាក្តីខ្មែរក្រហម នៅដើមទសវត្សរ៍ឆ្នាំ២០០០។ វត្តមាននៃសាលាក្តីខ្មែរក្រហម ដែលជាតុលាការរួមគ្នារវាងអង្គការសហប្រជាជាតិនិងកម្ពុជា គឺជាជំហានដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជា ពីព្រោះតុលាការនេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម។ ទោះបីជាយ៉ាងណាក្តី យើងចាំបាច់ត្រូវចងចាំថាដំណើរការឈានទៅសម្រេចយុត្តិធម៌ ត្រូវតែចាប់ផ្តើមចេញពីដំណើរស្វែងរកការពិតដ៏ស្មោះត្រង់មួយ។
មជ្ឈមណ្ឌលឯកសារកម្ពុជា នៅដើមដំបូងត្រូវបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ ជាការិយាល័យមួយរបស់សាកលវិទ្យាល័យយ៉ែល បន្ទាប់ពីសភាសហរដ្ឋអាមេរិកអនុម័តឲ្យមានច្បាប់ស្តីពីយុត្តិធម៌ សម្រាប់អំពើប្រល័យពូជសាសន៍ ដើម្បីធ្វើការសិក្សាស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៧មក មជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីជាស្ថាប័នសង្គមស៊ីវិលឯករាជ្យមិនលម្អៀង ដែលផ្តោតទៅលើការចងចាំ យុត្តិធម៌ និងការផ្សះផ្សា។ បេសកកម្មស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺស្រាវជ្រាវ កត់ត្រា និងប្រមែប្រមូលឯកសារនិងវត្ថុតាងផ្សេងៗ ដែលបន្សល់ទុកពីរបបខ្មែរក្រហម ដើម្បីគាំទ្រដល់យុត្តិធម៌និងការចងចាំ។
មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាបណ្ណសារដ្ឋាននៃឯកសារទាក់ទងនឹងរបបខ្មែរក្រហមធំជាងគេបង្អស់នៅក្នុងតំបន់។ មជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់ដំណើរការស្វែងរកការពិត និងឈានទៅសម្រេចយុត្តិធម៌ដែលមិនមែនតែនៅក្នុងបន្ទប់សវនាការប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេសកម្ពុជា។
យុត្តិធម៌មិនមែនមានសណ្ឋានតែមួយបែបនោះឡើយ។ យុត្តិធម៌អាចសម្រេចបានតាមរយៈការកាត់ទោសឧក្រិដ្ឋជន និងផ្តន្ទាទោសលើបុគ្គលទាំងឡាយដែលទទួលខុសត្រូវ ចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាល ប៉ុន្តែយុត្តិធម៌អាចនឹងរឹតតែប្រសើរ នៅពេលដែលជនរងគ្រោះមួយរូបបានរៀបរាប់អំពីរឿងរ៉ាវ របស់ខ្លួននៅក្នុងតុលាការ។ យុត្តិធម៌អាចសម្រេចបានតាមរយៈការចងក្រងនូវអ្វីដែលបានកើតឡើង និងមូលហេតុដែលហេតុការណ៍នោះកើតឡើង។ យុត្តិធម៌អាចលេចជារូបរាងឡើងនៅពេលដែលសាច់រឿងរបស់អ្នករស់រានមានជីវិតនានា ត្រូវបានរៀបរាប់ម្តងទៀតនៅក្នុងសៀវភៅប្រវត្តិសាស្ត្រនិងនៅក្នុងថ្នាក់រៀន។ យុត្តិធម៌អាចសម្រេចបានតាមរយៈការសះស្បើយផ្លូវចិត្ត ក៏ដូចជាការថែទាំដល់អ្នករស់រានមានជីវិត តាមរយៈតំហែទាំវេជ្ជសាស្ត្រ សេវាកម្មសុខភាពនិងប្រព័ន្ធគាំពារសង្គម។ តាមរយៈការលើកឡើងទាំងអស់នេះ យុត្តិធម៌គឺមានពហុសណ្ឋាន និងគឺជាផ្នែកមួយនៃដំណើរការស្តារឡើងវិញនូវអរិយធម៌និងមនុស្សធម៌សម្រាប់សង្គមក្រោយជម្លោះមួយ។
បន្ទាប់ពីមានការបង្កើតសាលាក្តីខ្មែរក្រហម កម្ពុជាមិនត្រឹមតែគាំពារដល់ការស្វែងរកយុត្តិធម៌នៅឯសាលាក្តីនេះតាមរយៈការផ្គត់ផ្គង់ឯកសារ វត្ថុតាង និងបទសម្ភាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំពារដល់ការសម្រេចបានយុត្តិធម៌ក្នុងការអប់រំ ការចងចាំ សេវាកម្មសង្គម និងការទំនុកបម្រុងដទៃទៀតដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។
កម្ពុជាបានបណ្តុះបណ្តាលគ្រូបង្រៀនមធ្យមសិក្សា សិស្សានុសិស្សកម្រិតវិទ្យាល័យ និងគ្រូបង្រៀនកម្រិតឧត្តម រាប់ពាន់នាក់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយប្រើប្រាស់វិធីសាស្ត្រសិក្សាបែបសិស្សមជ្ឈមណ្ឌល។ កម្ពុជាគាំទ្រដល់សិល្បៈ វប្បធម៌ និងកិច្ចផ្តួចផ្តើមអប់រំសាធារណៈ ដើម្បីធានាថាប្រវត្តិសាស្ត្រនិងបទពិសោធន៍របស់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នឹងមិនត្រូវបានបំភ្លេចចោល។ កម្ពុជាកំពុងអនុវត្តកម្មវិធីថែទាំសុខភាព និងទំនុកបម្រុងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យទទួលបានការថែទាំនិងការគាំពារ។ កម្ពុជាបានប្រតិបត្តិកម្មវិធីមួយដែលរួមមានអ្នកស្ម័គ្រចិត្តចំនួន៥០០នាក់ ដែលជាអ្នកដឹកនាំយុវជនជំនាន់ក្រោយជាមួយនឹងអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនៅក្នុងសហគមន៍របស់ខ្លួន។ សកម្មភាពនេះផ្តល់ជូនអ្នករស់រានមានជីវិតនូវការគាំទ្របន្ថែម និងបង្កើតជាឱកាសបន្ថែមសម្រាប់យុវជន-យុវនារីដើម្បីរៀនសូត្រ។
ប្រទេសកម្ពុជាមានការលូតលាស់គួរឲ្យកត់សម្គាល់ជាច្រើន ចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ក៏ប៉ុន្តែកម្ពុជាត្រូវឆ្លងកាត់ការតស៊ូនិងភាពឈឺចាប់ជាច្រើន ដើម្បីឈានមកដល់ចំណុចនេះ។ ទោះបីជាយ៉ាងណាក្តី កម្ពុជាមិនដែលរួញរាសោះឡើយ។ បច្ចុប្បន្ន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៥លាននាក់ទៀត រួមទាំងជនដៃដល់ផង នៅរស់រានមានជីវិត ដើម្បីរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួនក្នុងអំឡុងរបបខ្មែរក្រហម។
ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការផ្សះផ្សាមិនទាន់បញ្ចប់ ហើយក៏នឹងគ្មានទីបញ្ចប់ដែរ។ ការរារាំងទប់ស្កាត់ ទាមទារនូវការប្តេជ្ញាដ៏មោះមុតក្នុងការចងចាំអំពីអតីតកាល៕
ដោយ៖ ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា