(ភ្នំពេញ)៖ ព្រលឹមស្រាងៗ ខ្ញុំស្រវ៉ាក្រោកពីដំណេក ហើយក្រឡេកមើលប្រតិទិនឃើញថា ថ្ងៃនេះគឺថ្ងៃទី១១ ខែវិច្ឆិកា ជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ប្រកាសសាលក្រមអំពីសំណើបកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ (Request for interpretation of the judgement of 15 June 1962 in the case concerning the Temple of Preah Vihear)។ ថ្ងៃដដែលនេះនៅឆ្នាំ២០១៣ ខ្ញុំក៏បានក្រោកពីព្រលឹមដែរក្នុងអាកាស ធាតុសរទរដូវ នៃក្រុង ទីក្រុងឡាអេរ ដ៏ស្ងាត់ជ្រងុំ ដោយមានភ្លៀងរលឹមស្រិចៗ និងចុះអ័ព្ទផងនៅព្រឹកនោះ ដើម្បីអានឯកសារបណ្តឹង និងត្រៀមចូលស្តាប់ការប្រកាស សេចក្តីសម្រេចរបស់ ICJ នៅពេលរសៀល ក្នុងនាមជានិស្សិតច្បាប់ម្នាក់ដោយ ខ្ញុំត្រូវធ្វើដំណើរថ្មើរជើងពីសណ្ឋាគារមួយនៅមិនឆ្ងាយប៉ុន្មានពីតុលាការ ICJ (The Peace Palace)។
រហូតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ។ ប៉ុន្តែសាលក្រមនេះនៅមិនទាន់បានអនុវត្តនៅឡើយ។ តាមច្បាប់សាលក្រមដែលទទួលបានត្រូវយកទៅអនុវត្ត ឲ្យទាន់ពេលវេលាសំដៅធានា បាននូវភាពប្រាកដប្រជានៃការបកស្រាយច្បាប់និងប្រសិទ្ធិភាព នៃការអនុវត្តន៍។ ក្នុងឱកាសខួប៨ឆ្នាំ នៃការចេញសាលក្រមឆ្នាំ២០១៣នេះ ធ្វើឲ្យខ្ញុំនឹកភ្នកដល់មនុស្សម្នាក់ ដែលសាធារណៈជន ឬអ្នកសិក្សាស្រាវជ្រាវខ្លះមិនធ្លាប់ស្គាល់ឬមិនបានចាប់អារម្មណ៍នឹងឈ្មោះគាត់ផង។
តើអ្នកណានៅពីក្រោយនៃការគូសបញ្ជូលប្រាសាទ ព្រះវិហារ ក្នុងទឹកដីកម្ពុជា លើផែនទីដងរែកឆ្នាំ១៩០៨ តាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញា ឆ្នាំ១៩០៧? ពេលនឹកដល់ប្រាសាទព្រះវិហារ គេតែងគិតដល់លោកតាឌី ឬពយតាឌី។ល។ ហើយបើបានទៅដល់ទីនោះផងម្នាក់ៗ ខំរួតរះដំណើរ ទៅអុជធូបបួងសួង បា្រថ្នាឲ្យឆាប់ឡើង បុណ្យសក្តិ ឬឲ្យបានឡើងឋានសួគ៌ជាដើម។ អ្នកខ្លះតម្រង់ទៅថតរូបផ្តិតយកទេសភាពដ៏ល្អឆើតឆាយនៃស្រុកខ្មែរ ពេលគយគន់ពីចំណោតថ្មនៃពយតាឌី។
ទេសភាពទីនោះកាន់តែល្អស្រស់ស្អាតថែមទៀតក្នុងអំឡុង ខែវិច្ឆិកានេះ។ ជាមួយនឹងប្រាង្គប្រាសាទដ៏អច្ឆរិយៈ និងទេសភាពដ៏ត្រកាលនៃដងភ្នំ ព្រៃព្រឹក្សា និងវាលស្រែដ៏ល្វឹងល្វើយចម្រុះពណ៌ខៀវ និងលឿងដេរដាសនៃស្រូវទុំ ហើយត្រូវខ្យល់ជំនោរកក្តឹកត្រជាក់ និងមានអ័ព្ទរសាត់មកប៉ះខ្លួនប្រាណម្តងៗផង ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រសាត់អណ្តែតហាក់ដូចកំពុងឡើងឋានកៃលាសមួយរំពេច។
ផ្ទុយពីព្រឹកឆ្នាំ២០១៣, ពេលនេះខ្ញុំសូមណែនាំមនុស្សម្នាក់ក្នុងសមត្តិកម្មរបស់ខ្ញុំ ដែលបានរកឃើញតាមការវិភាគលើឯកសារសំណុំរឿងប្រាសាទព្រះវិហារ និងហេតុការណ៍ប្រវត្តិសាស្ត្រ។ មនុស្សម្នាក់នោះគឺលោកអនុសេនីយ៍ឯក អ៊ុំំ (Captain Oum)។ ពិតហើយ លោកអនុសេនីយ៍ឯក គែលែ (Captain Kerler) ក៏មានចំណែកផងដែរ។ ប៉ុន្តែ កុំឲ្យអត្ថបទនេះវែងពេក ខ្ញុំសូមលើកយកតែលោកអនុសេនីយ៍ឯក អ៊ុំំ។ លោកអនុសេនីយ៍ឯក អ៊ុំំ គឺជាជនជាតិខ្មែរ ជាមន្ត្រីផ្នែកវាស់វែង នៃកងទាហានអាសារបរទេស (de la Légion Ètrangère) ក្នុងសម័យអាណាព្យាបាលបារាំង។ គាត់មិនជាប់សាច់ញាតិនឹងខ្ញុំនោះទេ។ តាមសមត្តិកម្មរបស់ខ្ញុំ គាត់អាចនៅពីក្រោយការគូសបញ្ជូលប្រាសាទព្រះវិហារ ក្នុងទឹកដីកម្ពុជា តាមការចុះវាស់វែងរបស់គាត់នៅតំបន់ប្រាសាទព្រះវិហារ ចាប់ពីដើមខែធ្នូ ឆ្នាំ១៩០៦ ដល់ខែមករា ឆ្នាំ១៩០៧។
មុននឹងនិយាយដល់ការងារគាត់ ខ្ញុំសូមរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្តិច។ បើទោះជាមានការចុះអនុសញ្ញាបារាំងសៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ (អនុសញ្ញាឆ្នាំ១៩០៧) ការកំណត់ព្រំដែននៅតំបន់ជួរភ្នំដងរែកខាងកើតនេះស្ថិតនៅក្រោមសន្ធិសញ្ញា ចុះថ្ងៃទី១៣ខែកុម្ភះឆ្នាំ១៩០៤ (សន្ធិសញ្ញាឆ្នាំ១៩០៤) ក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះលើកទី ១ (First Mixed Commission)។អនុសញ្ញាឆ្នាំ១៩០៧ធ្វើការកំណត់តែតំបន់ដែលមិនមានចែងក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ ក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះលើកទី ២ (Second Mixed Commission) ប៉ុណ្ណោះ។ តាមអនុសញ្ញាឆ្នាំ១៩០៧ កម្ពុជាទទួលបានមកវិញនូវខេត្តបាត់ដំបង សៀមរាប និងស៊ី សុផុន តែបាត់បង់ទៅវិញនូវខេត្តត្រាត ខេត្តដុនសៃ និងកោះខាងត្បូងឆកឡឹមលិញ (Lemling) រួមមានកោះគុត និងកោះឆាង។
នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ បានកំណត់យកគោលការណ៍បែងចែកទឹក (La ligne de partage des eaux) ក្នុងការកំណត់ខ្សែព្រំដែននៅជួរភ្នំដងរែក (ប្រការ១) និងផ្តល់តួនាទីដល់ គណៈកម្មការចម្រុះបារាំងសៀម ចុះធ្វើការវាស់វែងលើដីជាក់ស្តែង (ប្រការ ៣)។ គណៈកម្មការចម្រុះបារាំង-សៀម ត្រូវបានបង្កើតឡើង ហើយរៀបចំកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងនៅខែមករា ឆ្នាំ១៩០៥ តែមិនបានធ្វើការកំណត់ព្រំដែនផ្នែកខាងកើតនៃជួរភ្នំដងរែក ដែលមានប្រាសាទព្រះវិហារក្នុងនោះទេ រហូតមកត្រឹមដើមខែធ្នូ ឆ្នាំ១៩០៦។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩០៦ គណៈកម្មការបានប្រគល់ភារៈកិច្ចឲ្យលោកអនុសេនីយ៍ឯក អ៊ុំ ធ្វើការចុះវាស់វែងតំបន់ខាងកើតនៃជួរភ្នំដងរែក ដែលប្រាសាទព្រះវិហារស្ថិតនៅ។ ពេលទទួលបានការចាត់តាំងនេះភ្លាម លោកអនុសេនីយ៍ឯក អ៊ុំ រួមជាមួយក្រុមការងារគាត់ក៏ចុះធ្វើការងារនៅថ្ងៃបន្ទាប់ ដោយគ្មានអែអង់។
ការចុះវាស់វែងនៅតំបន់នោះបានធ្វើរួចរាល់នៅចុងខែមករា ឆ្នាំ១៩០៧ ដោយគ្មានបញ្ហាអ្វីទាំងអស់។ ផែនទី១១ផ្ទាំងត្រូវបានបោះពុម្ភនៅឆ្នាំ១៩០៨ (មាន៦ផ្ទាំង ពាក់ព័ន្ធនឹងការកំណត់ព្រំដែនកម្ពុជា-ថៃ) ដោយក្រុមហ៊ុន H.Barrère ផ្អែកលើលទ្ធផលនៃការងាររបស់គណៈកម្មការចម្រុះលើកទី១ និងទី២ ក្រោមការចត់ចែងរបស់លោកវរៈសេនីយ៍ឯក Bernard រួមជាមួយក្រុមការងារបីនាក់ទៀតគឺ លោកអនុសេនីយ៍ឯក Tixier, Kerlerនិង de Batz សុទ្ធតែជាសមាជិកនៃគណៈកម្មការលើកទី១។
ក្នុងផែនទីដងរែក (Dangrek) នៃគណៈកម្មការ កំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម (La Commission de délimitation entre l’Indochine et le Siam)ខ្នាត ១/២០០.០០០ មានសរសេរឈ្មោះអ្នកចុះវាស់វែងលើដីជាក់ស្តែងគឺ «អនុសេនីយ៍ឯក គែលែនៃកងទ័ព ថ្មើរជើង អាណានិគម » (le Capitaine KERLER, de l’Infanterie Coloniale) និង «អនុសេនីយ៍ឯក អ៊ុំ នៃកងទាហ៊ានអាសារបរទេស» (le Capitaine OUM, de la Légion Ètrangère”)។
ផែនទីនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលថៃ រហូតដល់វិវាទលើតំបន់ប្រាសាទវិហារផ្ទុះឡើងក្រោយឆ្នាំ១៩៥៣។ សូមបញ្ជាក់ថា នៅសម័យនោះសៀមមិនត្រឹមតែទទួលយកផែនទីនេះទេ តែថែមទាំងបានអរគុណបារាំងដែលបានជួយចុះវាស់វែង និងបោះពុម្ពផែនទីឲ្យខ្លួនទៀតផង។ តាមសមត្តិកម្មរបស់ខ្ញុំ លោកអនុសេនីយ៍ឯក អ៊ុំ អាចជាមនុស្សដែលនៅពីក្រោយនៃការគូសបញ្ជូលតំបន់ប្រាសាទព្រះវិហារ រួមទាំងប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា លើផែនទីដងរែកឆ្នាំ១៩០៨នេះ។ ផែនទីនេះហើយដែលកម្ពុជា យកធ្វើជាផែនទីឧបសម្ព័ន្ធ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការ ICJ ដែលស្គាល់ជាទូទៅថា ផែនទីឧបសម្ព័ន្ធ១ (Annex I Map) និងជាមូលដ្ឋានច្បាប់មួយយ៉ាងសំខាន់ដែលធ្វើឲ្យកម្ពុជាឈ្នះកី្តនៅឆ្នាំ១៩៦២។
ពិតហើយតាមប្រការ១ នៃសន្ធិសញ្ញាឆ្នាំ១៩០៤ ការកំណត់ព្រំដែនៅតំបន់ដងរែកខាងកើត ត្រូវដើរតាមខែ្សបែងចែកទឹក គឺប្រាសាទព្រះវិហារទាំងមូល រួមទាំងពយតាឌី ដ៏មានប្រជាប្រិយភាពនោះផង មិនត្រូវស្ថិតនៅក្នុងខ្សែព្រំដែនកម្ពុជានោះទេ។ តាមសមត្តិកម្មរបស់ខ្ញុំគឺលោកអនុសេនីយ៍ឯក អ៊ុំ នេះឯងដែលបានគូសបញ្ជូល ប្រាសាទព្រះវិហារ មកក្នុងខ្សែព្រំដែនកម្ពុជា (ដោយមិនយកខ្សែព្រំដែនតាមខ្សែបែងចែកទឹក ដូចកំណត់ក្នុងប្រការ១នៃសន្ធិសញ្ញាឆ្នាំ១៩០៤) តាមការឮចុះវាស់វែងលើដី ជាក់ស្តែងរបស់គាត់រួម ជាមួយលោកអនុសេនីយ៍ឯក Kerler ចាប់ពីដើមខែធ្នូ ឆ្នាំ១៩០៦។
តាមច្បាប់ត្រង់ចំណុចនេះ គេអាចចោទប្រកាន់ថា លោកអនុសេនីយ៍ឯក អ៊ុំ ឬ Kerler ថាធ្វើខុសច្បាប់ហើយ គឺខុសពីគោលការណ៍កំណត់ក្នុងប្រការ១ នៃសន្ធិសញ្ញាឆ្នាំ១៩០៤។ ក្នុងការតតាំងក្តីនៅតុលាការ ICJ ថៃក៏បានអះអាងដែរថា ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងដីខ្លួន បើផ្អែកតាមខ្សែបែងចែកទឹកនៃប្រការ១។ ការលើកឡើងបែបនេះមិនត្រូវទេ។ បើទោះជាប្រការ១ នៃសន្ធិសញ្ញាឆ្នាំ១៩០៤ បានកំណត់ពីគោលការណ៍បែងចែកទឹក (watershed line) តែបែរជាកំណត់ខែ្ស ព្រំដែនខុសពីនេះ នៅតំបន់ប្រាសាទព្រះវិហារ គឺមិនខុសច្បាប់នោះទេ។
សាលក្រម ICJ បានបញ្ជាក់ថា គណៈកម្មការចម្រុះមានអំណាចឆន្ទានុសិទ្ធ (discretion) ក្នុងការកំណត់យកខ្សែព្រំដែនសមស្របណាមួយ ក្រៅពីខ្សែបែងចែកទឹកនៃប្រការ១ នៅពេលធ្វើការចុះវាស់វែងលើដីជាក់ស្តែងដោយគិតលើស្ថានភាពភូមិសាស្ត្រជាក់ស្តែង នៃតំបន់នោះ។ លើសពីនេះប្រការ១ និង៣ មានតម្លៃច្បាប់ស្នើគ្នា សំដៅកំណត់ឲ្យបាននូវខ្សែព្រំដែនដែលមានស្ថេរភាពនិងស្ថាពរមួយ (to achieve certainty and finality of the frontier) តាមគោលបំណងនៃសន្ធិសញ្ញា ឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧។
ពិតហើយ ជាមួយនឹងប្រាង្គប្រាសាទថ្មភក់ដ៏ល្អឯក និងអច្ឆរិយៈ ដែលកសាងឡើងក្នុងសតវត្សទី១១-១២ ក្នុងរជ្ជកាលព្រះបាទសូរិយាវរ្ម័នទី ១ (១០០៦-១០៥០) និងទី ២ (១១១៣-១១៥០) នៃអាណាចក្រអង្គរដ៏រុងរឿងនោះ ប្រាកដជាធ្វើឲ្យអ្នកចុះវាស់វែងលើដីជាក់ស្តែង នៅពេលនោះចាប់ចិត្តប្រតិព័ទ្ធរកដកចិត្តពុំរួចនោះឡើយ។ ហេតុនេះ មិនថា លោកអនុសេនីយ៍ឯក អ៊ុំ ឬក្រុមការងារគាត់ក៏ប្រហែលគិតដែរថា តើត្រូវធ្វើការវាស់វែង និងធ្វើរបាយការណ៍បែបណាជូនថ្នាក់លើរបស់គាត់ ក្នុង បញ្ជូលប្រាសាទព្រះវិហារ មកក្នុងទឹកដីកម្ពុជាតាមផែនទីផ្លូវការមួយ។
ហេតុនេះតាមសមត្តិកម្មរបស់ខ្ញុំ លោកអនុសេនីយ៍ អ៊ុំ អាចជាមនុស្សដែលនៅពីក្រោយការគូសបញ្ជូលប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា លើផែនទីដងរែកបោះពុម្ភ ដោយបារាំង ក្នុងឆ្នាំ១៩០៨។ ប្រសិនបើសមត្តិកម្មរបស់ខ្ញុំជាការពិតស្នាដៃរបស់គាត់គួរត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃដោយសមធម៌។ ជាអកុសលមិនសូវមាននរណាស្គាល់ ឬចាប់អារម្មណ៍នឹងការងារគាត់នោះទេ។ នេះគឺជាអត្ថបទបែបស្វែងរកការពិត (fact-finding)មួយ ផ្អែកតាមការវិភាគលើឯកសារច្បាប់ និងហេតុការណ៍ប្រវត្តិសាស្ត្រ។ ខ្ញុំមិនហ៊ានអះអាងថា ពិតទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាគាត់ពិតជាបំពេញការងារវាស់វែងលើដី ជាក់ស្តែងនៃតំបន់ប្រាសាទព្រះវិហារមែន។ ខ្ញុំសង្ឃឹមថានឹងអាចមានការសិក្សាស្រាវជ្រាវផ្សេងទៀតលើករណីនេះ៕
ដោយ៖ មេធាវី អ៉ិន តារា នៃការិយាល័យមេធាវីអ៉ិនតារា និងសហការី