(ភ្នំពេញ)៖ ខ្មែរយើងមានពាក្យមួយថា «ជ្រិញ»។ យើងពិតជា ជ្រិញ ចំពោះបរទេសខ្លះដែលមានចរិតចក្រព័ត្ត ដែលជារឿយៗបានថ្លែងការណ៍យ៉ាងនេះ ឬបរិយាយយ៉ាងនោះ និងបានប្រឌិតរឿងរ៉ាវជាបន្តបន្ទាប់ដោយគ្មានមូលដ្ឋាន និងដោយអសីលធម៌ ជាន់ឈ្លីមកលើតម្លៃប្រជាជាតិខ្មែរយើង ក្នុងបំណងតែមួយគត់ គឺដើម្បីបម្រើ «ផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយរបស់ខ្លួនគេតែប៉ុណ្ណោះ»។ ទង្វើអសីលធម៌ និងការប៉ុនប៉ងជ្រៀតជ្រែកដ៏ខ្មៅងងិតរបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា គឺមានច្រើនដំណាក់កាល ដែលខ្មែរយើងត្រូវតែចងចាំនិងរលឹកដឹងជានិច្ច។
ទោះបីជាបែបណាក៏ដោយ ហេតុការណ៍ដែលគេបង្កើតឡើងជាបន្តបន្ទាប់ ហើយធ្វើចំពោះប្រជាជាតិយើងមកនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់យើងអាចយល់បានកាន់តែច្បាស់ថា នរណាជានរណា? យើងនឹងមិនតទល់ជាមួយនរណាទេ។ ការខិតខំដ៏ត្រឹមត្រូវរបស់យើងគឺ ពង្រឹងខ្លួនយើង ពង្រឹងសមត្ថភាពជាតិរបស់យើងឱ្យកាន់តែរឹងមាំ ពង្រឹងស្មារតីជាតិនិយមរបស់យើងឱ្យរឹងមាំ ហើយនឹងមិនឱនចំពោះបរទេសណាមួយឡើយ។ អ្វីដែលបរទេសខ្លះបានធ្វើចំពោះយើងបច្ចុប្បន្ននេះ រំលឹកយើងពីអតីតកាលជាង៥០ឆ្នាំ ហើយក៏ឱ្យយើងយល់កាន់តែច្បាស់ថាអ្វីជាមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា ដោយមិនអនុញ្ញាតឱ្យនយោបាយខ្មៅងងឹតពីអតីតកាលវិលវិញជាដាច់ខាត។
យើងនៅចងចាំបានថា បរិបទសង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងការប្រកួតប្រជែងគ្នាខាងឥទ្ធិពលមនោគមន៍វិជ្ជារវាងមហាអំណាចនៅគ្រានោះ បានបង្កផលប៉ះពាល់ បង្កគ្រោះថ្នាក់ និងបង្កការឈឺចាប់ក្រៃលែងសម្រាប់ប្រជាជាតិខ្មែរ ហើយក៏ជាដំណាក់កាលដែលប្រជាជាតិខ្មែរបានធ្លាក់ដល់ចំណុចសូន្យដែរ។ រយៈពេលជាង៥០ឆ្នាំ បន្ទាប់ពីកម្ពុជាធ្លាប់រងគ្រោះដោយសារការទម្លាក់គ្រាប់បែក និងរបបវាលពិឃាតខ្មែរក្រហម ឥឡូវនេះ ឆ្នាំ២០២១ ពិភពលោកបានដើរដល់របត់ថ្មីមួយទៀត គឺការកើតឡើងនូវ «សង្គ្រាមភូមិសាស្ត្រនយោបាយបែបថ្មី» ហើយតាមការព្យាករណ៍ វិបត្តិនេះនឹងអាចអូសបន្លាយក្នុងរយៈពេលវែង។
សភាពការណ៍ពិភពលោកជាង៥០ឆ្នាំមុន និងបច្ចុប្បន្នពិតជាមិនដូចគ្នា ប៉ុន្តែមានសារជាតិតែមួយ។ យើងអាចវាយតម្លៃបានថា សក្តានុពលនៃមហាអំណាច ចិន បច្ចុប្បន្ន គឺមិនមែនជា សហភាពសូវៀតកាលពីទសវត្សរ៍១៩៧០នោះទេ។ ទោះបីជាអ្នកណាចង់ឈ្លោះគ្នា គឺជារឿងរបស់គេ ក៏ប៉ុន្តែ វាជាទង្វើដ៏អសីលធម៌ពេក ដែលគេមកជាន់ឈ្លីប្រជាជាតិយើង ក្នុងបញ្ហានយោបាយរបស់គេ។ យើងគួរតែនិយាយឱ្យត្រង់ថា៖ «បើអ្នកនយោបាយអាមេរិក ប្រឆាំងការរះឡើងរបស់មហាអំណាច ចិន អ្នកគួរតែធ្វើផ្ទាល់ជាមួយ មហាអំណាច ចិន តែម្តងទៅ»។ សម្រាប់ កម្ពុជា គឺមិនបានចាត់ទុកប្រទេសណាមួយជាសត្រូវនោះឡើយ។ ប្រទេសទាំងអស់លើពិភពលោកគឺជាមិត្តកម្ពុជា ហើយក៏សូមយល់ថា កម្ពុជាគឺជាប្រទេសអធិបតេយ្យ។ កម្ពុជា ត្រូវតែមានឯករាជ្យភាពនិងសិទ្ធិស្វ័យសម្រេចរបស់ខ្លួន។
នៅក្នុងបរិបទថ្មីនេះដែរ យើងគួរតែនិយាយត្រង់ជាមួយគ្នា ហើយទោះបីជាបរទេសធ្វើមិនយល់ ដោយសារតែផលប្រយោជន៍របស់គេ ប៉ុន្តែប្រជាជនខ្មែរយើងយល់បានច្បាស់។ តើប្រជាជនកម្ពុជា ដែលជាប្រជាជាតិមួយ ធ្លាប់ប្រឹងងើបចេញពីរណ្តៅគ្រាប់នៃសំណល់សង្គ្រាម បានធ្វើអ្វីប៉ះពាល់ផលប្រយោជន៍របស់ប្រទេសធំណាមួយ សូម្បីប៉ុនសសៃសក់? តើអ្នកមានសីលធម៌ ទុកពេលឱ្យខ្មែរដកដង្ហើមបានខ្លះទេ? នៅពេលដែលប្រជាជនកម្ពុជាកំពុងហូរឈាមក្នុងរណ្តៅគ្រាប់ផ្លោង តើពេលនោះអ្នកកំពុងធ្វើអ្វី? នៅពេលដែលប្រជាជនកម្ពុជា កំពុងអត់បាយនៅក្រោយរបបខ្មែរក្រហម តើអ្នកមានផ្តល់អង្ករសូម្បីតែ១គ្រាប់ឱ្យខ្មែរទេ? បើអ្នកអួតអាងពីការការពារសិទ្ធិមនុស្ស ហេតុអ្វីអ្នកចង់បំផ្លិចបំផ្លាញ «សន្តិភាព» ដ៏មានតម្លៃរបស់កម្ពុជា?
ប្រជាជនកម្ពុជា ក៏អាចចោទសួរសំណួរបែបពិចារណាត្រឡប់ទៅវិញថែមទៀតដែរ៖ តើមានអំពើព្រៃផ្សៃណា ដែលអាក្រក់ជាង ទំនាស់ភូមិសាស្ត្រនយោបាយរបស់មហាអំណាច ហើយបែរជាយកប្រទេសតូចធ្វើជាចំណាប់ខ្មាំង និងជាន់ឈ្លី? តើមានអំពើព្រៃផ្សៃណាមួយដែលឈឺចាប់បំផុត ដែលប្រទេសធំមួយបានទម្លាក់គ្រាប់បែករាប់សែនលានតោនមកលើក្បាលសម្លាប់ប្រជាជនស្លូតត្រង់ បង្កឱ្យមានរបួស ពិការ ស្លាប់បាត់បង់ជីវិត និងនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ? តើមានអំពើព្រៃផ្សៃណាមួយដែលយង់ឃ្នងជាងអំពើប្រល័យពូជសាសន៍ដែលជាកម្អែលនៃមនោគមន៍វិជ្ជាបរទេស? អ្នកកុំដោះសារ ហើយក៏កុំបិទមាត់ខ្លួនឯងចំពោះទង្វើអមនុស្សធម៌នេះ។ អ្នកមិនទាន់បានសុំទោសប្រជាជនកម្ពុជានៅឡើយទេ ហើយអ្នកនៅជំពាក់ឈាមប្រជាជនកម្ពុជាច្រើនណាស់។
អ្នកនិយាយពីសិទ្ធិមនុស្ស សិទ្ធិបុគ្គល ឬសិទ្ធិក្រុមណាមួយនោះដែលជាឧបករណ៍បម្រើនយោបាយអ្នក ប៉ុន្តែអ្នកបំពានអធិបតេយ្យរបស់ប្រទេសជាតិមួយ។ ក្នុងចរិតនយោបាយខ្មៅងងិត អ្នកបានផ្តួចផ្តើមធ្វើច្បាប់នេះឬច្បាប់នោះ ចុះហេតុម្តេចអ្នកមិនធ្វើច្បាប់កាត់ទោសជនជាតិ អ្នកដែលសម្រេចទម្លាក់គ្រាប់បែកមកលើប្រទេសអធិបតេយ្យ? ប្រជាជនកម្ពុជាយល់ដឹងច្បាស់ណាស់ថា ការដែលអ្នកប្រឌិតរឿងមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ម្តងហើយម្តងទៀត បញ្ហាគន្លឹះគឺមិនមែនរឿងកំពង់ផែទេ ប៉ុន្តែអ្នកត្រូវនិយាយត្រង់ថា គឺជាលេសបង្កើតសម្ពាធនយោបាយ។ សូមអ្នកយល់ថា ដរាបណា អ្នកនៅតែបង្កើតលេសជាន់ឈ្លីប្រជាជាតិយើង ខ្មែរនៅតែនឹកឃើញដល់ភាពអសីលធម៌របស់អ្នកដែលបាន «យកញញួរវាយក្បាលខ្មែរ ហើយឱ្យខ្មែរសងថ្លៃញញួរ ដែលប្រឡាក់ដោយឈាមប្រជាជនយើង»។
ប្រជាជនកម្ពុជា! ជនជាតិខ្មែរយើង មានតម្លៃរបស់យើង។ យើងបន្តស្វែងយល់គ្រប់ទិដ្ឋភាពនយោបាយតំបន់និងអន្តរជាតិ ហើយខិតខំមើលឱ្យឃើញច្បាស់ពីឧបាយកលដ៏ពិសពុលរបស់បរទេសមួយចំនួនមកលើប្រជាជាតិយើង។ យើងគ្មានបំណងបង្កអរិភាពជាមួយនរណាទេ។ ប៉ុន្តែ នៅក្នុងទំនាក់ទំនងកម្រិតអ្វីក៏ដោយ បើគេមានភាពស្មោះត្រង់ក្នុងការកសាង «មិត្តភាព» នោះគេនឹងមានការថ្លឹងថ្លែង នឹងមានការក្រែងចំពោះយើង។ បើជាមិត្តពិត នោះគេនឹងបង្ហាញសីលធម៌និងការគោរពចំពោះយើង ដោយមិនបរិហារ មិនប្រមាថ មិនរុកគួន ដោយគ្មានហេតុផល និងដោយអសីលធម៌មកលើប្រជាជាតិយើងនោះទេ។
ប្រជាជនកម្ពុជា! នរណាថាអ្វីក៏ថាទៅចុះ។ ម្តងគេចង់ឱ្យយើងទៅឆ្វេង ឬទៅស្តាំ យើងអាចយល់បាន។ តែយើងមិនទៅណាចោលតម្លៃខ្មែរ និងផលប្រយោជន៍ខ្មែរឡើយ។ បើនរណាដែលដាក់ខ្លួនឱនក្បាលចំពោះបរទេសដោយគ្មានអៀនខ្មាសដូចដែល លន់ ណុល និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើកាលជាង៥០ឆ្នាំមុន នោះក៏ព្រលឹងវីរបុរសខ្មែរ និងបារមីប្រទេសកម្ពុជានឹងមិនព្រមជាដាច់ខាត។ ទង្វើដែលគេជាន់ឈ្លីយើង នោះនឹងកាន់តែជំរុញធ្វើឱ្យសាមគ្គីភាពខ្មែរយើងកាន់តែរឹងមាំទ្វេឡើង។ ទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត យើងមានជម្រើសតែ១គត់ គឺជាជម្រើសដ៏ត្រឹមត្រូវ ហើយក៏ជាជម្រើសដ៏មានតម្លៃបំផុតសម្រាប់ខ្មែរនោះគឺ យើងបន្តជ្រើសយក «កម្ពុជា»។ យើងរួមគ្នាពង្រឹងខ្មែរឱ្យខ្លាំង ហើយមានតែសាមគ្គីខ្មែរខ្លាំងទេ ដែលប្រជាជាតិខ្មែរយើងបន្តធានាបាននូវឯករាជ្យ អធិបតេយ្យ និងការពារបាននូវផលប្រយោជន៍ខ្មែរគ្រប់កាលៈទេសៈ៕
ដោយ៖ សេនាជាតិ
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១