(ភ្នំពេញ)៖ ពាក្យចាស់ពោលថា «ចាញ់ខ្លាំងស្រវាំងភ្នែក»។ យ៉ាងណាមិញ ទណ្ឌិត សម រង្ស៊ី នៅពេលនេះ មិនត្រឹមតែស្រវាំងភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រវាំងសតិបញ្ញាស្មារតីទៀតផង ពីព្រោះលើទិដ្ឋភាព នយោបាយក៏ចាញ់អស់គ្មានសល់ ចំណែកអាយុក៏កាន់តែចាស់ខ្លាំង។ ជាក់ស្តែង បើយើងមើលរាល់សំណេររបស់ សម រង្ស៊ី សុទ្ធតែបានបង្ហាញអំពីភាពល្ងង់ខ្លៅនិងវិលក្បុង ហើយបង្កប់នូវចេតនាទុច្ចរិតចង់តោងកន្ទុយក្បិនគេ ដើម្បីតែកេងចំណេញប្រជាប្រិយភាពរហូតអស់មួយ ជីវិតដោយគ្មានកែប្រែសូម្បីតែបន្តិចបន្តួចឡើយ។
ក្រោយការបរាជ័យដ៏សែនជូរចត់បំផុតនៃនយោបាយប្រជាភិថុត នៃការវិលត្រឡប់ចូលស្រុកនៅថ្ងៃ៩ វិច្ឆិកា ២០១៩ រហូតមកទល់បច្ចុប្បន្នដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិលែងនឹកនាពីឈ្មោះរបស់ខ្លួននោះ ទណ្ឌិតអស់ក្បាច់រូបនេះ ក៏ស្រាប់តែមកប្រកាសឡែឡែតាមហ្វេសប៊ុកសុំទទួលទោសជំនួស កឹម សុខា និងទាមទារឲ្យតុលាការកាត់ ទោសខ្លួនក្នុងនាមជាជនក្បត់ជាតិវិញ។ សំណេរបែបនេះបានធ្វើឲ្យមនុស្សជាច្រើនអស់សំណើច និងហួសចិត្តត្បិតមិនដឹងថា ជាសម្តីកូនក្មេងបៀមដៃឬសម្តីជនដែលមានវិប្បល្លាសខាងស្មារតី។
សំណេររបស់ សម រង្ស៊ី ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីចរិត និងលក្ខណៈសម្បត្តិរបស់បុគ្គលរូបនេះដូចខាងក្រោម៖
ទី១៖ សម រង្ស៊ី នៅតែបន្តតោងកន្ទុយក្បិន កឹម សុខា មិនព្រមលែងដើម្បីកេងចំណេញប្រជាប្រិយភាព។ នរណាក៏ដឹងដែរថា រយៈពេលជាច្រើនឆ្នាំមកនេះ សម រង្ស៊ី បានយកឈ្មោះ កឹម សុខា ជាចំណាប់ខ្មាំងដើម្បីផលចំណេញផ្ទាល់ខ្លួន។ បុគ្គលនេះតែងតែប្រើពាក្យ «សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ» ដើម្បីបោកប្រាស់ទឹកចិត្តអ្នកគាំទ្រហើយនឹងប្រមូលលុយ។ ប៉ុន្តែកាលពីថ្មីៗនេះ កឹម សុខា ក៏បានចេញមុខមកប្រកាសឲ្យសម រង្ស៊ី បញ្ឈប់សកម្មភាពដែលគ្មានការទទួលខុសត្រូវនេះជាបន្ទាន់។ ឥឡូវនេះអ្នកនយោបាយដែលចាំតែស៊ីឡាកពីគេរូបនេះ ស្រាប់តែមកប្រកាសខ្លួនទទួលទោសជំនួស កឹមសុខា ដែលគេអាចយល់បានថា គឺជាការបន្តកេងចំណេញប្រជាប្រិយភាពពីកឹម សុខា ដោយឥតអៀនខ្មាស។ យើងអាចនិយាយបានថា ជីវិតនយោបាយរបស់ សម រង្ស៊ី គឺរស់ដោយសារតែការតោងកន្ទុយក្បិនគេ ជាពិសេសគឺ ធ្លាក់ខ្លួនមកតោងកន្ទុយក្បិន
កឹម សុខា។
ទី២៖ វាបានបង្ហាញឲ្យសាធារណជនឃើញច្បាស់ថា សម រង្ស៊ី ជាមនុស្សខ្សត់ខ្សោយខាងផ្លូវច្បាប់យ៉ាងខ្លាំង។ នៅលើលោកកីយយើងនេះ គ្មានអ្នកណាអាចទៅ ទទួលទោសជំនួសមនុស្សម្នាក់ទៀតដែលមានទោសបានឡើយសូម្បីតែឪពុកម្តាយ កូន ប្រពន្ធ សាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធយ៉ាងណាក៏មិនអាចមានប្រព័ន្ធច្បាប់ប្រទេសណាមួយអនុញ្ញាតឲ្យមានអ្នកទទួលទោសជំនួសគ្នាបានដែរ។ នៅក្នុងប្រពន្ធ័ផ្លូវច្បាប់ មិនថាប្រទេសណាជាប្រទេសណាទេ គឺគោលការណ៍ច្បាប់មានតែមួយនោះគឺ «ឯកត្តកម្មទោស» មានន័យថា អ្នកណាមានទោស អ្នកនោះទទួល ហើយបើនិយាយអោយសាមញ្ញ ងាយយល់គឺ«ក្បាលអ្នកណា សក់អ្នកហ្នឹង»។ ចុះចម្លែកអ្វីតែអ្នក នយោបាយឈ្មោះ សម រង្ស៊ី បែរជាប្រកាសចង់ទទួល ទោសជំនួស កឹម សុខា ទៅវិញ? បើមិនមែនជាមនុស្សឡប់សតិតើជាអ្វីទៅវិញ?
ទី៣៖ សម រង្ស៊ី ជាមនុស្សមានទោសជាប់ខ្លួនរាប់ភ្លេចដែលរហូតមកដល់ពេលនេះ បុគ្គលដែលគ្មានការទទួលខុសត្រូវរូបនេះត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនសំណុំរឿងរួចមកហើយៗនេះនៅមិនទាន់រាប់អំពីសំណុំ រឿងជាច្រើនផ្សេង ទៀតដែលតុលាការ បាននិងកំពុងបន្តកាត់ក្តី។ ដូច្នេះបើគ្មានការចាំបាច់ដើម្បីកេងចំណេញប្រជាប្រិយភាពពី កឹម សុខាទេ នោះ សម រង្ស៊ីគប្បីបិទមាត់នៅស្ងៀម វាល្អជាជាងស្រដីដែលខ្ជាក់ចេញនូវភាពពិសពុលនិងល្ងង់ខ្លៅនេះចេញមកខាងក្រៅ។
ទី៤៖ ការទាមទារឲ្យ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងសំណេររបស់ខ្លួនគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី នៅបន្តតោង កន្ទុយក្បិនសម្តេចតេជោ ហ៊ុន សែន ដើម្បីចិញ្ចឹមជីវិត នយោបាយដ៏អាប់ឱនរបស់ខ្លួនមិនព្រមឈប់ឡើយ។ ថ្មីៗនេះ ពេលដែលសម្តចតេជោ ហ៊ុន សែន រៀបចំឲ្យមានអ្នកបន្តវេន ស្រាប់តែ សម រង្ស៊ី ងាកទៅតោងកន្ទុយក្បិនលោក ហ៊ុន ម៉ាណែត ដើម្បីសាកថ្មនយោបាយរបស់ខ្លួនដែលកំពុងរលត់ ប៉ុន្តែក៏ត្រូវបានអ្នកបន្តវេនគណបក្សប្រជាជនវាយបកវិញ ដែលធ្វើឱ្យទណ្ឌិតរត់ចោលគុកនេះរឹងថ្គាមហារមាត់លែងរួច។
ទី៥៖ ស្នៀតចាំស៊ីឡាកពីអ្នកដទៃដដែលៗនេះ វាពិតជាអស់តម្លៃព្រោះប្រជាពលរដ្ឋខ្មែរជាទូទៅបានភ្លេចឈ្មោះទណ្ឌិតរូបនេះបាត់ទៅ ហើយៗចំណែកមជ្ឈដ្ឋានអន្តរជាតិក៏លែងឲ្យតម្លៃទៀតដែរ។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺភាគឺ កឹម សុខា ក៏មិនស្វាគមន៍ឲ្យ សម រង្ស៊ី បន្តស៊ីឡាកដើម្បីកេងចំណេញទៀតដែរ។
សរុបមកវិញ ទោះបីខំរកនឹកយ៉ាងណាក៏គេរកមិនឃើញនូវគុណសម្បត្តិនយោបាយដែលជាស្នាដៃផ្ទាល់របស់ សម រង្ស៊ី ដែរ។ បើមិនតោងកន្ទុយក្បិនអ្នកដទៃទេ អ្នកនយោបាយរូបនេះ ពិតជាមិនអាចបន្តជីវិតនយោបាយរបស់ខ្លួន បានឡើយក្រោយពីរបូតដៃពីកន្ទុយក្បិន លោក ហ៊ុន សែន ធ្លាក់មកតោងកន្ទុយក្បិន កឹម សុខា និងស្រវាតោងកន្ទុយក្បិនអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាទៀត។ និយាយដោយខ្លីឲ្យតែអាចតោងបាន សម រង្ស៊ី តោងមិនរើសមុខឡើយពីព្រោះបើមិនខំស្រវាតោងកន្ទុយក្បិនគេទេ អ្នកនយោបាយសត្វប្រឡាំងកាសរូបនេះ ពិតជាគ្មានសមត្ថភាពរស់ដោយខ្លួនឯងបានឡើយ ពោលគឺតោងកន្ទុយក្បិនអ្នកដទៃ គឺជាអភិក្រមក្នុងការធ្វើ នយោបាយរបស់ត្រកូលក្បត់ជាតិទណ្ឌិតបីជំនាន់ឈ្មោះ សម រង្ស៉ី៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ