(ភ្នំពេញ)៖ កីឡាអូឡាំពិករដូវរងារក្នុងឆ្នាំ២០២២ ដែលជាទូទៅត្រូវបានគេស្គាល់ថាជាកីឡាអូឡាំពិកទីក្រុង ប៉េកាំង ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ដែលជាទីក្រុងដំបូងបំផុតក្នុងប្រវិត្តសាស្ត្រ បានក្លាយជាម្ចាស់ផ្ទះទទួលស្វាគមន៍ការប្រារព្ធកីឡាអូឡាំពិក រដូវរងារផង និងរដូវក្តៅផង។
ទីក្រុងប៉េកាំងបានចំណាយថវិការសរុបចំនួន ៣.៩ពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំប្រារព្ធកីឡាអូឡាំពិករដូវរងារមួយនេះ។ ដើម្បីឆ្លើយតប និងការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រកួតកីឡានេះ ប្រទេសចិនបានចាត់វិធានការការពារការឆ្លងជំងឺកូវីដ-១៩ យ៉ាងម៉ត់ចត់ ហើយមានលក្ខណៈតឹងរ៉ឹងជាងវិធានការនៅព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូប្រទេសជប៉ុនទៅទៀត។
ជាក់ស្តែងអត្រាឆ្លង និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនមានអត្រាទាបជាងប្រទេសដទៃទៀតជាច្រើន ជាពិសេសសហរដ្ឋអាមេរិក។ វិធានការរឹតបន្តឹងថ្មីបន្ថែមពីលើគោលនយោបាយពង្រឹង គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺ កូវដី-១៩ ដែលមានស្រាប់នឹងជួយឱ្យប្រទេសចិន មានលទ្ធភាពខ្ពស់ក្នុងការការពារ និងបង្កើតបរិយាកាសសមរម្យ និងសុវត្ថិភាពជៀសផុតពីជំងឺកូវីដ-១៩ជូនដល់អត្តពលករ និងគណៈប្រតិភូទាំងអស់ ក្នុងអំឡុងពេលស្នាក់នៅ និងពេលចូលរួមប្រកួតកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០២២នេះ។
ជាអកុសល សហរដ្ឋអាមេរិកបែរជាដឹកនាំបង្កើតឱ្យមានការធ្វើពហិការការទូតប្រឆាំងនឹងព្រឹត្តការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកំាងឆ្នាំ២០២២ទៅវិញ។ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និង កាលណា គឺជាប្រទេសធំៗបួន ក្នុងចំណោមបណ្តាជាង២០ប្រទេស ដែលបានធ្វើពហិការមិនចុះហត្ថលេខាទទួលស្គាល់សេចក្តីសម្រេចកីឡាអូឡាំពិករដូវរងារក្នុងឆ្នាំ២០២២នៅទីក្រុងប៉េកាំង។ ក្នុងការធ្វើពហិការការទូត បណ្តាប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឆ្លៀតឱកាសប្រើប្រាស់ព្រឹត្តការណ៍កីឡាអូឡាំពិកធ្វើជាឧបាយកលញុះញុងបែបនយោយ។ ទង្វើរបែបនេះគឺផ្ទុយស្រឡះទៅនឹងគោលការណ៍ និងស្មារតីកីឡា ដែលគណៈកម្មការអូឡាំពិកអន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់រួចមកហើយថា គោលបំណងនៃការប្រារព្ធកីឡាអូឡាំពិក គឺដើម្បីរួមចំណែកកសាងសន្តិភាព និងពិភពលោកមួយដ៏ល្អប្រសើរ ដោយអប់រំក្មេងជំនាន់ក្រោយអំពីការលេងកីឡាដោយគ្មានការរើសអើងគ្រប់រូបភាព ជាមួយស្មារតីកីឡាអូឡាំពិក ដែលទាមទារឱ្យមានការយល់គ្នាទៅវិញទៅមក ស្មារតីជាមិត្ត ការរួមសាមគ្គី និងការប្រកួតដោយយុត្តិធម៌។
លោក Thomas Bach ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ ក៏បានលើកឡើងដោយខ្លួនឯងផ្ទាល់ផងដែរថា កីឡាអូឡាំពិករដូវរងារក្នុងឆ្នាំ២០២២ មិនគួរត្រូវបានយកទៅប្រើប្រាស់ដើម្បីបង្កើនភាព តានតឹងសកលនោះទេ ពីព្រោះថាការចូលរួមរបស់អត្ដពលិកគឺជាការព្រមព្រៀងមតិជាសកលរួចទៅហើយ។ លោកក៏បានបន្ថែមទៀតថា «យើងកំពុងតែរស់នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខដាក់គ្នា និងបែក បាក់គ្នា ហើយកម្រិតនៃការប្រឈមមុខដាក់គ្នានោះទៀតសោតក៏កំពុងតែកើនឡើងផងដែរ។ ប្រសិនបើ ការប្រកួតកីឡាអូឡាំពិកនេះ ក្លាយទៅជាចំណែកមួយនៃការប្រឈមមុខដាក់គ្នាបែបនេះ គឺវាផ្ទុយស្រឡះ ជាមួយនឹងបេសកកម្មរបស់គណៈកម្មការអូឡាំពិកអន្តរជាតិ» ។
ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៧៣ បានគាំទ្រសេចក្តីសម្រេចស្តីអំពី «ការកសាងសន្តិភាព និងពិភពលោកដ៏ល្អប្រសើរ តាមរយៈកីឡានិងស្មារតីអូឡាំពិក» ដែលអនុម័តនៅ ក្នុងសន្និបាតលើកទី៧៦របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដែលប្រទេសចិន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិជាអ្នករៀបចំសេចក្តីព្រាង។
សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា និងប្រទេសមួយចំនួនទៀតបានប្រព្រឹត្តផ្ទុយ ពីស្មារតីកីឡាអូឡាំពិក និងបង្កើតឧបាយកកលញុះញុងបែបនយោយ នៅក្នុងអំឡុងពេលដែលសាមគ្គីភាពសកល កិច្ចសហប្រតិបត្តិការរួម និងមិត្តភាពមានសារៈសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា។ ជា ការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ចិនមិនបាន ផ្ញើរសំបុត្រអញ្ជើញទៅប្រទេសដែលធ្វើពហិការការទូតនោះទេ។ គាត់បានបន្ថែមថា កីឡាមិនមានអ្វីពាក់ ព័ន្ធជាមួយនឹងនយោបាយនោះទេ ហើយកីឡាអូឡាំពិកគឺជាវេទិការប្រកួតប្រជែងរបស់អត្ដពលិក និងអ្នកគាំទ្រកីឡា មិនមែនជាវេទិការសម្រាប់អ្នកនយោបាយនោះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលលិខិតអញ្ជើញពីគណៈកម្មការអូឡាំពិកអន្តរជាតិ និងចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២។ ផ្ទុយពីសហរដ្ឋ អាមេរិក និងបណ្តាប្រទេសដែលធ្វើពហិការការទូត ប្រទេសបារាំងគ្មានគម្រោងនឹងចូលរួមពហិការការទូត កីឡាអូឡាំពិករដូវរងារឆ្នាំ២០២២នោះទេ។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានលើក ឡើងទៀតថា ការធ្វើពហិការការទូតបែបនេះគ្មានសារៈសំខាន់ និងសឹងតែគ្មាននិមិត្តរូបអ្វីនោះទេ។
យ៉ាងហោចណាស់មានប្រមុខដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកព្រះរាជវង្សានុវង្ស និង ប្រធានស្ថាប័នអន្តរជាតិធំៗ ចំនួន៣២រូប នឹងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំង ឆ្នាំ២០២២។ ដូចដែលលោក Wang Wenbin បានលើកឡើង ជោគជ័យរបស់ទីក្រុងប៉េកាំងក្នុងការធ្វើ ជាម្ចាស់ផ្ទះក្នុងព្រឹត្តការណ៍ប្រវត្តិសាស្ត្រកីឡាអូឡាំពិក២០២២ មិនអាស្រ័យលើសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា បញ្ចូនមន្ត្រីមកចូលរួមការប្រកួតនោះទេ។ ប្រទេសចិន នឹងស្វាគមន៍យ៉ាងកក់ ក្តៅដល់អត្ដពលិក និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលនឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវ រងារទីក្រុងប៉េកាំងឆ្នាំ២០២២ និងចាត់វិធានការការពារមិនឱ្យមាន ការឆ្លងជំងឺកូវដី-១៩ និងសុវត្ថិភាព ជូនអ្នកចូលរួមគ្រប់ៗគ្នា៕