កម្តៅកើនឡើង! សហរដ្ឋអាមេរិក «ហាមយន្តហោះស៊ីវិលទាំងអស់ហោះពីលើអ៊ីរ៉ង់» ក្រោយការបាញ់ទម្លាក់​ដ្រូនស៊ើបការណ៍សម្ងាត់ (Video inside)

21-06-2019 10:18

(វ៉ាស៊ីនតោន)៖ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក FAA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញបទបញ្ជាបន្ទាន់មួយ ដោយហាមយន្ដហោះស៊ីវិលអាមេរិក ទាំងអស់ ហោះហើរពីលើដែនទឹកដែលគ្រប់គ្រងដោយអ៊ីរ៉ង់ នៅឯតំបន់ច្រកសមុទ្រហ័រមូស (Hormuz) និងឈូងសមុទ្រអូម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងបទបញ្ជាបន្ទាន់របស់ខ្លួន FAA ក៏បានបញ្ជាក់ដែរថា ការសម្រេចខាងលើធ្វើឡើងខណៈ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងឡើងកម្ដៅជាអតិបរមា ក្រោយយន្ដហោះដ្រូនយោធា អាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ ដោយមីស៊ីលអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។ លើសពីនេះទៅទៀតបើតាម FAA យន្ដហោះស៊ីវិលមួយចំនួន បានធ្វើប្រតិបត្តិការហោះហើរនៅក្បែរតំបន់ ដែលយន្តហោះដ្រូននេះត្រូវបានបាញ់ទម្លាក់។ ដូច្នេះទើបខ្លួនសម្រេចចិត្តបទបញ្ជាហាមឃាត់ យន្ដហោះស៊ីវិលអាមេរិកទាំងអស់ មិនឲ្យហោះហើរពីលើដែនទឹកគ្រប់គ្រងដោយអ៊ីរ៉ង់ ដើម្បីបញ្ចៀសសោកនាដកម្មជាយថាហេតុ។

គួរជម្រាបថា ទីបញ្ជាការកណ្ដាលយោធាអាមេរិក (CENTCOM) បានទទួលស្គាល់ហើយថា អ៊ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្ដហោះដ្រូនប្រភេទ RQ-4A មួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅលើដែនអាកាសអន្តរជាតិ នៃច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រាកដមែន។ ប៉ុន្តែអ៊ីរ៉ង់អះអាងថា យន្ដហោះដ្រូននេះត្រូវបានបាញ់ទម្លាក់នៅពេលហោះ រំលោភចូលដែនអាកាសរបស់ខ្លួនក្នុងខេត្ត ហ័រម៉ូសហ្គាន់ (Hormozgan)៕