កងទ័ពជើងទឹករុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រខ្មៅ ចំពោះមុខអង្គការណាតូដែលកំពុងធ្វើការហ្វឹកហ្វឺនកម្លាំងដូចគ្នា (Video inside)

05-07-2019 10:14

(ម៉ូស្គូ)៖ កងនាវារុស្ស៊ីបានចាប់ផ្ដើមធ្វើសមយុទ្ធយោធា តាមការគ្រោងទុកហើយនៅថ្ងៃសុក្រនេះ នៅក្នុងតំបន់សមុទ្រខ្មៅ ខណៈអង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដឹកនាំលំហាត់ សឹកជើងទឹកនៅក្នុងតំបន់នេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

សមយុទ្ធយោធា ស៊ីប្រ៊ីស (Sea Breeze) ដឹកនាំដោយអង្គការណាតូ នៅក្នុងតំបន់សមុទ្រខ្មៅ បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី០១ ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។ ដោយឡែកនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ យោធារុស្ស៊ីក៏បានឱ្យដឹងបន្ថែមផងដែរថា កងនាវារបស់ខ្លួនបានចាប់ផ្ដើមធ្វើ សមយុទ្ធបែបប្រយុទ្ធជើងទឹកនៅក្នុងតំបន់សមុទ្រដូចគ្នា តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ។

គួរបញ្ជាក់ថា បើតាមប្រភពពីមន្ត្រីយោធារុស្ស៊ី សមយុទ្ធយោធារបស់រុស្ស៊ីមានការចូលរួមពីនាវាចម្បាំងចំនួន ១០គ្រឿង ក្នុងនោះរួមមាននាវាសម្រាប់យន្ដហោះចម្បាំងចុះចតចំនួនពីរគ្រឿង និងនាវាបំពាក់មីស៊ីលពីរគ្រឿងផងដែរ៕