អាមេរិកចេញបំរាម! អ្នកដំណើរមិនអាចយកកុំព្យូទ័រ MacBook Pro ឡើងយន្តហោះឡើយ ព្រោះវាមានបញ្ហា... (Video inside)

14-08-2019 15:40

(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានហាមអ្នកដំណើរយកកុំព្យូទ័រយួរដៃ ឬស៊េរី laptops MacBook Pro ជាប់តាមខ្លួនឡើងលើយន្ដហោះឡើយ បន្ទាប់ពីក្រុមហ៊ុន Apple បានអះអាងថា ថ្មមួយចំនួនរបស់កុំព្យូទ័រយួរដៃអាចបង្កឱ្យការផ្ទុះឆេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

សារព័ត៌មាន Bloomberg ផ្អែកលើរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានឱ្យដឹងទៀតថា កុំព្យូទ័រយួរដៃជាច្រើន MacBook Pro ត្រូវបានមូលយកមកវិញ ដោយសារតែបញ្ហាថ្ម ហើយអាជ្ញាធរ FAA ក៏បានជូនដំណឹងទៅដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ពីបម្រាមខាងលើរួចហើយដែរ។ ដោយឡែកនៅក្នុងសប្ដាហ៍នេះ ការហាមឃាត់ MacBook Pro នៅលើយន្ដហោះត្រូវបានអនុវត្ត ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៤ រួចទៅហើយ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ក្រុមហ៊ុន Apple បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីបញ្ហាថ្មនៅក្នុង MacBook Pro ដែលបង្កជាការផ្ទុះឆេះ។ MacBook Pro ដែលមានបញ្ហាគឺត្រូវបានដាក់លក់នៅចន្លោះខែកញ្ញា ឆ្នាំ២០១៥ និងខែកុម្ភៈ ឆ្នាំ២០១៧៕