ក្រោយបាញ់តេស្តមីស៊ីលមួយជោគជ័យ ឥឡូវអាមេរិកត្រៀមផលិតមីស៊ីល Hypersonic ដែលលឿនជាងសំឡេង៥ដងថែមទៀត! (Video inside)

21-08-2019 10:40

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកលោក រីយ៉ាន ម៉ាកខាធី (Ryan D. McCarthy) នាថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ក្រោយដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ ការរីកសាយនៃអាវុធនុយក្លេអ៊ែរ INF ឥឡូវទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលទៅលើការអភិវឌ្ឍ មីស៊ីលល្បឿនលឿនកម្រិត hypersonic (លឿនជាងល្បឿនសំឡេងចាប់ពី ០៥ដងឡើងទៅ) ដែលពីមុនគឺត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

ខណៈសន្ធិសញ្ញា INF បានផុតរលត់ទៅភ្លាម សហរដ្ឋអាមេរិកហាក់កំពុងដុតដៃដុតជើងជាខ្លាំង ក្នុងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន ព្រោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្រសួងការពារជាតិអាមេរិកទើបតែបានសម្រេចជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលចង្អុល ទិសដៅមួយគ្រាប់ (Cruise Missile) ប្រភេទបាញ់ចេញពីផ្ទៃដី និងរត់បានចម្ងាយ ៥០០គីឡូម៉ែត្រ ដែលវាក៏ធ្លាប់ស្ថិតក្រោមការហាមប្រាមដោយ INF ដែរ។ ពុំបានប៉ុន្មានថ្ងៃផង ឥឡូវនេះអាមេរិកក៏បង្ហើបប្រាប់ពីមហិច្ឆតា អភិវឌ្ឍន៍មីស៊ីលល្បឿនលឿនខ្លាំងថែមទៀត ។

ទាក់ទិនការធ្វើតេស្តមីស៊ីលចង្អុលទិសខាងលើ ប្រទេសចិនក៏បានបង្ហាញក្តីបារម្ភដែរថា សកម្មភាពរបស់អាមេរិក នឹងនាំឲ្យកើនឡើងភាពតានតឹងផ្នែកយោធា ហើយនឹងមានឥទ្ធិពលអវិជ្ជមានលើសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ។ ម៉្យាងវិញទៀតទង្វើបែបនេះ គឺជាការស្តែងឲ្យឃើញពីចេតនាពិតប្រាកដរបស់អាមេរិក ជុំវិញការបំផ្លាញសន្ធិសញ្ញា INF គឺដើម្បីតែអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែរទំនើបៗជាងមុន ហើយពង្រឹងអំណាចយោធារបស់ខ្លួន ឲ្យខ្លាំងដាច់គេលើលោក។

គួរជម្រាបថា សន្ធិសញ្ញា INF ដែលហាមឃាត់ការអភិវឌ្ឍ ការផលិត និងការដាក់ពង្រាយប្រើប្រាស់នូវមីស៊ីលប្រភេទបាញ់ពីដី ដែលអាចហោះបានចម្ងាយពី ៥០០-៥,៥០០គីឡូម៉ែត្រនោះ បានរលាយសាបសូន្យជាផ្លូវការកាលពីថ្ងៃទី០២ ខែសីហាកន្លងទៅ នេះ ក្រោយពីវាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧៕