រដ្ឋមន្ត្រីការបរទេសគុយវ៉ែត ស្នើឱ្យកងទ័ពប្រុងជើងការខ្ពស់ ខណៈតំបន់មជ្ឈិមបូព៌ាជួបភាពតានតឹងជាថ្មី (Video inside)
17-09-2019 22:00
(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសគុយវ៉ែត នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យកងទ័ពជាតិទាំងអស់ស្ថិតនៅក្នុង លក្ខណៈប្រុងជើងការខ្ពស់ ព្រមទាំងត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងរាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់គុយវ៉ែត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KUNA នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន KUNA ផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការបរទេស ក៏បានបញ្ជាក់ដែរថាប្រទេស គុយវ៉ែត គាំទ្រ និងឈរនៅពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីរោចក្រប្រេងក្រុមហ៊ុន
អារ៉ាប៊ីសាអូឌីត Aramco រងការវាយប្រហារដោយយន្ដហោះដ្រូន។
គួរជម្រាបថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ថាអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយ ការវាយប្រហារលើរោងចក្រប្រេងរបស់ក្រុមហ៊ុន Aramco កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ប៉ុន្តែអ៊ីរ៉ង បានទាត់ចោលការចោទប្រកាន់នេះ ខណៈក្រុមមន្រ្តី និងអ្នកនយោបាយអាមេរិកមួយចំនួនចង់ឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ បើកការវាយប្រហារលើអ៊ីរ៉ង់៕