ផ្ទុះករណីពុលស្រាលាយនៅហ្វីលីពីន «ផ្តាច់ជីវិតមនុស្ស៩នាក់ និង ១៣០នាក់ដេកពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ» (Video inside)

23-12-2019 08:52

(ម៉ានីល)៖ យ៉ាងហោចណាស់ប្រជាជនហ្វីលីពីន ០៩នាក់បានបាត់បង់ជីវិត ខណៈជាង ១៣០នាក់ទៀតធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពួកគេបានពុលស្រាលាយខុសបច្ចេកទេស ស្ថិតនៅខេត្តឡាហ្គូណា (Laguna) និងក្វេហ្សុន (Quezon) ភាគខាងត្បូងរដ្ឋធានីម៉ានីល។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

លោក វែណឺ មុនណូស (Vener Munoz) អភិបាលក្រុងវីហ្សាល់ (Rizal) ដែលជាតំបន់កើតហេតុធ្ងន់ធ្ងរជាងគេ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រជាជនទាំងអស់បានទទួលទានស្រាលាយខុសច្បាប់ និងតម្លៃថោក ដែលត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានផ្ទុកសារធាតុតុកសិក (Toxic) កម្រិតខ្ពស់។

គួរបញ្ជាក់ថា ប្រជាជនហ្វីលីពីនបានរងគ្រោះ នៅតំបន់ផ្សេងៗគ្នានៅទូទាំងខេត្តទាំងពីរ ខាងលើនេះ ប៉ុន្តែតាមការសន្និដ្ឋានពួកគេបានទិញស្រាលាយពីប្រភពតែមួយ ដូច្នេះប៉ូលិសកំពុងតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកប្រភពដើមនៃអ្នក ដែលបានបង្កើតស្រាលាយប្រភេទនេះឡើង៕