ព្យុះកំណាច Tornado វាយប្រហារសហរដ្ឋអាមេរិក ផ្ដាច់ជីវិតមនុស្ស៨នាក់

03-03-2020 21:48

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច៨នាក់បានស្លាប់ បន្ទាប់ពីព្យុះកំណាច Tornado ចំនួនពីរ វាយប្រហារលើតំបន់ភាគកណ្ដាលនៃរដ្ឋ Tennessee នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ក្នុងនោះរួមមានទាំង ទីក្រុង Nashville។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរអាមេរិក មនុស្ស២០នាក់ ក៏បានរងរបួសផងដែរ។ ចំណែកឯ អគារ ក៏ដូចជាផ្ទះជាង៤០ខ្នង បានរងការខូចខាត ហើយមិនតែប៉ុណ្ណោះ ព្យុះកំណាចទាំងនេះ បានធ្វើឱ្យមនុស្ស ៤៤,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ទៀតផង។ បច្ចុប្បន្ន អាជ្ញាធរនៅក្នុងតំបន់ កំពុងផ្ដល់ជំនួយដល់ជនរងគ្រោះ និងវាយតម្លៃពីទំហំខូចខាត៕