BREAKING NEWS: ចិន៖ អ្នកឆ្លង COVID-19 កើនដល់៨០,៥៥២ករណី ក្នុងនោះស្លាប់៣,០៤២នាក់ និងជាសះស្បើយសរុប៥៣,៧២៦នាក់ (Video inside)
06-03-2020 11:33
(ប៉េកាំង)៖ របាយការណ៍ចុងក្រោយរបស់អាជ្ញាធរសុខាភិបាលចិន ស្តីអំពីតួលេខសរុបនៃអ្នកឆ្លង អ្នកស្លាប់ និងអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទសចិន បានចេញមកហើយនាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើយោងតាមរបាយការណ៍នេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៥៥២ករណី ដោយក្នុងនោះអ្នកជំងឺសរុប ៣,០៤២នាក់ស្លាប់ ខណៈអ្នកដែលបានជាសះស្បើយជាស្ថាពរពីជំងឺនេះ គឺបានកើនឡើងដល់ទៅ ៥៣,៧២៦នាក់បើគិតត្រឹមយប់ថ្ងៃព្រសហ្បតិ៍ម្សិលមិញ។
បើតាមតួលេខសម្រាប់តែរយៈពេល ពេញមួយថ្ងៃព្រសហ្បតិ៍ម្សិលមិញ អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងដែរថា ករណីឆ្លងថ្មីៗនៅទូទាំងចិនដីគោក មានចំនួន ១៤៣នាក់ ខណៈ ៣០នាក់បានត្រូវរាយការណ៍ថា ស្លាប់នៅក្នុងថ្ងៃដដែលនោះដែរ។ នៅថ្ងៃជាមួយគ្នាអ្នកជំងឺដែលត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយជាស្ថាពរពីជំងឺនេះ មានចំនួនរហូតដល់ ១,៦៨១នាក់ផងដែរ។
គួរបញ្ជាក់ថា តួលេខថ្មីៗខាងលើនេះ គឺបង្ហាញអំពីការធ្លាក់ចុះបន្ថែមទៀត នៃអត្រាអ្នកឆ្លង និងស្លាប់ថ្មីៗដោយសារមេរោគរាតត្បាត COVID-19 នៅប្រទេសចិន ចំពោះមុខការព្យាយាមប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាបំផុត។ អ្នកជំនាញចិនក៏បាន សន្និដ្ឋានផងដែរថា ករណីឆ្លងថ្មីៗនៃមេរោគ COVID-19 អាចនឹងធ្លាក់ដល់ចំណុចសូន្យ តែម្តងនៅចុងខែមីនាខាងមុខនេះ៕