ទីបំផុតប្រទេសកាហ្សាក់ស្ថាន រួចចេញពីគ្រាអាសន្នហើយ បន្ទាប់ពីបានរងភាពចលាចល កាលពីដើមខែមករា (Video inside)

19-01-2022 11:53

(អាល់ម៉ាធី)៖ នៅទីបំផុតប្រទេសកាហ្សាក់ស្ថាន បានចាកចេញពីការប្រកាសអាសន្នហើយ គិតចាប់ពីពេលរំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ (ម៉ោងនៅកាហ្សាក់ស្ថាន) បន្ទាប់ពីភាពចលាចលជាប្រវត្តិសាស្ត្រ បានផ្ទុះឡើងនៅតាមទីក្រុងនានា ទូទាំងប្រទេសអាស៊ីកណ្តាលមួយនេះ ជាពិសេសគឺនៅក្នុងរដ្ឋធានីអាល់ម៉ាធី (Almaty) ផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

រដ្ឋាភិបាលកាហ្សាក់ស្ថានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ច្បាប់ និងសណ្តាប់ធ្នាប់សង្គម ត្រូវបានស្តារឡើងវិញទាំងស្រុងហើយ នៅទូទាំងប្រទេស ប៉ុន្តែប្រតិបត្តិការបង្ក្រាបពួកភេរវករ កំពុងតែបន្តប្រព្រឹត្តទៅនៅឡើយ នៅក្នុងតំបន់មួយចំនួន។ ដោយឡែកកងកម្លាំងសន្តិសុខ ដឹកនាំដោយប្រទេសរុស្ស៊ី ក៏ត្រូវបានដកចេញវិញផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាហ្សាក់ស្ថាន បានបញ្ចេញទិន្នន័យចុងក្រោយ អំពីចំនួនមនុស្សស្លាប់ គិតចាប់តាំងពីភាពចលាចលបានផ្ទុះឡើង កាលពីដើមខែមករា ដែលមានចំនួនសរុប ២២៧នាក់ ខណៈមនុស្សរាប់ពាន់នាក់ទៀត អាចនៅបន្តជាប់ឃុំឃាំង។ ប្រទេសកាហ្សាក់ស្ថានបានរងនូវភាពចលាចល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៣០ឆ្នាំមកនេះ ដោយវាបានកើតចេញពីការតវ៉ា ទៅលើបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ៕