លោក ពូទីនថា លោកខាងលិចជាអ្នកធ្វើឱ្យរូបលោក «គ្មានជម្រើស» ជុំវិញសង្រ្គាមអ៊ុយក្រែន (Video inside)
09-05-2022 16:37
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយនៅឯពិធីប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក ពូទីន នៅថ្ងៃចន្ទនេះ។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេស NATO មិនចង់ស្ដាប់ពួកយើងឡើយ ហើយនេះមានន័យថាជាការពិតណាស់ ពួកគេមានផែនការផ្សេងជាច្រើន ក្នុងនោះរួមមានទាំងការរៀបចំជាច្រើន ដែលកំពុងធ្វើឡើងក្នុងតំបន់ដុនបាស់ និងការឈ្លានពានទឹកដីជាប្រវតិ្តសាស្ត្ររបស់ពួកយើង ដូចជាគ្រីមៀ ជាដើម»។
លោកបន្តទៀតថា «នៅក្នុងទីក្រុងកៀវ, ពួកគេបានប្រកាសពីលទ្ធភាពនៃការទទួលបានអាវុធនុយក្លេអ៊ែរ រីឯប្លុក NATO បានចាប់ផ្ដើមធ្វើសកម្មភាពយោធាគ្រប់គ្រង ទឹកដីដែលនៅជិតព្រំដែនរបស់ពួកយើង...ដែលនេះជាទង្វើមិនអាចទទួលយកបាន ហើយរុស្ស៉ីចាំបាច់ត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ និងទាំងបង្ខំ ដើម្បីរារាំង ពួកឈ្លានពាន»។
គួរបញ្ជាក់ថា លោក ពូទីន បានហៅសង្រ្គាមរបស់លោកនៅអ៊ុយក្រែនថា ជា «ប្រតិបត្តិការយោធាពិសេស» តែលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន»។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុងសុន្ទរកថានោះដែរ, លោក ពូទីន មិនបានប្រកាសពីការសម្រេចចិត្តធំដុំណាមួយនោះទេ ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ដោយមិនបាន ប្រកាសពីជោគជ័យ ឬក៏ការកែនកងទ័ពទ្រង់ទ្រាយធំ ដូចការព្រួយបារម្ភរបស់លោកខាងលិចនោះទេ៕