អ៊ុយក្រែនអះអាងថា រុស្ស៉ីបាត់បង់កងទ័ព រថក្រោះ រថពាសដែក យន្តហោះ និងឧទ្ធម្ភាគចក្រ ច្រើនសន្ធឹកសន្ធាប់ ក្នុងសង្រ្គាមជាង៣ខែ មកនេះ

10-05-2022 17:16

(កៀវ)៖ យោធារបស់អ៊ុយក្រែននៅថ្ងៃអង្គារនេះ បានអះអាងថា គិតមកទល់ឥឡូវ ប្រទេសរុស្ស៉ីបានបាត់បង់ទាហានដល់ទៅប្រមាណ ២៦,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

យោធាអ៊ុយក្រែនបានប្រកាសលើបណ្តាញ Facebook ថា គិតចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក រុស្ស៉ីបានបាត់បង់កងទ័ពក្នុងចំនួនដូចខាងលើ រួមជាមួយរថក្រោះ១,១៧០គ្រឿង, រថពាសដែក ២,៨០៨គ្រឿង, យន្តហោះ ១៩៩គ្រឿង និងឧទ្ធម្ភាគចក្រ ១៥៨គ្រឿង។

គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន តួលេខទាំងអស់នេះ កំពុងស្ថិតក្រោមការធ្វើបច្ចុប្បន្នភាពជាប់ជានិច្ច ខណៈការប្រយុទ្ធគ្នានៅតែបន្ត។ កាលពីកំលុងចុងខែមីនា ជាលើកចុងក្រោយបំផុត ដែលរុស្ស៉ីបានចេញមុខទទួលស្គាល់ពី ចំនួនកងទ័ពរបស់ខ្លួន ដែលបានបាត់បង់ជីវិត ចាប់តាំងពីការវាយប្រហារលើអ៊ុយក្រែន គឺទីក្រុងមូស្គូបានអះអាងថា មានត្រឹមជាង ១,៣០០នាក់ ប៉ុណ្ណោះ៕