គណបក្សសាធារណរដ្ឋ ថ្កោលទោស FBI ជុំវិញការឆ្មក់ឆែកឆេរផ្ទះរបស់លោក ដូណាល់ ត្រាំ (Video inside)
10-08-2022 09:27
(វ៉ាស៊ីនតោន)៖ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ បានថ្កោលទោសប៉ូលិស FBI និងចេញមុខការពារអតីតប្រធានាធិបតីអាមេរិករូបនេះ បន្ទាប់ពី ភ្នាក់ងារស្ថាប័នប៉ូលិសអាមេរិកដ៏ធំមួយនេះ បានឆ្មក់ចុះឆែកឆេរផ្ទះរបស់លោក ត្រាំ ក្នុងរដ្ឋផ្ល័រីដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។
ការខឹងសម្បារបានកើតមានឡើង នៅក្នុងចំណោមអ្នកគាំទ្រលោក ត្រាំ ក្នុងនោះរួមមានទាំងមេដឹកនាំគណបក្សសាធារណរដ្ឋ ដែលបានអះអាងថាការចុះឆែកឆេរ ផ្ទះរបស់លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះគឺជាចេតនានយោបាយ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានសភាតំណាងរាស្ត្រសំឡេងភាគតិចមកពី គណបក្សសាធារណរដ្ឋ លោក ខេវីន ម៉ាកខាធី (Kevin McCarthy) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំយល់ថាវាគ្រប់គ្រាន់ហើយ។ ក្រសួងយុត្តិធម៌បានធ្វើសកម្មភាព នយោបាយដែលមិនអាចអត់ឱនឱ្យបាន»។ បន្ថែមពីលើនេះ លោក ម៉ាកខាធី ក៏បានព្រមានដែរថានៅពេលដែលគណបក្សសាធារណរដ្ឋគ្រប់គ្រង សភាតំណាងរាស្ត្រ នោះពួកគេនឹងបើកការស៊ើបអង្កេតលើក្រសួងយុត្តិធម៌អាមេរិក និងមន្ត្រីប៉ូលិស FBI ដែលមានជាប់ពាក់ព័ន្ធនឹងការចុះឆែកឆេរផ្ទះលោក ត្រាំ។
ក៏ប៉ុន្តែ ប្រធានសភាតំណាងរាស្ត្រអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានរិះគន់លើសេចក្ដីថ្លែងការណ៍របស់លោក ម៉ាកខាធី ដោយលោកស្រីបញ្ជាក់ថា គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានឡើយ៕