វិមានក្រឹមឡាំងថា ខ្លួនកំពុងបង្កើត «តំបន់ទ្រនាប់» នៅក្នុងតំបន់ Kharkiv របស់អ៊ុយក្រែន ប៉ុន្តែត្រូវការពេល (Video inside)
10-07-2024 19:19
(ម៉ូស្គូ)៖ រុស្ស៊ីបានប្រកាសនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួនកំពុងបន្តការងារដើម្បីបង្កើត «តំបន់ទ្រនាប់» នៅក្នុងតំបន់ខាគីវ (Kharkiv) របស់អ៊ុយក្រែន ប៉ុន្តែដំណើរការនេះត្រូវការពេលវេលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយកាលពីខែឧសភាថា រុស្ស៊ីកំពុងបង្កើតតំបន់ទ្រនាប់មួយ ដើម្បីការពារតំបន់ព្រំដែនរបស់ខ្លួន ជាពិសេសតំបន់ Belgorod ដែលនៅជាប់នឹងទីក្រុង Kharkiv ពីការវាយប្រហាររបស់អ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន នៅពេលសួរថា តើរយៈពេលប៉ុន្មានទើបរុស្ស៊ីអាចធានាសុវត្ថិភាពសម្រាប់តំបន់ Belgorod ថា «ជាការពិតណាស់ ការសម្រេចភារកិច្ចនេះត្រូវការពេលវេលា ហើយការងារក្នុងទិសដៅនេះកំពុងដំណើរការ»។
នៅព្រឹកថ្ងៃពុធនេះ លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងប្រាំពីរនាក់ទៀតបានរងរបួស ក្នុងការបាញ់ផ្លោងរបស់អ៊ុយក្រែនលើទីក្រុង Shebekino ជាប់ព្រំដែនរុស្ស៊ី។
យោងតាមលោក Gladkov អគារលំនៅឋានច្រើនជាន់ចំនួនបី សម្ភារៈពាណិជ្ជកម្មមួយចំនួន សហគ្រាសឧស្សាហកម្មមួយ និងយានយន្តចំនួន ២០គ្រឿង ត្រូវបានខូចខាតក្នុងហេតុការណ៍នោះ។
ទីក្រុង Shebekino និងតំបន់ Belgorod ទាំងមូលត្រូវបានវាយប្រហារជាញឹកញាប់ដោយគ្រាប់ផ្លោង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ក្នុងដំណើរសង្រ្គាមដែលឥឡូវនេះចូលដល់ឆ្នាំទីបី៕