កងកម្លាំងអ៉ីស្រាអែល ដកថយចេញពីទីក្រុង Jenin នៃតំបន់ West Bank ក្រោយមនុស្សសរុប២១នាក់ស្លាប់ អំឡុងការកើនឡើងអំពើហិង្សា ជាច្រើនថ្ងៃមកនេះ (Video inside)

06-09-2024 14:18

(គែរ)៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនរាយការណ៍ថា កងកម្លាំងអ៉ីស្រាអែល បានដកថយចេញពីទីក្រុង Jenin និងជំរំជនភៀសខ្លួននៅទីនោះ ១០ថ្ងៃបន្ទាប់ពីប្រព្រឹត្តសកម្មភាពហិង្សាយ៉ាងខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ ២០២៤។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ២១នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង និងជំរំ។ សាក្សីរបស់ Reuters និយាយថា កងកម្លាំងអ៉ីស្រាអែល ចាកចេញទៅដោយបន្សល់ទុកនូវ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំធេង។

តាមបណ្តាញសង្គម Facebook ក្រសួងការបរទេសរបស់ប៉ាឡេស្ទីន បានចោទប្រកាន់អ៉ីស្រាអែល ពីការប្រែក្លាយតំបន់ West Bank ឱ្យរងការបំផ្លិចបំផ្លាញ ដូចនៅក្នុងតំបន់ហ្កាហ្សា តាមរយៈស្ថានភាពជាក់ស្តែង នៅក្នុងទីក្រុង Jenin និង Tulkarm ក៏ដូចជាជំរុំជនភៀសខ្លួននៅទីនោះ៕