នាយករដ្ឋមន្រ្តីជប៉ុនថ្មី ប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី២៧ ខែតុលា (Video inside)
09-10-2024 14:40
(តូក្យូ)៖ ប្រធានរដ្ឋសភាជប៉ុន បានឱ្យដឹងថា នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុនថ្មី គឺលោក Shigeru Ishiba បានរំលាយសភា ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នាថ្ងៃទី២៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤។
លោក Ishiba វ័យ៦៧ឆ្នាំ បានឡើងកាន់តំណែងជា នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន កាលពីដើមខែតុលានេះ ក្រោយក្លាយជាប្រធានថ្មី នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលបក្សកាន់អំណាចនៅជប៉ុន បន្តពីលោក Fumio Kishida។ លោក Kishida បានសម្រេចចិត្តប្រកាសពីបំណងលាលែងពីតំណែង កាលពីខែសីហា ដោយសារតែ ការធ្លាក់ចុះប្រជាប្រិយភាព ក្រោយដឹកនាំប្រទេស បានរយៈពេលប្រមាណជា៣ឆ្នាំ។
គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។ គណបក្សនេះ ត្រូវបានរំពឹងថា នឹងបន្តទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល ២៧ តុលា ប៉ុន្តែលោក Ishiba ចង់បង្កើនចំនួនអាសនៈនៅក្នុងរដ្ឋសភា និងពង្រឹងអាណត្តិរបស់លោកឱ្យរឹងមាំ៕