លោក ពូទីន រម្លឹកថាលោក Shinzo Abe ជាអតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលចង់បានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៉ី (Video inside)

30-05-2025 10:03

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានរម្លឹកដល់វិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រី លោក ស៉ីនហ្សូ អាបេ ដោយនិយាយថា លោក អាបេ គឺជាមេដឹកនាំជប៉ុនម្នាក់ ដែលចង់សម្រេចបាននូវសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៉ី អំឡុងពេលដែលបានជួបលោកស្រី Akie Abe ភរិយារបស់ លោក អាបេ នៅឯវិមានក្រឹមឡាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។

លោក ពូទីន បានបញ្ជាក់ទៀតថា «ស្វាមីរបស់អ្នក (លោក អាបេ) បានធ្វើកិច្ចការដ៏អស្ចារ្យ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរុស្ស៉ី-ជប៉ុន។ យើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់។ គាត់ពិតជាខិតខំ ដើម្បីសម្រេចសន្ធិសញ្ញាសន្តិភាព រវាងប្រទេសយើងទាំងពីរ ហើយស្ថានភាពគឺខុសគ្នា នៅពេលនេះ»។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី លោកស្រី Akie Abe បានប្រាប់លោក ពូទីន ថា «ស្វាមីលោកស្រី ចង់ជួបលោកពូទីន សូម្បីតែបន្ទាប់ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែជាអកុសលគាត់បានបាត់បង់ជីវិត»

គួរបញ្ជាក់ថា ក្រោយសង្គ្រាមលោកលើកទី២ គ្មានសន្ធិសញ្ញាណាមួយត្រូវបានចុះហត្ថលេខាទេ ដោយសារតែរុស្ស៉ី និងជប៉ុន មិនអាចដោះស្រាយជម្លោះ ជុំវិញការចាប់យកកោះចំនួន ៤នៃប្រជុំកោះ Kuril ដោយសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាម។ នៅក្នុងប្រទេសជប៉ុន ប្រជុំកោះ Kuril ត្រូវបានគេហៅថាជាដែនដីភាគខាងជើង៕