នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn លុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា បន្ទាប់ពីលុបចោលការបង្ហោះសារបាក់ទឹកចិត្ត នៅលើ IG (Video inside)
19-06-2025 11:39
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានលុបសារបង្ហោះលើគណនី Instagram និងលុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand។
សារនៅលើ Instagram story លោកស្រី Paetongtarn បានសរសេរជាភាសាអង់គ្លេស មានន័យថា «មនុស្សមិនបន្លំធ្វើជាបាក់ទឹកចិត្តទេ បើពួកគេបន្លំ គឺបន្លំថាមិនអី។ សូមទាំងអស់គ្នាយល់ និងមានអធ្យាស្រ័យចំពោះគ្នា»។ សារនេះត្រូវបានលោកស្រីបង្ហោះ នៅវេលាម៉ោង ៨និង ១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ មុនពេលលុបចោល។ ទន្ទឹមនោះ ក៏មានសេចក្តីរាយការណ៍ដែរថា នៅព្រហស្បតិ៍នេះ លោកស្រីបានលុបចោល កិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី នៅឯ Phitsanulok Mansion ហើយបន្តបំពេញភារកិច្ចនៅវិមានរដ្ឋាភិបាល។
គួរបញ្ជាក់ថា តាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ដែលបានក្លាយជាប្រធានដ៏បទក្តៅគគុក និងកំពុងបង្កជាព្យុះភ្លៀងនយោបាយនៅក្នុងប្រទេសថៃ នៅចំពោះមុខការសង្ស័យចំពោះវិធីសាស្រ្តដោះស្រាយបញ្ហាវិវាទព្រំដែនថៃ-កម្ពុជារបស់លោកស្រី៕