អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Bennett៖ លោក Netanyahu ត្រូវតែចុះចេញពីតំណែង (Video inside)
29-06-2025 16:38
(ហ្ស៊េរុយសាឡិម)៖ អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បាននិយាយថានាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវតែចុះចេញពីតំណែង តែមិនបាននិយាយថាតើរូបលោកមានបំណងប្រជែងជាមួយលោក Netanyahu នៅក្នុងការបោះឆ្នោតណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងបទសម្ភានស៍ជាមួយទូរទស្សន៍ Channel 12 ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា លោក Bennett បានលើកឡើងថា «លោក Netanyahu បានកាន់អំណាចជាង ២០ឆ្នាំហើយ ពោលគឺយូរពេកហើយ»។ លោកបន្តថាលោក Netanyahu ជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់នៅក្នុងសង្គមអ៉ីស្រាអែលបច្ចុប្បន្ន ហើយលោកត្រូវតែចុះចេញពី តំណែង។
គួរបញ្ជាក់ថា លោក Bennett ត្រូវបានគេសង្ស័យថាមានគម្រោងត្រឡប់ទៅកាន់ឆាកនយោបាយវិញ ខណៈការស្ទង់មតិបានបង្ហាញថារូបលោកអាចនឹងទទួលបានការគំាទ្រ គ្រប់គ្រាន់ដើម្បីយកជ័យជម្នះសាជាថ្មីលើលោក Netanyahu។ ក៏ប៉ុន្តែ មិនទាន់មានគម្រោងពីការរៀបចំការបោះឆ្នោត នៅមុនចុងឆ្នាំ២០២៦នោះទេ បើទោះជាការបោះឆ្នោតមុនអាណត្តិជារឿងធម្មតាមួយនៅអ៉ីស្រាអែលក៏ដោយ៕