រុស្ស៉ីប្រើយន្តហោះដ្រូនជិត៦០០គ្រឿង និងមីស៉ីល២៦គ្រាប់ បាញ់លើអ៊ុយក្រែន បណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច២នាក់ (Video inside)

12-07-2025 15:29

(កៀវ)៖ នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា អ៊ុយក្រែនបានឱ្យដឹងថា កាលពីវេលាយប់កន្លងទៅនេះ រុស្ស៉ីបានបន្តការវាយប្រហាតាមអាកាស ដោយប្រើយន្តហោះដ្រូន៥៩៧គ្រឿង រួមជាមួយមីស៉ីលចម្ងាយឆ្ងាយ២៦គ្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបាញ់កម្ទេចដ្រូនបាន៣១៩គ្រឿង និងមីស៉ីល២៥គ្រាប់។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានប្រាប់ថា ការវាយប្រហារថ្មីចុងក្រោយរបស់រុស្ស៉ី បានផ្តោតភាគច្រើនលើតំបន់ភាគលិចរបស់អ៊ុយក្រែន ដូចជាទីក្រុង Lviv, Lutsk និង Chernivtsi។ នៅទីក្រុង Chernivtsi មនុស្ស២នាក់ ត្រូវរាយការណ៍ថាស្លាប់ និង១៤នាក់ទៀត បានរងរបួស។ រីឯនៅទីក្រុង Lviv ផ្ទះសម្បែង៤៦ខ្នង រួមទាំងអគារសាកលវិទ្យាល័យ អគារតុលាការ និងទីតាំងអាជីវកម្ម បានរងការខូចខាត ក្នុងការវាយប្រហារខាងលើ។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មកនេះ រុស្ស៉ីបានបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួនមកលើអ៊ុយក្រែន ដោយបញ្ជូនយន្តហោះដ្រូននិងមីស៉ីលម្តងៗរាប់រយ ក្នុងការវាយលុកតាមផ្លូវអាកាស។ ចំពោះមុខការកើនឡើងនៃការវាយប្រហាររបស់រុស្ស៉ី អ៊ុយក្រែនបានបន្តអំពាវនាវយ៉ាងទទូចឱ្យសម្ព័ន្ធមិត្ត ជួយពង្រឹងការការពារដែនអាកាស​របស់ខ្លួន៕