សម្ដេចព្រះសង្ឃរាជថៃ ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងព្រះសង្ឃប្រព្រឹត្តខុសធម៌វិន័យ (Video inside)

17-07-2025 15:36

(បាងកក)៖ សម្ដេចព្រះសង្ឃរាជថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការសកម្មភាពប្រឆាំងនឹងព្រះសង្ឃដែលបានប្រព្រឹត្តខុសធម៌វិន័យ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ផ្លូវភេទរវាងស្ត្រីម្នាក់ និងព្រះសង្ឃជាច្រើនអង្គ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា លោក Phumtham Wechayachai ជាឧបនាយករដ្ឋមន្ត្រី និងបច្ចប្បន្នជានាយករដ្ឋមន្ត្រីស្ដីទី បានជួបសម្ដេចព្រះសង្ឃរាជថៃ ហើយបន្ទាប់ពីជំនួបនោះ លោក Phumtham បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសម្ដេចព្រះសង្ឃរាជ បានជំរុញឱ្យរដ្ឋាភិបាល និងប្រជាជនថៃទាំងអស់រួមគ្នាដើម្បីការពារ ព្រះពុទ្ធសាសនា។ តាមលោក Phumtham សម្ដេចព្រះសង្ឃរាជថៃបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការមិនលើកលែងឱ្យសង្ឃជាន់ខ្ពស់ដែលប្រព្រឹត្តខុសធម៌វិន័យដាច់ខាត។

គួរបញ្ជាក់ថា ប៉ូលិសនៅក្នុងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយ រាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេទម្លាយរឿងអាស្រូវ។ រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃខាងលើកំពុងអង្រួនវិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ និងជំរុញឱ្យមាន ការចោទសួរថាតើគេគួរតែពិនិត្យឡើងវិញលើច្បាប់ គ្រប់គ្រងសហគមន៍ សង្ឃដែរឬទេ? តាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។

រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ​ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ តែមិនដែលមានពាក់ព័ន្ធនឹងមន្ត្រីសង្ឃជាន់ខ្ពស់ថៃ ដូចនៅពេលនេះទេ ដែលធ្វើឱ្យមន្ត្រីសង្ឃជាន់ខ្ពស់យ៉ាងហោច៩អង្គ បានលាចាសិក្ខារបទ។ បើតាមប៉ូលិសថៃ គណនីធនាគាររបស់នាង Golf បានទទួលប្រាក់ជាង ១៨.២លានដុល្លារ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។ នាង Golf ត្រូវបានចាប់ខ្លួនពីបទគំរាមយកលុយ លាងលុយ និងទទួលផលចោរកម្ម៕