ប៉េកាំង គូសបញ្ជាក់ឡើងវិញអំពីការស្តារទំនាក់ទំនងជាមួយអឺរ៉ុប មុនកិច្ចប្រជុំកំពូលនាចុងខែកក្កដា
17-07-2025 16:18
(ប៉េកាំង)៖ ប្រទេសចិន បានគូសបញ្ជាក់ឡើងវិញថា ខ្លួនកំពុងធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយសភាសហភាពអឺរ៉ុប ខណៈប៉េកាំង ព្យាយាមបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធ ជាមួយទីក្រុងព្រុចសែល ចំពេលដែលពាណិជ្ជកម្មពិភពលោកស្ថិតក្នុងភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ ២០២៥។
ដោយសំដៅទៅលើការចោទប្រកាន់អំពីបញ្ហាសិទ្ធិមនុស្ស នៅតំបន់ Xinjiang ក្រសួងការបរទេសចិនលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ចិន និងអឺរ៉ុប ជួបប្រទះនឹងភាពបរាជ័យខ្លះ ដោយសារហេតុផល ដែលគ្រប់គ្នាដឹងស្រាប់ហើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា «ក្រោមកាលៈទេសៈបច្ចុប្បន្ន ភាគីទាំងពីរជឿថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចិន និងអឺរ៉ុបក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ» ដោយបន្ថែមថា ទីក្រុងប៉េកាំង និងសភាអឺរ៉ុបបានសម្រេចចិត្តលុបចោល នូវរាល់ការរឹតបន្តឹងលើការផ្លាស់ប្តូររវាងសមាជិកសភា។
គួរបញ្ជាក់ថា ការស្តារទំនាក់ទំនងចិន-អឺរ៉ុប ឱ្យមានប្រក្រតីភាពឡើងវិញ ដំបូងឡើយត្រូវបានទទួលស្គាល់ដោយសភាអឺរ៉ុប និងទីក្រុងប៉េកាំង កាលពីពេលកន្លងទៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំកំពូលនៃមេដឹកនាំចិន-សហភាពអឺរ៉ុប គ្រោងធ្វើឡើងនាចុងខែកក្កដានេះ ហើយគេរំពឹងនឹងមានជំនួប រវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នឹងជួបប្រធានាធិបតីចិន លោក Xi Jinping ព្រមទាំងនាយករដ្ឋមន្ត្រីលោក Li Qiang នៅក្នុងទីក្រុងប៉េកាំង៕