អ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ២២នាក់ រួមទាំងពីរនាក់នៅក្នុងព្រះវិហារគ្រិស្តសាសនាមួយ
17-07-2025 22:08
(ហ្គាហ្សា)៖ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់ នៅក្នុងការវាយប្រហារជាច្រើនកន្លែងក្នុងតំបន់ហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍នេះ។ ក្នុងចំណោមអ្នកស្លាប់ មានមនុស្សពីរនាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយ ដែលបានវាយប្រហារលើព្រះវិហារ Holy Family Church ដែលជាទីកន្លែងដែលអតីតសម្តេចប៉ាប ហ្វ្រង់ស៊ីស ធ្លាប់បានទាក់ទងជាប្រចាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍ក៏បានឲ្យដឹងផងដែរថា បុរស ៨នាក់ដែលទទួលបន្ទុកការពាររថយន្តដឹកជំនួយ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។ ការវាយប្រហារនេះបានកើតឡើងស្របពេលដែលកិច្ចចរចាឈប់បាញ់នៅតែបន្តនៅទីក្រុងដូហា ប៉ុន្តែក្រុមហាម៉ាសបានអះអាងថា មិនទាន់មានការរីកចម្រើនណាមួយនៅឡើយទេ។
ការវាយប្រហារលើព្រះវិហារនេះ បានបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិ។ សម្តេចប៉ាប Leo បានសម្តែងនូវ «ក្តីសោកសៅយ៉ាងជ្រាលជ្រៅ» និងបានអំពាវនាវជាថ្មីឲ្យមានការឈប់បាញ់ជាបន្ទាន់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានចាត់ទុកការវាយប្រហារលើជនស៊ីវិលថា «មិនអាចទទួលយកបាន»។
ជាការឆ្លើយតប យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវឧបទ្ទវហេតុនេះ និងបានសម្តែងការសោកស្តាយចំពោះការខូចខាតណាមួយដែលបានកើតឡើង ដោយបានបញ្ជាក់ថា ខ្លួនខិតខំអស់ពីសមត្ថភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល៕