សេតវិមានបញ្ជាក់ថា លោក ត្រាំ មានជំងឺសសៃឈាមវ៉ែនបណ្ដាលឱ្យហើមជើង និងជាំដៃ (Video inside)

18-07-2025 10:31

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថាជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថាជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ។

លោក ត្រាំ មិនត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានបញ្ហាអាចឈានដល់ការគាំងបេះដូងនោះទេ រីឯក្រលៀនក៏មិនមានបញ្ហាអ្វីនោះដែរ ខណៈលោកស្រី Leavitt បានប្រាប់ ក្រុមអ្នកសារព័ត៌មានថាមិនមានអារម្មណ៍រងការរំខានដោយសារជំងឺឡើយ ហើយកំពុងស្ថិតក្រោមការតាមដាន និងព្យាបាល៕