សហរដ្ឋអាមេរិក ថាមិនបានគាំទ្រឱ្យអ៉ីស្រាអែល វាយប្រហារលើស៉ីរីនោះទេ (Video inside)

18-07-2025 11:18

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសនៅព្រហស្បតិ៍ ទី១៧ ខែកក្កដាថា សហរដ្ឋអាមេរិកមិនបានគាំទ្រ ការវាយប្រហាររបស់អ៉ីស្រាអែលនាពេលថ្មីៗ លើប្រទេសស៉ីរីនោះទេ ខណៈប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ចោទប្រកាន់អ៉ីស្រាអែលថា ព្យាយាមធ្វើឱ្យស៉ីរីបែកខ្ញែកប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Tammy Bruce បញ្ជាក់ថា «ទាក់ទង​នឹងការធ្វើ​អន្តរាគមន៍ និងសកម្មភាព​របស់​អ៉ីស្រាអែល អាមេរិក​មិនបាន​គាំទ្រ​ឡើយ។ យើងកំពុងជួយភ្ជាប់ទំនាក់ទំនងការទូតរវាងអ៉ីស្រាអែល និងស៉ីរីក្នុងកម្រិតខ្ពស់ ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងឈានដល់កិច្ចព្រមព្រៀងយូរអង្វែង»។ តាមលោកស្រី Bruce សហរដ្ឋអាមេរិក ថ្កោលទោសអំពើហិង្សានៅស៉ីរី និងកំពុងចូលរួមជាមួយគ្រប់ភាគី ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Netanyahu បាននិយាយថា អ៉ីស្រាអែលដាក់គោលនយោបាយទាមទារ ឱ្យមានការដកទ័ពចេញពីតំបន់ភាគខាងត្បូងស៉ីរី រាប់ចាប់ពីតំបន់ Golan Heights ដល់ភ្នំ Druze។ លោកថា ស៉ីរីបានបញ្ជូនកងទ័ពរបស់ខ្លួនទៅភាគខាងត្បូងទីក្រុងដាម៉ាស ដែលជាតំបន់គ្មានយោធា ហើយចាប់ផ្ដើមការសម្លាប់រង្គាលលើជនជាតិភាគតិច Druze។ ប៉ុន្តែមេដឹកនាំបណ្តោះអាសន្ននៅស៉ីរី លោក Sharaa និយាយថា អ៉ីស្រាអែលកំណត់គោលដៅលើស្ថិរភាព និងបង្កើតភាពមិនចុះសម្រុង ចាប់តាំងពីការដួលរលំនៃអតីតរបបដឹកនាំស៉ីរី ហើយការប្តេជ្ញាការពារជនជាតិ Druze៕