ស្លូវេនីជាសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលប្រកាសចាត់ទុក រដ្ឋមន្រ្តីស្តាំនិយមជ្រុល២រូបរបស់អ៉ីស្រាអែល ជាបុគ្គលមិនត្រូវបានស្វាគមន៍ (Video inside)
18-07-2025 13:18
(ជូបហ្សាណា)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសស្លូវេនី លោក Tanja Fajon បាននិយាយថា ស្លូវេនីកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានសម្រេចប្រកាសចាត់ទុក រដ្ឋមន្រ្តីស្តាំនិយមជ្រុល២រូបរបស់ប្រទេសអ៉ីស្រាអែល គឺលោក Itamar Ben-Gvir និងលោក Bezalel Smotrich ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រការនេះនាំឱ្យស្លូវេនីក្លាយជាសមាជិកដំបូងគេនៅសហភាពអឺរ៉ុប (UN) ដែលបានធ្វើបែបនោះ។ រដ្ឋាភិបាលស្លូវេនី បានចោទប្រកាន់ រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល លោក Ben-Gvir និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Smotrich ដែលទាំងពីរនាក់សុទ្ធតែជាអ្នកតាំងទីលំនៅក្នុងតំបន់ West Bank ថាបានធ្វើសេចក្តីថ្លែងការណ៍ ដែលជំរុញអំពើប្រល័យពូជសាសន៍ និងដុតបញ្ឆេះហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន។
លោក Fajon បាននិយាយថា ស្លូវេនីបានសម្រេចចិត្តធ្វើយ៉ាងដូច្នោះ បន្ទាប់ពីក្រុមរដ្ឋមន្រ្តីការបរទេស EU មិនអាចព្រមព្រៀងគ្នាលើសកម្មភាពរួមប្រឆាំងអ៉ីស្រាអែល ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្ស នៅឯកិច្ចប្រជុំក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ស្លូវេនីបានប្រកាសទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ ខណៈកាលពីខែមិថុនាកន្លងទៅ ចក្រភពអង់គ្លេស ន័រវែស អូស្រ្តាលី នូវែលសេឡង់ និងកាណាដា បានដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីអ៉ីស្រាអែលទាំងពីររូបនោះ ជាមួយការចោទប្រកាន់ថា ពួកគេបានបំផុសបំផុលឱ្យមានអំពើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន៕