ក្រសួងការបរទេសអាមេរិក រងការរិះគន់ ជុំវិញការបិទការិយាល័យសម្រាប់ដោះបញ្ហា ឱ្យអ្នកការទូតរបស់ខ្លួននៅបរទេស
18-07-2025 15:32
(វ៉ាស៉ីនតោន)៖ ការបិទការិយាល័យមួយ ដែលទទួលបន្ទុកដោះស្រាយបញ្ហា សម្រាប់អ្នកការទូតអាមេរិក និងក្រុមគ្រួសារពួកគេនៅបរទេស កាលពីសប្តាហ៍មុន បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥។
ការិយាល័យនេះ បានទទួលការជូនដំណឹងអំពីការបិទបញ្ចប់ការងារ នៅថ្ងៃសុក្រសប្តាហ៍មុន ជាមួយនិងបុគ្គលិកជាង ១ ៣៥០នាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការបិទការិយាល័យនេះ គឺជាផ្នែកមួយនៃការកែសម្រួលដ៏ធំ ក្នុងក្រសួងការបរទេស ដោយលោកប្រធានាធិបតី ត្រាំ អនុវត្តតាមគោលនយោបាយ «America First» របស់លោក។
តាមលិខិតរបស់ក្រសួងការបរទេសដែល Reuters ទទួលបាន ការកែសម្រួលត្រូវបានធ្វើឡើង ដោយប្រុងប្រយ័ត្ន។ ប៉ុន្តែនៅតែមានចម្ងល់មួយចំនួន ជុំវិញការសម្រេចចិត្តបិទការិយាល័យ Office of Casualty Assistance ដែលទទួលបន្ទុកគាំទ្រអ្នកការទូតអាមេរិក និងក្រុមគ្រួសារពួកគេនៅក្រៅប្រទេស ក្នុងករណីមានអ្នកការទូតឬសមាជិកគ្រួសារ ស្លាប់ឬក៏រងរបួសធ្ងន់។
កំណែទម្រង់បែបនេះ បានទាក់ទាញការរិះគន់យ៉ាងខ្លាំង ពីសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ អតីតមន្ត្រីការទូត និងអតីតរដ្ឋមន្រ្តីការបរទេស ដោយពួកគេចាត់ទុកថាជាវិធីសាស្រ្តបំពាន។ ក្រុមអ្នករិះគន់និយាយថា វាទាក់ទងនឹងការបណ្តេញបុគ្គលិកជំនាញ មានបទពិសោធន៍ និងធ្លាប់ធ្វើការនៅតំបន់ឆ្ងាយៗនៃពិភពលោក ហើយបុគ្គលិកដែលមានជំនាញបែបនេះ ពិបាកនឹងអ្នកមកជំនួសណាស់ក្នុងពេលភ្លាមៗ៕