បទវិភាគ៖ ការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលី នឹងជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វិករហូតដល់ទូទាំងពិភពលោក
18-07-2025 16:26
(ប៉េកាំង)៖ ក្នុងឱកាសដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអូស្ត្រាលីឈានចូលទសវត្សរ៍ទីពីរ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ដែលទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីប្រព័ន្ធសារព័ត៌មានអន្តរជាតិ។
លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការទូតចិនបានថ្លែងថា ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Anthony Albanese លើកនេះបានបង្ហាញពីវិចារណញ្ញាណ និងភាពប្រាកដប្រជានៃការយល់ដឹងចំពោះប្រទេសចិន របស់ភាគីអូស្ត្រាលី ក្នុងបរិបទនៃការកែសម្រួលយ៉ាងស៊ីជម្រៅ នៃនិម្មាបនកម្មទូទាំងពិភពលោក រដ្ឋាភិបាលអូស្ត្រាលីរៀបចំគោលនយោបាយ ចំពោះប្រទេសចិនដោយឈរលើមុំ នៃផលប្រយោជន៍ជាតិ វាបង្ហាញជាទូទៅនូវភាពម្ចាស់ការខាងការទូត ហើយក៏បានបំផុសគំនិត របស់ប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិនដែរ។
បច្ចុប្បន្ននេះ ចិននិងអូស្ត្រាលីសុទ្ធតែប្រឈមមុខនឹង កម្លាំងសម្ពាធនៃសង្គ្រាមពន្ធគយពីខាងក្រៅ ហើយក៏មាន ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចថ្មីរៀងៗខ្លួនដែរ។ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត គឺសមស្របនឹង ផលប្រយោជន៍រៀងៗខ្លួន ហើយក៏នឹងនាំមកនូវសុភមង្គលកាន់តែច្រើន ជូនដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ អ៊ីចឹង ក្នុងស្ថានការណ៍ថ្មី តើនឹងជំរុញទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ឱ្យអភិវឌ្ឍន៍ទៅរកភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរបៀបណា?
ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងគ្នានិងគ្នាគឺជាញ្ហាស្នូល។ ក្នុងកិច្ចសន្ទនាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរប្រកាន់ខ្ជាប់ការយល់ដឹងគ្នាដ៏ត្រឹមត្រូវ និងពង្រឹងមូលដ្ឋាននៃកិច្ចកសាងទំនុកចិត្តគ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ ភាគីចិនគូសបញ្ជាក់ថា នឹងប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តស្តីពី ការអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំមិនងាករេ ប្រកាន់ខ្ជាប់ទស្សនៈស្តីពីការអភិវឌ្ឍរួមយ៉ាងមុតមាំមិនងាករេ ក៏ដូចជាប្រកាន់ខ្ជាប់គោលនយោបាយស្តីពីការជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិកយ៉ាងមុតមាំមិនងាករេ។
ភាគីអូស្ត្រាលីបង្ហាញថា នឹងប្រកាន់ខ្ជាប់ គោលនយោបាយចិនតែមួយ មិនគាំទ្រ “កម្លាំងអបគមន៍” ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យទេ ហើយមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទង និងកិច្ចសន្ទនាគ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយភាគីចិន។ នេះនឹងមានអំណោយផល ដល់ការបន្តបង្កើនការកសាងទំនុកចិត្ត ខាងយុទ្ធសាស្ត្រទៅវិញទៅមករបស់ទ្វេភាគី ដើម្បីផ្តល់ការធានាដ៏ខ្លាំងក្លាសម្រាប់ឱ្យ ទំនាក់ទំនងទ្វេភាគីរីកចម្រើនទៅមុខនិងទៅរក ភាពល្អប្រសើរថែមមួយកម្រិតទៀត។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាចំណុចសំខាន់មួយ ក្នុងដំណើរទស្សនកិច្ចរបស់លោក Anthony Albanese លើកនេះ។
លោកបាននាំមកនូវគណៈប្រតិភូពាណិជ្ជកម្ម ដែលបង្កើតឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសហគ្រាសអូស្ត្រាលី ព្រមទាំងបង្ហាញយ៉ាងច្បាស់លាស់ថា មិនដែលស្វែងរកការផ្តាច់ទំនាក់ទំនង ជាមួយសេដ្ឋកិច្ចប្រទេសចិនឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុត ទីផ្សារនាំចេញធំបំផុតនិងជាប្រភពនាំចូលធំបំផុតរបស់អូស្ត្រាលី។ លើកនេះ ភាគីទាំងពីរចិននិងអូស្ត្រាលី បានស្វាគមន៍គូភាគីធ្វើការពិនិត្យពិភាក្សា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបញ្ជាក់ពីវិស័យដែលអាចកែលំអនិងត្រួសត្រាយថែមមួយកម្រិតទៀតជាដើម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក Anthony Albanese នៅប្រទេសចិនលើកនេះ ភាគីទាំងពីរចិននិងអូស្ត្រាលី សុទ្ធតែគូសបញ្ជាក់ថា គួរគាំពារពហុភាគីនិយមនិងពាណិជ្ជកម្មសេរី រំលឹកឡើងវិញ នូវសារសំខាន់នៃ《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និងអង្គការពាណិជ្ជកម្មពិភពលោក ឯកភាពគ្នាថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសG២០ និងអង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម។
នេះមានអត្ថន័យជាក់ស្តែងដ៏ខ្លាំងក្លា ក្នុងស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន ដែលនឹងបំពេញបន្ថែមស្ថិរភាព និងភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់សហគមន៍អន្តរជាតិ ដើម្បីជំរុញរបៀបរៀបរយអន្តរជាតិឱ្យរីកចម្រើនទៅកាន់ ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល៕