មេដឹកនាំរងកោះតៃវ៉ាន់៖ តៃវ៉ាន់នឹងមិនបង្កឱ្យមានការប្រឈមមុខដាក់គ្នា ឬស្វែងរកជម្លោះជាមួយចិនឡើយ
18-07-2025 18:01
(តៃប៉ិ)៖ នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា មេដឹកនាំរងតៃវ៉ាន់ លោកស្រី Hsaio Bi-khim បាននិយាយថា ដែនកោះនេះ មិនព្យាយាមចង់ឱ្យផ្ទុះជម្លោះជាមួយចិនទេ ហើយនឹងមិនបង្កឱ្យមានការប្រឈមមុខដាក់គ្នាឡើយ ប៉ុន្តែលោកស្រីយល់ថា ជំហរយោធាបែបកោងកាចរបស់ចិន កំពុងជះផលប៉ះពាល់អវិជ្ជមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងនៅទីក្រុងតៃប៉ិ លោកស្រី Hsaio បានលើកឡើងថា សម្ពាធរបស់ចិនមកលើតៃវ៉ាន់ ទើបតែបានកើនឡើងប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែលោកស្រីបានគូសរំលេចថា ប្រជាជនតៃវ៉ាន់គឺជាអ្នកស្រឡាញ់សន្តិភាព។ ដោយបញ្ជាក់ជាថ្មីនូវសំណើរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te លោកស្រីមេដឹកនាំរង បានសង្កត់ធ្ងន់ថា «យើងមិនស្វែងរកជម្លោះទេ ហើយយើងនឹងមិនបង្កឱ្យមានការប្រឈមមុខដាក់គ្នាឡើយ»។
លោកស្រី Hsaio បានបន្តថា «រាប់ទសវត្សរ៍មកហើយ ប្រជាជននិងអាជីវកម្មនៅតៃវ៉ាន់ បានចូលរួមចំណែកក្នុងភាពរីកចម្រើននិងវិបុលភាពរបស់ចិន ដែលអាចកើតមានទៅរួច លុះត្រាតែស្ថិតក្រោមបរិយាកាសសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះ។ ការប្រកាន់ជំហរយោធាកោងកាច គឺជះផលប៉ះពាល់អវិជ្ជមាន និងធ្វើឱ្យប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បាត់បង់ឱកាសផ្សេងៗ ដើម្បីបន្តឆ្ពោះទៅរកភាពរីកចម្រើននិងវិបុលភាព។ ការរក្សាការពារស្ថានភាពដើមជាមួយចិន គឺជាជម្រើសរបស់យើង ហើយមិនមែនដោយសារវាងាយស្រួលនោះទេ ប៉ុន្តែដោយសារវាជាការទទួលខុសត្រូវ និងស្របជាមួយផលប្រយោជន៍ ក្នុងតំបន់យើងទាំងមូល»។
គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយនៃទឹកដីរបស់ខ្លួន ហើយហៅមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ថាជាបុគ្គលបំបែករដ្ឋដ៏គ្រោះថ្នាក់។ យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងតៃប៉ិ បានច្រានចោទការទាមទាររបស់ចិន ដោយនិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចលើអនាគតរបស់ដែនកោះនេះ៕