លោក Netanyahu បានទូរស័ព្ទទៅកាន់សម្តេចប៉ាប បន្ទាប់ពីការវាយប្រហារលើព្រះវិហារនៅហ្គាហ្សា (Video inside)
18-07-2025 19:28
(វ៉ាទីកង់)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទូរស័ព្ទទៅកាន់សម្តេចប៉ាប ឡេអូ (Pope Leo) កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាទីកង់ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការទាក់ទងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារលើព្រះវិហារកាតូលិកតែមួយគត់នៅតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
ក្នុងអំឡុងពេលសន្ទនានោះ សម្តេចប៉ាបបានអំពាវនាវជាថ្មីឲ្យមានការឈប់បាញ់ និងបញ្ចប់សង្គ្រាមនៅហ្គាហ្សា។ លោកបានសម្តែងក្តីបារម្ភចំពោះស្ថានភាពមនុស្សធម៌ដ៏ «គួរឲ្យព្រួយបារម្ភ» នៅក្នុងតំបន់ប៉ាឡេស្ទីន និងបានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ក្នុងការការពារទីកន្លែងគោរពបូជា និងប្រជាជនទាំងអស់។
គួរបញ្ជាក់ថា កាលពថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ជាច្រើន ដែលបានសម្លាប់មនុស្សសរុបយ៉ាងតិច ២៣នាក់។ ក្នុងចំណោមនោះ ការវាយប្រហារមួយបានវាយប្រហារលើបរិវេណព្រះវិហារ Holy Family Church ដែលជាព្រះវិហារកាតូលិកតែមួយគត់ក្នុងតំបន់ហ្គាហ្សា និងជាទីកន្លែងដែលអតីតសម្តេចប៉ាប ហ្វ្រង់ស៊ីស ធ្លាប់បានទាក់ទងជាប្រចាំ។ ឧបទ្ទវហេតុនេះ បានបង្កឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ៕