លោក ហ្សេលេនស្គី តែងតាំងអតីតរដ្ឋមន្ត្រីការពារជាតិ ជាប្រមុខក្រុមប្រឹក្សាសន្តិសុខ (Video inside)
18-07-2025 19:50
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានតែងតាំងអតីតរដ្ឋមន្ត្រីការពារជាតិ លោក រូស្ទឹម អូម៉េរ៉ូវ (Rustem Umerov) ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) កាលពីថ្ងៃសុក្រ ដោយជំនួសតំណែងលោក Oleksandr Lytvynenko។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហ្សេលេនស្គី បានបញ្ជាក់ថា អាទិភាពសំខាន់សម្រាប់ប្រមុខ NSDC ថ្មីរួមមាន ការរក្សាសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូ លើការផ្គត់ផ្គង់អាវុធ និងការជំរុញឲ្យមានការផលិតអាវុធរួមគ្នា។
គួរបញ្ជាក់ថា ទំនួលខុសត្រូវដ៏សំខាន់មួយទៀតដែលលោក ហ្សេលេនស្គី បានប្រគល់ឲ្យប្រមុខ NSDC ថ្មីរូបនេះ គឺការស្តារឡើងវិញនូវដំណើរការចរចា និងពន្លឿនការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងដែលបានសម្រេចរវាងអ៊ុយក្រែន និងរុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែមុន៕