ប្រមុខសិទ្ធិមនុស្ស UN អំពាវនាវឲ្យអាជ្ញាធរស៊ីរី ទទួលខុសត្រូវចំពោះអំពើហិង្សានៅ Sweida (Video inside)
18-07-2025 22:15
(ហ្សឺណែវ)៖ ប្រមុខការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk បានអំពាវនាវកាលពីថ្ងៃសុក្រ ឲ្យអាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរី ធានាឲ្យមានការទទួលខុសត្រូវ និងយុត្តិធម៌ ចំពោះការសម្លាប់ និងការរំលោភសិទ្ធិមនុស្សនៅក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការិយាល័យសិទ្ធិមនុស្ស UN បានទទួលរបាយការណ៍ដែលអាចទុកចិត្តបាន អំពីការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធ Bedouin និងជនជាតិភាគតិច Druze ដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីបានចូលរួម។ របាយការណ៍ទាំងនោះរួមមាន ការសម្លាប់ដោយគ្មានការកាត់ក្តី ការចាប់ពង្រត់ និងការបំផ្លាញទ្រព្យសម្បត្តិឯកជន ដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ និងបុគ្គលដែលជាប់ពាក់ព័ន្ធនឹងអាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរី ព្រមទាំងក្រុមប្រដាប់អាវុធដទៃទៀត រួមមានក្រុម Druze និង Bedouin។
លោក Turk បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អំពើបង្ហូរឈាម និងអំពើហិង្សានេះត្រូវតែបញ្ឈប់ ហើយការការពារប្រជាជនទាំងអស់ត្រូវតែជាអាទិភាពចម្បង»។ ការិយាល័យរបស់លោកបានលើកឡើងពីករណីជាក់ស្តែងមួយ ដែលមនុស្សយ៉ាងតិច ១៣នាក់ ត្រូវបានសម្លាប់ដោយខុសច្បាប់ នៅក្នុងឧបទ្ទវហេតុមួយនៅថ្ងៃទី១៥ ខែកក្កដា។
គួរបញ្ជាក់ថា អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារផ្លូវអាកាសទៅលើក្រុងដាម៉ាស និងកងកម្លាំងរដ្ឋាភិបាលនៅភាគខាងត្បូងផងដែរ ដោយអះអាងថាដើម្បីការពារជនជាតិ Druze។ លោក Turk ក៏បានសម្តែងក្តីបារម្ភផងដែរ បន្ទាប់ពីមានរបាយការណ៍អំពីការស្លាប់ និងរបួសរបស់ជនស៊ីវិល ដែលបណ្តាលមកពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទាំងនោះ៕